បារាំងពង្រឹងកម្លាំងដើម្បីទប់នឹងក្រុមជនវាយបំផ្លាញនៅក្នុងបាតុកម្មអាវកាក់លឿងលើកទី២៣
នៅក្នុងប្រទេសបារាំង ក្រុមអាវកាក់លឿនបន្តធ្វើបាតុកម្មជាថ្មីនាថ្ងៃសៅរ៍ ទី២០ មេសាដែលជាបាតុកម្មលើកទី២៣។ តែបាតុកម្មក្នុងថ្ងៃសៅរ៍នេះរៀបចំឡើង ប៉ុន្មានថ្ងៃក្រោយពីវិហារណូត្រ ដាម ដឺ ប៉ារីសបានរងការឆាបឆេះយ៉ាងដំណំ។ តែអ្វីដែលរដ្ឋអំណាចកំពុងបារម្ភខ្លាំងពេលនេះ គឺវត្តមានជាថ្មីរបស់ក្រុមជនវាយបំផ្លាញនៅក្នុងហ្វូងបាតុករអាវកាក់លឿង។ មានកម្លាំងប៉ូលិសប្រមាណជា ៦០ ០០០នាក់ត្រូវបានរដ្ឋអំណាចដាក់ពង្រាយនៅទូទាំងប្រទេស ក្នុងនោះ មានជាង ៥ ០០០នាក់សម្រាប់ក្រុងប៉ារីស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកគ្រីស្តូហ្វ កាស្តានែរបានសារភាពត្រង់ៗពីការរងចាំទង្វើវាយកម្ទេច និងអំពើហិង្សាជាយថាហេតុដែលជាកម្មវត្ថុរបស់ក្រុមជនវាយបំផ្លាញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៦
« យោងតាមព័ត៌មានដែលយើងទទួលបានពេលនេះ ក្រុមជនវាយបំផ្លាញនឹងវិលត្រឡប់មកជាថ្មីនាថ្ងៃសៅរ៍ ទី២០ មេសា។ ពួកគេនឹងចូលទៅទីក្រុងមួយចំនួន ពិសេសក្នុងទីក្រុងប៉ារីស។ សម្រាប់មនុស្សភាគច្រើន ក្រុមជនវាយបំផ្លាញមិនបានខ្វាយខ្វល់ និងសោកស្តាយចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅណូត្រ ដាម ដឺ ប៉ារីសទេ។
ផ្ទុយទៅវិញ មានជនវាយបំផ្លាញមួយចំនួនថែមទាំងបានចេញមុខអំពាវនាវលើបណ្តាញសង្គមឲ្យមានការជួបជុំ និងធ្វើបាតុកម្មនៅតាមផ្លូវសាធារណៈជុំវិញក្បែរវិហារណូត្រ ដាមទៀតផង។ មានជនវាយបំផ្លាញម្នាក់បានដាក់លើទំព័របណ្តាញសង្គមនូវរូបថតប្រធានាធិបតីសាធារណរដ្ឋមួយសន្លឹកទន្ទឹមគ្នានឹងរូបអគ្គិភ័យណូត្រ ដាមដោយសរសេរថា ថ្ងៃសៅរ៍ យើងនឹងធ្វើការសងសឹក យើងនឹងដាក់ក្រុងប៉ារីសនៅក្នុងអណ្តាតភ្លើង និងថ្លុកឈាម។
ដូច្នេះគេពិតជាអាចរងចាំនៅថ្ងៃសៅរ៍ដែលក្រុមជ្រុលនិយមស្វែងរកជាថ្មីម្តងទៀតនូវភាពវឹកវរ បង្កឲ្យមានភាពចលាចល និងរៀបចំជារូបភាព Black bloc។ គោលដៅតែមួយគត់របស់ពួកនេះ គឺដើម្បីប្រឈមតទល់នឹងកម្លាំងប៉ូលិស ញុះញង់ឲ្យមានការវាយកម្ទេច និងបង្កចេញនូវអំពើហិង្សា។ ខ្ញុំនឹងមិននិយាយអ្វីច្រើនជាងនេះទេ។
តែព័ត៌មានដែលយើងទទួលបានគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ការគំរាមកំហែងពិតជាមានប្រាកដមែន និងចាំបាច់ឲ្យយើងពង្រឹងកម្លាំងដើម្បីទប់ស្កាត់ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ