ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT

បារាំង៖ នរណាផ្តល់ថវិកាឱ្យគណបក្សនយោបាយ?

បារាំង៖ នរណាផ្តល់ថវិកាឱ្យគណបក្សនយោបាយ?
 
ប្រធានាធិបតី​បារាំង​ លោក ​ Emmanuel Macron ​ នៅ​ឱកាស​​ទិវា​បុណ្យ​ការងារ​​ទី​១​ ​​ឧសភា ​​ឆ្នាំ​ ២០១៩​​ REUTERS

នៅ​ក្នុង​បរិបទ​ប្រទេស​បារាំង គណបក្សនយោបាយត្រូវការប្រភព​ហិរញ្ញវត្ថុ ឬ​ថវិកា ​ដើម្បី​ធ្វើការឃោសនាបោះឆ្នោត ដូចជា ការ​ចំណាយ​លើ​ការជួល​សាលប្រជុំ ការ​រៀបចំ​សមាជគណបក្ស ឬការ​ជួបជុំផ្សេងៗ។ គណបក្ស​នយោបាយ​ក៏ត្រូវ​ចំណាយ​ផង​​ដែរ​​លើ​ការងារ​ប្រចាំថ្ងៃរបស់​ខ្លួន ដូចជា ការ​ចំណាយ​លើប្រាក់ឈ្នួល​សម្រាប់​សមាជិកអចិន្ត្រៃយ៍ ដែល​ទទួល​បន្ទុករៀបចំ​គោលនយោបាយ ឬ​ការ​អភិវឌ្ឍ​គណបក្ស។​ តើ​នរណាជាអ្នក​ផ្តល់ថវិកាឱ្យគណបក្សនយោបាយនៅបារាំង?

យោងតាម​ការចេញផ្សាយ​របស់ស្ថាប័ន Dessine-moi l'éco ដៃគូ​សហការ​របស់​កាសែត​បារាំង Le Monde.fr អាចមានប្រភព​ហិរញ្ញវត្ថុ ឬថវិកាពីរប្រភេទ សម្រាប់​គណបក្សនយោបាយ​ នៅក្នុង​ប្រទេស​បារាំង នោះគឺ ហិរញ្ញវត្ថុ​ឯកជន (Financements privés) និងហិរញ្ញវត្ថុ​សាធារណៈ (Financements publiques)។

ហិរញ្ញវត្ថុ​ឯកជនពាក់ព័ន្ធ​ទៅនឹង​ អំណោយ ឬជំនួយ​ ដែល​គណបក្ស​នយោបាយ​មួយ​អាច​ទទួល​បាន។ បុគ្គលម្នាក់​អាច​ផ្តល់​ថវិកាឧបត្ថម្ភរហូតដល់ ៧៥០០អឺរ៉ូ ក្នុង​មួយ​ឆ្នាំ ដើម្បីជួយ​គណបក្ស​មួយ ឬ​ច្រើន។ លើស​ពីនេះ បុគ្គល​ដែល​ជាសមាជិក​គណបក្ស​នយោបាយ​ផ្ទាល់​ ត្រូវចូលរួម​ថវិកាជា​ប្រចាំឆ្នាំ។ ចុងក្រោយ សមាជិក​គណបក្ស​ដែល​បាន​ជាប់​ឆ្នោត​ត្រូវចំណាយ​ជាភាគរយ​នៃ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ទៅឱ្យ​គណបក្ស។ ភាគរយ​នេះអាច​ប្រែប្រួល​អាស្រ័យទៅតាម​គណបក្ស​នយោបាយ​នីមួយៗ។ ជាសរុប ហិរញ្ញវត្ថុ​ឯកជន​របស់​គណបក្ស​នយោបាយនានា​នៅ​ក្នុង​ប្រទេស​បារាំង មាន​ប្រហែល​សរុបជាង ១០០លាន​អឺរ៉ូ ប្រចាំឆ្នាំ។

ហិរញ្ញវត្ថុ​សាធារណៈ​ ឯណោះវិញ អាច​មាន​ពីរទម្រង់​ធំៗ។ ទីមួយគឺ ​ហិរញ្ញវត្ថុ​សាធារណៈ​ផ្ទាល់ ដែល​គណបក្សនយោបាយ​ទទួល​បាន​ពី​រដ្ឋាភិបាល​បារាំង ដោយ​អាស្រ័យ​ទៅលើ លទ្ធផល​នៃការ​បោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ដ។ ចាប់តាំងពីឆ្នាំ​២០១៧ គណបក្ស​ La République en Marche ដែល​ជាចលនា​នយោបាយ​មួយ​ផ្តួចផ្តើម​ដោយ លោក​ Emmanuel Macron បាន​ទទួល​ថវិកាច្រើន​ជាង ១០លាន​អឺរ៉ូ ក្នុ​ងមួយ​ឆ្នាំ ខណៈគណបក្ស La France Insoumise ទទួល​បាន​ប្រហែល​ជាង ៣,៧លាន​អឺរ៉ូ ប៉ុណ្ណោះ ក្នុ​ងមួយ​ឆ្នាំ។

ថវិកានេះ​ក៏អាស្រ័យ​ផងដែរ​ទៅ​លើ​ចំនួនសមាជិក​សភាដែល​គណបក្ស​នយោបាយ​​មួយ​មាន​។ ជាឧទាហរណ៍ ដោយមាន​ សមាជិកសភា ចំនួន​១០៤រូប និង​សមាជិកព្រឹទ្ធសភា ចំនួន១៣៩រូប គណបក្ស les Républicains ទទួល​បាន​ច្រើនជាង ៩លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំ។ ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវបាន​កំណត់​ ជា​រៀង​រាល់​​ប្រាំឆ្នាំម្ដង ហើយ​ចំនួន​ថវិកាសរុប សម្រាប់​គណបក្ស​នយោបាយនានា​ក្នុង​ប្រទេស​បារាំង​​ អាច​មាន​ប្រហែល​ ៦៦​លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។

ទីពីរគឺ ហិរញ្ញវត្ថុ​សាធារណៈមិន​ផ្ទាល់ ដែល​រដ្ឋ​​យល់ព្រម​បញ្ចុះ​ការបង់ពន្ធ​ សម្រាប់​​បុគ្គល​ទាំង​ឡាយ​ណា ដែល​ផ្តល់​ថវិកា​ជំនួយ​ដល់គណបក្សនយោបាយ។ ក្នុង​ន័យ​នេះ ប្រមាណ ៦៦ភាគរយ​នៃ​ថវិកា​ជំនួយរបស់​ពួកគេ​នឹង​ត្រូវ​សង​មក​ឱ្យ​ពួកគេវិញ។ ដូច្នេះ បុគ្គលម្នាក់​ដែល​បាន​ផ្តល់​ថវិកា​ប្រមាណ ៧៥០០អឺរ៉ូ ក្នុង​មួយ​ឆ្នាំ អាចទទួល​បាន​អត្ថប្រយោជន៍នៃការ​កាត់បន្ថយពន្ធ​រហូតដល់ ៤៩៥០អឺរ៉ូ ក្នុង​មួយ​ឆ្នាំ។

ទោះជាយ៉ាងណា ប្រព័ន្ធ​នៃ​ការ​អនុវត្តរបៀប​នេះ ក៏​ត្រូវ​បាន​ប្រឆាំងតវ៉ាផងដែរ ដោយ​ហេតុផល​យ៉ាង​ច្រើន។ ជាឧទាហរណ៍ ហិរញ្ញវត្ថុសាធារណៈផ្ទាល់ ដែល​អាស្រ័យលើ​លទ្ធផល​នៃ​ការ​បោះឆ្នោត ត្រូវបាន​គេ​មើល​ឃើញថា មិន​អំណោយ​ផលដល់​ការ​លេចឡើង​នៃ​គណបក្ស​នយោបាយ​ថ្មីៗនោះទេ ព្រោះថា​គណបក្ស​ទាំងនោះអាចពឹងផ្អែក​តែទៅលើ​ហិរញ្ញវត្ថុឯកជន។ លើសពីនេះ គ្រួសារ​ដែល​មិន​ចំណាយ​ការ​បង់ពន្ធលើ​ប្រាក់​ចំណូល ដែល​ស្មើប្រមាណ ៥០ភាគរយ នឹង​មិន​បាន​ទទួល​អត្ថប្រយោជន៍នៃ​ការ​កាត់បន្ថយ​ពន្ធ​នោះទេ។ ដូច្នេះ មាន​តែ​គ្រួសារដែល​មាន​ចំណូល​ខ្ពស់ ហើយ​​មាន​ផលប្រយោជន៍ក្នុង​ការ​ផ្តល់​ថវិកាឧបត្ថម្ភ​ដល់​គណបក្ស​នយោបាយទេ ទើប​ពួកគេ​បរិច្ចាគថវិកា។

ក្នុង​ស្ថានភាព​ប្រទេស​បារាំងជារួម មាន​ត្រឹមតែ​ប្រមាណ ០,៧៩ ភាគរយ​នៃ​គ្រួសារ​បារាំងសរុបជាមធ្យម បាន​ផ្តល់ថវិកា​ជួយគណបក្ស ក៏ប៉ុន្តែ តួលេខនេះ​មានរហូត​ដល់​​ជាង ១០ភាគរយ​នៃគ្រួសារបារាំងដែល​មានចំណូលខ្ពស់​បំផុត។ ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធមាន​ភាពស្មើគ្នាជាងមុន មានមតិ​ជាច្រើន​លើកឡើងអំពី ការ​កំណត់​ថវិកា​ឧបត្ថម្ភ​តែ ២០០អឺរ៉ូ ក្នុង​មួយ​ឆ្នាំ សម្រាប់​មនុស្សម្នាក់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ