អំពើហិង្សាផ្លូវភេទ ៖ អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តដែលប្រហោងក្នុង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៣
ក្រោមសម្រែកទាមទាររកយុត្តិធម៌របស់ជនរងគ្រោះ នៅថ្ងៃអង្គារទី ២៣មេសា ២០១៩ ម្សិលមិញ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តមួយបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ ក្នុងជម្លោះប្រដាប់អាវុធ។ ប៉ុន្តែខ្លឹមសារនៃសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹង "សុខភាពផ្លូវភេទ និងការបន្តពូជ" ត្រូវបានកែសម្រួល លុបចុះ លុបឡើង ស្ទើរអស់ន័យជួយជនរងគ្រោះ ដើម្បីតម្រូវចិត្តសហរដ្ឋអាមេរិក ដែលគំរាមប្រើសិទ្ធិវ៉េតូប្រឆាំង។
កម្មវត្ថុដំបូងនៃគម្រោងសេចក្តីសម្រេចចិត្ត គឺប្រយុទ្ធប្រឆាំងនឹងការយក ការរំលោភផ្លូវភេទលើស្ត្រី មកធ្វើអាវុធ នៅពេលមានជម្លោះប្រដាប់អាវុធ។
គម្រោងសេចក្តីសម្រេចចិត្តនេះ ស្នើឡើងដោយអាល្លឺម៉ង់ ដែលជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសានេះ និងបានការគាំទ្រពីលោកស្រី អង់ហ្សេលីណា ជូលី តារាហូលីវ៉ូត ដែលជាសកម្មជនដ៏មុះមុតប្រឆាំងនឹងអំពើហិង្សាលើផ្លូវភេទ ព្រមទាំងបានការការពារពីសំណាក់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៨ គឺយុវតី Yézidie Nadia Murad និងលោកវេជ្ជបណ្ឌិតជាតិកុងហ្គោ Denis Mukwege ទៀត។
ជ័យលាភីរង្វាន់ណូបែលសន្តិភាពទាំងពីររូបនេះ បានដឹកនាំប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទលើស្ត្រី ឱ្យផុសផុលឡើង។ ហើយគឺអ្នកទាំងពីរដែលបានអំពាវនាវ ពីលើវេទិកាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យជួយស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះពីរំលោភផ្លូវភេទ ក្នុងពេលប្រទេសជម្លោះប្រដាប់អាវុធ។
អាមេរិកគំរាមប្រើសិទ្ធិប្រឆាំងវ៉េតូ
នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខក៏បានចេញសេចក្តីសម្រេចចិត្ត តាមរយៈការអនុម័ត ក្នុងសំឡេងគាំទ្រពីសំណាក់សមាជិកអចិន្ត្រៃយ៍និងមិនអចិន្ត្រៃយ៍ ចំនួន១៣ និងអនុប្បវាទចំនួន ពីរ គឺរុស្ស៊ី និងចិន។
ប៉ុន្តែដើម្បីបញ្ចៀសការប្រើសិទ្ធិប្រឆាំងវ៉េតូ គម្រោងសេចក្តីសម្រេចក៏ត្រូវបានកែសម្រួល និងលុបចំណុចសំខាន់ៗ ដែលជាវិធានការចំបងរបស់គម្រោងដើម ដូចជាលុបចោលការបង្កើតយន្តការតាមដាន និងជំរឿនអំពើហិង្សាផ្លូវភេទលើស្ត្រី។ សិទ្ធិសេរីភាពផ្លូវភេទ និងការបន្តពូជ របស់ជនរងគ្រោះ ត្រូវបានដកចេញពីគម្រោងសេចក្តីសម្រេចចិត្តដើមដែរ។ សេចក្តីសម្រេចចិត្តកើតចេញជារូបរាងមែន តែពុំសូវខ្លឹម។
ការតស៊ូមតិ មុនឈានដល់ការបោះឆ្នោតអនុម័ត មានលក្ខណៈ ស្វិតស្វាញខ្លាំងណាស់។ រុស្ស៊ីនិងចិន បានស្នើអត្ថបទច្បាប់ថ្មីមកប្រកួតប្រជែងនឹងច្បាប់ដើម។ ចិននិងរុស្ស៊ី ចង់ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទលើស្ត្រីដែរ តែប្រកាន់ខឹងនឹងពាក្យ ចោទប្រកាន់របស់អាល្លឺម៉ង់ជាម្ចាស់សំណេរ និងយល់ថាអាល្លឺម៉ង់ផ្តល់ដំណោះស្រាយថ្មីដើម្បីមានលេសបង្កើតស្ថាប័នថ្មី មកជាន់ស្ថាប័នចាស់ដែលមានស្រាប់។
ចំណែកសហរដ្ឋអាមេរិកវិញ បានគំរាមប្រើសិទ្ធិវ៉េតូប្រឆាំង នៅក្នុងអង្គប្រជុំវិសាមញ្ញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃទី ២៣មេសាម្សិលមិញ តែម្តង ដោយសារតែពាក្យមួយឃ្លាគត់។ នេះបើតាមសារព័ត៌មានអង់គ្លេស The Guardian។ ឃ្លានោះបានសរសេរស្នើ “ឱ្យគ្រប់ស្ថាប័នអង្គការសហប្រជាជាតិ និងម្ចាស់អំណោយ ផ្តល់ដល់គ្រប់ជនរងគ្រោះផ្លូវភេទ ដោយមិនរើសមុខ នូវការថែទាំសុខភាពទាំងស្រុង ជាពិសេសសុខភាពផ្លូវភេទ និងការបន្តពូជ ការថែទាំគាំទ្រសុខភាពផ្លូវចិត្ត ជំនួយផ្លូវច្បាប់ ព្រមទាំងសេវាកម្មផ្សេងទៀតចំពោះជនរងគ្រោះពិការ”។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក ដែលប្រឆាំងនឹងទង្វើរម្លូតកូន“សុខភាពផ្លូវភេទនិងការបន្តពូជ » ជាពាក្យដែលមានបង្កប់អត្ថន័យគាំទ្រ ការរម្លូតកូន។
ប្រទេសភាគច្រើន ស្រែកសោកស្តាយ តែអាមេរិកជាអ្នកសម្រេច
ប៉ុន្តែឃ្លានេះ ធ្លាប់មានចែងក្នុងសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០១៣មកម្ល៉េះ ! មានន័យថាអាមេរិកកំពុងប្តូរជំហរ! ហេតុដូច្នេះហើយបានជាមានប្រតិកម្មនិងការបរិហារខ្លាំង ពីគ្រប់ប្រទេសដែលមានប្រវត្តិជាសម្ព័ន្ធមិត្តនឹងគ្នាតាំងពីយូរយារមក។ ក្រុមប្រទេសអឺរ៉ុបខាងជើង ដូចជា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស និងស៊ុយអែត ដែលជាប់ឈ្មោះល្បីខាងលើកតម្កើងស្ត្រី បានចេញសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញការសោកស្តាយជាអនេក ថាសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ បានក្លាយជាអត្ថបទច្បាប់គ្មានខ្លឹមសារ ព្រោះមូលហេតុខ្លាចការគំរាមវ៉េតូរបស់អាមេរិក។
ភាន់ភាំង ! នេះជាប្រសាសន៍របស់ឯកអគ្គរដ្ឋទូតបារាំង ប្រចាំអង្គការសហប្រជាជាតិ លោក François Dalattre ដោយអះអាងទៀតថា “លែងយល់អ្វីទាំងអស់នៅពេលឃើញក្រុមប្រឹក្សាសន្តិសុខអសមត្ថភាពមិនអាចទទួលស្គាល់ថា ស្ត្រី ឬយុវតី ជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ ក្នុងជម្លោះប្រដាប់អាវុធ មានសិទ្ធិសម្រេចមិនពរពោះ »។ “សុខភាពផ្លូវភេទ និងការបន្តពូជ” មានចែងនៅក្នុងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៩ និង ២០១៣ បែរជាត្រូវលុបចោលទៅវិញ នៅឆ្នាំ២០១៩។
ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិម្សិលមិញនេះ ត្រូវបានមតិភាគច្រើនចាត់ទុក ថាជា ជាន់បញ្ឈប់ ឬជាការចង់សើរើសិទ្ធិស្ត្រីក្នុងស្ថានភាពសង្គ្រាមនិងជម្លោះប្រដាប់អាវុធ ដែលពិភពលោកបានសម្រេច និងគោរពអស់រយៈពេល២៥ឆ្នាំ មកហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ