ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អឺរ៉ុប

បារាំង៖​ក្រុមសកម្មជន​ការពារ​បរិស្ថាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​សង្កាត់ជំនួញ​ក្នុង​ទីក្រុងប៉ារីស

media  
នៅ​បារាំង ​ក្រុមសកម្មជន​ការពារ​បរិស្ថាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​សង្កាត់ជំនួញ​ក្នុង​ទីក្រុងប៉ារីស Reuters

នៅ​ក្នុង​ប្រទេស​បារាំង ក្រុម​សកម្មជន​ការពារ​បរិស្ថាន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​សុក្រ ទី១៩ មេសា​នៅ​តាម​ទីកន្លែង​និមិត្តរូប​មួយ​ចំនួន​ក្នុង​សង្កាត់ជំនួញ ដូច​យ៉ាង​អាគារ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Total ឬ​អាគារ​ក្រុមហ៊ុន​អគ្គិសនី​ជា​ដើម។ កម្មវត្ថុ​នៃ​បាតុកម្ម​នេះ គឺ​ប្រឆាំង​តវ៉ា​នឹង​ការ​មិន​គិតគូរ​ពី​បញ្ហា​បរិស្ថាន។ ក្បួន​បាតុកម្ម​របស់​ក្រុម​សកម្មជន​ការពារ​បរិស្ថាន​នៅ​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​អង្គការ​ការពារ​បរិស្ថាន​មួយ​ឈ្មោះ « Extinction Rebellion » ទើប​បញ្ចប់​បេសកកម្ម​មួយ​សប្តាហ៍​ដូច​គ្នា​នៅ​អឺរ៉ុប ពិសេស​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។

មាន​ទីតាំង​និមិត្តរូប​ចំនួន ៤កន្លែង​ស្ថិត​ក្នុង​សង្កាត់ជំនួញ​ដែល​ក្រុម​សកម្មជន​ការពារ​បរិស្ថាន​បាន​ធ្វើ​សកម្មភាព​ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ២ ០០០នាក់ នេះ​ជា​ការ​បញ្ជាក់​របស់​ស្រ្តីអ្នកនាំពាក្យ​អង្គការ Greenpeace។ នៅ​ពី​មុខ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Total ក៏​ដូច​ជា​នៅ​ពី​មុខ​ក្រុមហ៊ុន​អគ្គិសនី​បារាំង ក្រុម​សកម្មជន​ការពារ​បរិស្ថាន​បាន​ឈរ​ប្រទាក់ដៃជើង​គ្នា​ដើម្បី​រារាំង​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ទាំង​នោះ។ ចំណែក​នៅ​លើ​ជញ្ជាំង​អាគារ​ធ្វើ​ពី​កញ្ចក់ មាន​បិទ​បដា​សរសេរ​ថា « ម៉ាក្រុង​ប្រធានាធិបតី​បំពុល​បរិយាកាស »។ សកម្មជនស្រ្តី​វ័យ ១៨ឆ្នាំ​ម្នាក់​មក​ពី​ខេត្ត​ឆ្ងាយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​មួយ​ចាប់​បង្ខំ​ក្រុមហ៊ុនពហុជាតិ​ឲ្យ​គោរព​តាម​កិច្ចសន្យា​ដែល​បាន​អនុម័ត​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ COP២១។

« យើង​មិន​អាច​បន្ត​ទ្រាំទ្រ​នឹង​សម្ព័ន្ធភាពជាតិពុល​រវាង​លោក​ម៉ាក្រុង និង​ក្រុមហ៊ុន​ពហុជាតិ​ដែល​ជា​អ្នក​បំពុល​បរិស្ថាន​ខ្លាំង​ជាង​គេ​បាន​ទៀត​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​សកម្មជន Greenpeace ម្នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា។ គួរ​រម្លឹក​ថា​ជា​ទូទៅ ក្រុម​សកម្មជន Greenpeace ច្រើន​បញ្ចេញ​សកម្មភាព​ប្រឆាំង​ដ៏​អស្ចារ្យ​ដោយ​សំរុក​ចូល​ក្នុង​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ឬ​មួយ​ក៏​តោង​ឡើង​លើ Toue Eiffel ជា​ដើម​ដើម្បី​ដាក់​លាត​ត្រដាង​ចង់​ផ្ទាំង​បដា​របស់​ពួក​គេ។ តែ​ការ​មក​ចូលរួម​ជាមួយ​ក្រុមសកម្មជន​ការពារ​បរិស្ថាន​ផ្សេង​ទៀត​ពេល​នេះ​ជា​រឿង​កម្រ​មាន។ លោក Pauline Boyer អ្នក​នាំ​ពាក្យ​សមាគម​បរិស្ថាន​ឈ្មោះ AVN-COP២១ បាន​គូសបញ្ជាក់​ថា សកម្មភាព​ដើម្បី​បុព្វហេតុ​បរិស្ថាន​ថ្ងៃ​នេះ​ជា​សកម្មភាព​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទេ។

ក្បួន​បាតុកម្ម​របស់​ក្រុម​សកម្មជន​ការពារ​បរិស្ថាន​នៅ​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​អង្គការ​ការពារ​បរិស្ថាន​មួយ​ឈ្មោះ « Extinction Rebellion » ទើប​បញ្ចប់​បេសកកម្ម​មួយ​សប្តាហ៍​ដូច​គ្នា​នៅ​អឺរ៉ុប ពិសេស​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ដោយ​មាន​មនុស្ស​រាប់សិប​ពាន់​នាក់​បិទខ្ទប់​ទីកន្លែង​និមិតត្តិរូប​ចំនួន ៥ ក្នុង​ទីក្រុង​ឡុងដ៏៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ