អានតួអត្ថបទ
ហុងគ្រី

អង្គការ​សហប្រជាជាតិ​ចោទ​រដ្ឋាភិបាល​ហុងគ្រី​ថា បាន​បង្អត់អាហារ​ជនអន្តោប្រវេសន៍

អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​ទី ៣​ឧសភា បាន​ចោទប្រកាន់ រដ្ឋាភិបាល​ហុងគ្រី ថា បាន​បង្អត់​អាហារ ជនអន្តោប្រវេសន៍ ដែល​មិន​បាន​ទទួល​សិទ្ធិ​ជ្រកកោន នៅ​ប្រទេស​ហុងគ្រី។ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ហុងគ្រី ថា អមនុស្សធម៌ និង​ធ្វើ​ឲ្យជនអន្តោប្រវេសន៍ ខ្វះអាហារូបត្ថម្ភ​ដ៏សំខាន់។ 

ជនភៀសខ្លួន​នៅព្រំដែន​ហុងគ្រី និង​ស៊ែរប៊ី
ជនភៀសខ្លួន​នៅព្រំដែន​ហុងគ្រី និង​ស៊ែរប៊ី ©ATTILA KISBENEDEK / AFP
ផ្សាយពាណិជ្ជកម្ម

ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺណែវ បាន​ចោទប្រកាន់​ចំៗ រដ្ឋាភិបាល​ហុងគ្រី ថា​បាន​បង្អត់អាហារ ដោយ​ចេតនា ជនអន្តោប្រវេសន៍ណា ដែល​រដ្ឋាភិបាល បាន​បដិសេធ មិន​ផ្តល់​សិទ្ធិ​ជ្រកកោន​រួច​ហើយនោះ។

តាម​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ គេ​បាន​ទទួល​ព័ត៌មាន​ផ្ទាល់ ដែល​ថា ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៨ មក យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍ ប្រមាណ ២១​នាក់ ត្រូវ​បាន​អាជ្ញាធរ​ហុងគ្រី បដិសេធ​មិន​ផ្តល់​អាហារ មាន​ខ្លះ រហូត​ដល់​ទៅ ៥ថ្ងៃ។ ​លើកលែង​តែ​ស្រី្តមាន​ផ្ទៃពោះ ហើយ​និង​ម្តាយ​ដែល​នៅជាប់បំបៅកូន រាល់​មនុស្ស​ធំ ដែល ដែល​ត្រូវ​ប្រឈម​នឹង​ការបណ្តេញ​ចេញ​ពី​ទឹកដី​ហុងគ្រី ត្រូវ​បានអាជ្ញាធរ​ហុងគ្រី ផ្តាច់ជំនួយ មិន​ផ្តល់​អាហារ​អ្វី​ទាំងអស់។

កាលពី​ខែ​កញ្ញា​ឆ្នាំមុន ប្រធាន​ឧសត្តម​ស្នងការ​សិទ្ធិមនុស្ស លោកស្រី Michelle Bachelet បាន​ចោទប្រកាន់​ម្តងហើយ រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តី វិចទ័រ អរបាន ពី​បទ​ខកខាន មិន​ផ្តល់​អាហារ​ដល់​ជនអន្តោប្រវេសន៍ ដែល​នៅ​ជាប់​ក្នុង​ជំរំ នៅ​តំបន់​ឆ្លងកាត់ តាម​ព្រំដែន ហុងគ្រី និង ប្រទេស​ស៊ែរប៊ី។ តាមអ្នកនាំពាក្យ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅក្រោយ ការសម្រេច​របស់​តុលាការ​ សិទ្ធិ​មនុស្ស​អឺរ៉ុប រដ្ឋាភិបាល​ហុងគ្រី​ធ្លាប់​បាន​សន្យា​កែតម្រូវ​ខ្លួន​ឡើង​វិញ ប៉ុន្តែ ដោយសារ​តែ គ្មាន​ច្បាប់​ជាផ្លូវការ ហើយ​និង​ដោយសារ​ជំហរ​ប្រឆាំង​ជនអន្តោប្រវេសន៍ ពីសំណាក់​រដ្ឋាភិបាល​ហុងគ្រី សកម្មភាព​បង្អត់​អាហារ​ជនអន្តោប្រវេសន៍​នៅតែបន្ត​មាន​ដល់​សព្វថ្ងៃ។

នៅដើម​សប្តាហ៍នេះ នៅ​ក្នុង​អត្ថបទ​ផ្សព្វផ្សាយ​នៅលើ ប្លុកផ្លូវការ​របស់ខ្លួន រដ្ឋាភិបាល​ហុងគ្រី​បាន​អះអាងថា អ្នកដែល​កំពុង​សុំ​សិទ្ធិជ្រកកោន នៅ​ហុងគ្រី នៅតែ​មាន​សិទ្ធិ​ទទួល​បាន​អាហារ ហើយ​និង​កន្លែង​ស្នាក់នៅ ដូចមុន។ ប៉ុន្តែ ជាមួយគ្នានេះ រដ្ឋាភិបាល​ហុងគ្រី បាន​បញ្ជាក់​សង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹង​មិន​ទទួល​ខុសត្រូវ លើ​ជនអន្តោប្រវេសន៍ ដែល​មិន​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិជ្រកកោន ឬ​អ្នកដែល​ត្រូវ រដ្ឋាភិបាល​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ជ្រកកោន​នោះ​ទេ។ សម្រាប់ រដ្ឋាភិបាល​ក្រុង ប៊ូដាប៉េស ជនអន្តោប្រវេសន៍ ដែល​ត្រូវ​រដ្ឋាភិបាល​ បដិសេធ មិន​ផ្តល់​សិទ្ធិជ្រកកោន មាន​សិទ្ធិ​សេរីភាព ពេញទី ចាកចេញ ពី​ប្រទេស​ហុងគ្រី ចូល​ទៅ​ប្រទេស​ស៊ែរប៊ី​វិញ។

សម្រាប់ មន្រ្តី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ការបដិសេធ​មិន​ផ្តល់​អាហារ ដល់​ជនអន្តោប្រវេសន៍ ​មិនត្រឹមតែធ្វើឲ្យ​មាន ​បញ្ហា​ខ្វះអាហារូបត្ថម្ភ តែប៉ុណ្ណោះទេ ប៉ុន្តែ វាមាន​លក្ខណៈ​អមនុស្សធម៌​បំផុត។ ម្យ៉ាងវិញទៀត ការលើកឡើង​របស់​អាជ្ញាធរ​ហុងគ្រី​ដែល​ថា ជនអន្តោប្រវេសន៍ មាន​សេរីភាព ចាកចេញ ពី​ហុងគ្រី និង​ធ្វើដំណើរ​ចូល​ទៅ​ស៊ែរប៊ី គឺ​ជា​រឿង​ខុសទាំងស្រុង ព្រោះ​ថា ជនអន្តោប្រវេសន៍​នឹង​ប្រឈម​នឹង​ការចាប់ចង ដោយសារតែ​ឆ្លងដែន​ខុសច្បាប់ នៅ​ក្នុង​ប្រទេសស៊ែរប៊ី។

សម្រាប់​ការិយាល័យ​ការពារ​សិទ្ធិមនុស្ស ការបង្អត់អាហារ មនុស្ស​ដោយ​ចេតនា គឺ​រំលោភ​ច្បាប់​អន្តរជាតិ។ អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឲ្យគ្រប់​ប្រទេស​គោរព​កាតព្វកិច្ច និង​ករណីកិច្ច​របស់​ខ្លួន ដើម្បី ជួយ​ជនអន្តោប្រវេសន៍ ដែល​គ្មាន​សេរីភាព រស់នៅ​ក្នុង​តំបន់​ឆ្លងកាត់ និង​ដែល​មិនអាច​រកអាហារ​ដោយ​ខ្លួនឯងបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ