ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អឺរ៉ុប

តុលាការអង់គ្លេស កាត់ទោស​ដាក់​ពន្ធនាគារ​ស្ថាបនិក​វីគីលិក ជិត​មួយឆ្នាំ

media  
លោក​ Julian Assange ក្នុង​រថយន្ត​ដឹកអ្នក​ទោស​ ថ្ងៃទី ១ ឧសភា ២០១៩ REUTERS/Henry Nicholls

លោក ជូលៀន អាសាញ់ជ៍ (Julian Assange) ស្ថាបនិកវីគីលិក ដែល​ចាប់​មាន​ឈ្មោះ​ល្បី​លើ​ពិភពលោក នៅ​ឆ្នាំ​២០១០ បន្ទាប់​ពី​បាន​ផ្សពផ្សាយ​ឯកសារ​ជាង​៧០ម៉ឺន​ឯកសារ ស្តីពី​សកម្មភាព​យោធា និង​ការ​ទូត​អាមេរិក ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ ៥០​សប្តាហ៍ ពី​បទ​មិន​គោរព​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​សេរីភាព​បណ្តោះអាសន្ន កាលពី​ឆ្នាំ​២០១២។ នេះ​ជា​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡុងដ៍​ នៅ​ថ្ងៃពុធ​ទី ១ ឧសភា ឆ្នាំ​២០១៩។

កាលពី​ឆ្នាំ​២០១២ តុលាការក្រុង​ឡុងដ៍ ​Southwark បាន​ផ្តល់​សេរីភាព​បណ្តោះ​អាសន្ន ឱ្យ​ជូលៀន អាសាញ់ជ៍​ ដែល​ជាប់​អង្កេត​​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី​ជនជាតិ​ស៊ុយអែត ប៉ុន្តែ​ជន​ជាតិ​អូស្ត្រាលី​អាយុ​៤៧​ឆ្នាំរូប​នេះ បែរ​​​រត់​គេច​ទៅ​សំងំ​​ជ្រកកោន​​នៅ​ក្នុង​ស្ថានទូត​​អេក្វាទ័រ​ប្រចាំ​ទីក្រុង​ឡុងដ៍ ​គេច​ពី​តុលាការ​អង់គ្លេស និង​គេច​ពី​ការ​ធ្វើ​បត្យាប័ន​ទៅ​ស៊ុយអែត។ ៧​ឆ្នាំ​ក្រោយ​ ពោល​គឺ​នៅ​ថ្ងៃ​ទី ១១​មេសា ២០១៩ អាជ្ញាធរ​អេក្វាទ័រ​បាន​ហៅ​ប៉ូលិស​អង់គ្លេស​​មក​ចាប់​ដល់​ស្ថានទូត។

​ដូច​រាល់​លើក និង​នៅ​ថ្ងៃ​ពុធ​នេះ លោក ជូលៀន អាសាញ់ជ៍ បាន​បញ្ជាក់​​​ហេតុផលតែមួយ ដដែល ៖ ​​រត់គេច​ពី​តុលាការ​ដោយ​​​ខ្លាចអង់គ្លេស​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋ​អាមេរិក​ ដែល​ចោទ​លោក​ពីបទ​ឧក្រិដ្ឋ​​​អ៊ីនធ័រនែត។ នៅក្នុង​លិខិត​​ដែល​មេធាវី​អាន​នៅ​ចំពោះ​មុខ​ចៅក្រម លោក អាសាញ់ជ៍​បាន​ថ្លែង​សុំ​ទោស​ និង​សម្តែង​ការ​សោកស្តាយ​ចំពោះ​រឿង​ហេតុ​ដែល​កើត​ឡើង តែ​ពេល​នោះ​លោក​គិត​ថា​ជា​ជម្រើស​តែមួយ​គត់។ មេធាវី​របស់​លោក​អាសាញ់ជ៍​ថែម​ទាំង​បានបញ្ជាក់​ថា​កូន​ក្តី​ខ្លួន​មាន​ស្ថានភាព​ផ្សេង​និង​ខុស​ប្លែក​ពី​ប្រក្រតី​។

ប៉ុន្តែ​សម្រាប់​​​តុលាការ​អង់គ្លេស​ ការ​រត់​ទៅលាក់​ខ្លួន​នៅ​ស្ថានទូត មាន​ន័យ​ថា​ជនជាប់​ចោទ​ចង់​ប្រើ​អភ័យឯកសិទ្ធិ​​ដើម្បី​ស្ថិត​នៅ​ច្បាប់ មិន​គោរព​លក្ខខណ្ឌ​នៃ​សេរីភាព​បណ្តោះអាសន្ន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តុលាការ​​សម្រេច​​ ដាក់​ទោស​ស្ថាបនិក​វីគីលិក ធ្ងន់បំផុតមាន​ចែង​​ក្នុង​ច្បាប់​ គឺ​ត្រូវ​​ជាប់​ពន្ធនាគារ ៥០​សប្តាហ៍​។

តុលាការ​Westminster អង់គ្លេស​ក៏​នឹង​ចាប់​ផ្តើម​សិក្សា​​សំណើ​សុំ​ធ្វើ​បត្យាប័ន​រូប​ស្ថាបនិក​វីគីលិក​ ជូលៀន អាសាញ់ជ៍​របស់​អង់គ្លេស​ចាប់​ពី​ថ្ងៃព្រហស្បតិ៍​ទៅ​។ មេធាវី​របស់​លោក​ជូលៀន​ អាសាញ់ជ៍ គ្រោង​នឹងធ្វើ​តវ៉ា​ប្រឆាំង​នឹង​សំណើ​ធ្វើ​បត្យាប័ន​របស់​អាមេរិក​ ក្រោមហេតុផល​ថា ការ​ចាប់ខ្លួន​សា្ថបនិក​វីគីលិក ជា​តំណាង​គ្រោះថ្នាក់​សម្រាប់​ប្រព័ន្ធ​សារព័ត៌មាន​និង​អ្នក​កាសែត​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​បើ​តាម​មេធាវី ជំនាញ​ផ្នែក​បត្យាប័ន ការតវ៉ា​របស់​លោក ជូលៀន អាសាញ់ជ៍​ មាន​សំណាង​ឈ្នះ​តិច​ណាស់ ហើយ​អាច​ប្រើ​ពេល​អស់​យ៉ាងយូរ​ត្រឹម​ពី ១៨​ខែ​ទៅ​ពីរ​ឆ្នាំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ