អានតួអត្ថបទ

បារាំង ៖ ប្រធានាធិបតី​ថ្លែង​សុន្ទរកថា​ជាតិ​ដើម្បី​លួងលោម​ប្រជាពលរដ្ឋ

៥​ខែ​​ក្រោយចលនា​បាតុកម្ម​របស់​ក្រុម​អាវ​កាក់​លឿង និង​បី​ខែ​ក្រោយ​ការ​តស៊ូមតិ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង​៦​ល្ងាច​ ម៉ោង​នៅ​ស្រុក​បារាំង លោកប្រធានាធិបតី​ នឹង​ថ្លែង​សារ​ទៅ​កាន់​ប្រជាជាតិ ប្រាប់​អំពី​វិធានការ​ដែល​រដ្ឋាភិបាល​ត្រូវ​​​ធ្វើ។​ ​លោក ម៉ាក្រុង បាន​ដឹង​យ៉ាងច្បាស់​ថា សុន្ទរកថា​ជាតិ​យប់​នេះ មាន​សារៈ​សំខាន់​ខាន់​ណាស់ សម្រាប់​ផ្តល់​សន្ទុះ​ដល់​​រដ្ឋាភិបាល​របស់​លោក​វិញផង និង​សម្រាប់​ការ​បោះឆ្នោត​អឺរ៉ុប​ផង។

ប្រធានាធិបតី​បារាំង នឹង​ថ្លែង​សុន្ទរកថា​ ទៅ​កាន់​ប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​ មេសា ២០១៩
ប្រធានាធិបតី​បារាំង នឹង​ថ្លែង​សុន្ទរកថា​ ទៅ​កាន់​ប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​ មេសា ២០១៩ ©Christophe Petit Tesson/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី នឹង​ចាប់​ផ្តើម​ដោយ ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​ប្រជាជាតិរយៈ​ពេល​២០​នាទី បន្ទាប់​មកទើប​បើក​ឱ្យ​អ្នក​សារព័ត៌មានជាតិ​និង​បរទេស​សួរ។ ​សន្និសីទកាសែត​នឹង​ប្រព្រឹត្ត​ទៅរយៈ​ពេលប្រមាណ​​២ម៉ោង ​ប៉ុន្តែ​មិនមែន​ជា​ការ​តស៊ូ​មតិ​រវាង​ប្រមុខ​រដ្ឋ​និង​ពិភពលោក​អ្នក​សារព័ត៌មាន​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រភព​ស្និទ្ធ​ប្រធានាធិបតី។

សមាជិក​រដ្ឋាភិបាល ដែល​នាយករដ្ឋមន្ត្រី​បាន​កោះ​ហៅ​មក​ប្រជុំ​​ នៅ​​ថ្ងៃ​ទី ២៩​មេសា ខាង​មុខ ដើម្បីសម្រេច​ផែនការ​​របស់ប្រមុខ​រដ្ឋ ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​នោះ នឹង​បង្ហាញ​វត្តមាន​អម​លោក​ប្រធានាធិបតី​ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នេះ​ដែរ។

លទ្ធភាព​ចាយ​វាយ ការ​ចូលនិវត្តន៍ ប្រជាធិបតេយ្យ វិមជ្ឈកាល បរិស្ថាន សុខភាព ជនបទ ... ទាំង​នេះ​សុទ្ធ​សឹង​ជា​ប្រធានបទ​ដែល​ប្រជាពលរដ្ឋ​បារាំង​ រង់​ចាំ​ស្តាប់​ នៅល្ងាច​នេះ ថា​តើ​ប្រធានាធិបតី​នឹង​មាន​ដំណោះស្រាយ​យ៉ាងណា។ ប្រធានបទ​ដ៏​រសើប​បំផុត​មួយ​ទៀត គឺ​រយៈ​ពេល​ម៉ោង​ធ្វើ​ការ។

បើ​តាម​ព័ត៌មាន​​​បែក​​លេច​ធ្លាយ នៅ​ពេល​ប្រធានាធិបតី​បាន​លុបគម្រោង​​ថ្លែង​សុន្ទរកថា​​ដោយហេតុ​មាន​អគ្គិភ័យ​ឆេះ​វិហារ​ ណូត្រដាម​ដឺប៉ារីស កាលពី​ថ្ងៃ​ទី​១៥​មេសា ២០១៩ លោក ម៉ាក្រុង នឹង​មិន​ធ្វើ​ការ​ប្តូរ​ផ្លាស់​អ្វី​ឱ្យ​ស៊ីជម្រៅ​ទេ​ ប៉ុន្តែ​លោក​នឹង​ធ្វើ​ការ​ពន្យល់​លម្អិត​ ឬ​ក៏​អាច​ថែម​ថយ​វិធានការ​មួយ​ចំនួន​ប៉ុណ្ណោះ។ នេះ​បើ​ប្រភព​ស្និទ្ធ​នឹង​វិមាន​ប្រធានាធិបតី ដដែល។

លោកប្រធានាធិបតី​ នឹង​បញ្ជាក់​អំពី​លក្ខខណ្ឌ​នៃ​ការ​បញ្ចុះ​ ការ​បង់​ពន្ធ​ សម្រាប់​ប្រជាពល​រដ្ឋ​ថ្នាក់​កណ្តាល អំពី​ការគិត​គូរ​ជា​ថ្មី​​ដល់​អ្នក​មាន​ប្រាក់​និវត្តរ៍​ក្រោម​២ពាន់​អឺរ៉ូ ឬ​ជា​ការ​សន្យា​មិន​បិទ​សាលា មិនបិទ​មន្ទីរ​ពេទ្យ​ក្នុង​អាណត្តិ​របស់​លោក​ជា​ដើម។ គេ​ក៏​ទំនង​ជា​នឹង​បាន​ដឹង​ច្បាស់ អំពី​ព័ត៌មាន​ដែល​ថា​រដ្ឋាភិបាល​ចង់​ពន្យារ​ពេល​ម៉ោង​ធ្វើ​ការ ដើម្បី​បាន​ថវិកា​មក​ជួយ​ជន​ចាស់​ជរា។

ក្រៅ​អំពី​ក្រុម​អ្នក​បរិស្ថាន ដែល​សង្ឃឹម​ថា​នឹង​បាន​ឮ​ប្រធានាធិបតី​មាន​ចំណាត់​ការ​នាំ​ប្រទេស​ឆ្លង​អន្តរកាល​ថាមពល មេឃុំ​ចៅ​សង្កាត់ ក៏​ជា​អ្នក​រង់ចាំ​ស្តាប់​វិធានការ​របស់​លោក អេម៉ាណុយអែល ម៉ាក្រុង​ខ្លាំង​ជាង​គេ។ គឺពួកគាត់ ជា​អ្នក​ទទួល​សំណើនិង​រៀប​ចំការ​តស៊ូ​មតិ​ជាតិ ដើម្បី​រំងាប់​កំហឹង​របស់​ចលនា​អាវកាក់​លឿង។ ដូច្នេះ​លោកប្រធានាធិបតី​ ត្រូវ​ផ្តល់​ចម្លើយ​ដែល​មាន​ន័យ​ខ្លាំង​អាច​លួង​លោម​ប្រជាពលរដ្ឋ​បាន​ ព្រោះ​បើ​តាមការ​ស្ទង់​មតិ មាន​ប្រជាពលរដ្ឋ​បារាំង តែ ប្រមាណ​២៤%​ប៉ុណ្ណោះ ជឿ​ថា​ការ​តស៊ូមតិ​បី​ខែ​កន្លង​មក​នេះ អាច​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​បាន​ប្រសើរ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ