អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​ដាក់​ទណ្ឌកម្ម​បន្ថែមមួយ​ទៀត​លើ​ការនាំចេញ​​ដែក​​​របស់​អ៊ីរ៉ង់

អ៊ីរ៉ង់​កំពុង​រងការដាក់​សម្ពាធ ពី​ក្រុម​ប្រទេស​លោក​ខាង​លិច។ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ប្រធានាធិបតី​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​បន្ថែម​ទៀត ទៅ​លើ​ការនាំចេញ​ដែក អាលុយមីញ៉ូម របស់​អ៊ីរ៉ង់ ប្រទេស​នៅអឺរ៉ុប​ដែល​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​បដិសេធ​ទាត់ចោល ឱសានវាទ ៦០​ថ្ងៃ ដែល​អ៊ីរ៉ង់​បាន​ដាក់​ទៅ​លើ​អឺរ៉ុប បើសិន​គេ មិន​ចង់ ឃើញ​អ៊ីរ៉ង់​លែង​គោរពធ្វើ​តាម​ចំណុច​ផ្សេងទៀត​របស់​កិច្ចព្រមព្រៀង។ 

លោកដូណាល់ ត្រាំ នៅសេតវិមាន នៅក្រោម​ក្រសែភ្នែក​របស់​ទីប្រឹក្សា​សន្តិសុខជាតិ លោក​ចន បុលតុន នៅថ្ងៃទី៣​ឧសភា ២ឥ១៩
លោកដូណាល់ ត្រាំ នៅសេតវិមាន នៅក្រោម​ក្រសែភ្នែក​របស់​ទីប្រឹក្សា​សន្តិសុខជាតិ លោក​ចន បុលតុន នៅថ្ងៃទី៣​ឧសភា ២ឥ១៩ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម នៅថ្ងៃ​ព្រហស្បតិ៍នេះ បារាំង អាល្លឺម៉ង់ អង់គ្លេស និង​សហភាពអឺរ៉ុប ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ អ៊ីរ៉ង់ បានបដិសេធ មិន​ទទួលយក​ឱសានវាទ​ ដាក់​ដោយ​ភាគី​អ៊ីរ៉ង់​នោះ​ទេ។ នៅ​ថ្ងៃ​ពុធ ម្សិលមិញ ទីក្រុង​តេហេរ៉ង់ បាន​ដាក់​សម្ពាធ ទុកពេល​ឲ្យ​ប្រទេស​ហត្ថលេខី អឺរ៉ុប ចំនួន ៦០ថ្ងៃ ដើម្បី​ចាត់វិធានការ​ជាក់ស្តែង ការពារ​ផលប្រយោជន៍​អ៊ីរ៉ង់ ជាពិសេស ក្នុង​វិស័យ សំខាន់​ពីរ គឺ ការនាំចេញ​ប្រេង ហើយ​និង​វិស័យ​ធនាគារ​ហិរញ្ញវត្ថុ ដែល​កំពុង​រង ជាប់ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

សម្រាប់​ភាគី​អឺរ៉ុប គេ​មិន​អាច​ទទួល​យក​ឱសានវាទ​របស់​អ៊ីរ៉ង់។ ផ្ទុយទៅវិញ គេ​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់ អត់ធ្មត់ កុំ​បង្ក​បញ្ហា ដើម្បី​កុំ​ឲ្យ​ស្ថានភាព​កាន់តែ​ចុះ​អាក្រក់​មួយកម្រិតទៀត។ ក្រុមប្រទេស​អឺរ៉ុប សំដែង​ការព្រួយបារម្ភ ផងដែរ នៅបន្ទាប់ ពី​លឺ​ការប្រកាស​របស់​ប្រធានាធិបតី អ៊ីរ៉ង់ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ថា អ៊ីរ៉ង់ នឹង​ឈប់​អនុវត្ត​កិច្ចសន្យា​មួយចំនួន ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥។ តាម​លោកប្រធានាធិបតី ហាសាន់ រ៉ូហានី អ៊ីរ៉ង់​នឹង​ឈប់​គោរព​ធ្វើតាម​កិច្ចសន្យា ដែល​មាន​ទាក់ទង​នឹង​ផលិតកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រាញ់​រួច ហើយ​និង​ផលិតកម្ម​ទឹកធ្ងន់។ មានន័យថា អ៊ីរ៉ង់​នឹង​ឈប់​បញ្ជូន​អ៊ុយរ៉ាញ៉ូម​ចម្រាញ់​រួច ដែល​លើស​ចំនួន​ទៅ​កាន់​បរទេស ដូច​ដែល​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ បាន​ចាប់​តម្រូវ​អ៊ីរ៉ង់ រហូតមក។

ប្រតិកម្ម​ភ្លាម​ទៅ​នឹង​ការប្រកាស​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ នៅ​ល្ងាច​ថ្ងៃ​ពុធម្សិលមិញ បាន​ប្រកាស​ដាក់បញ្ចូល​ដែក អាលុយមីញ៉ូម និង​ស្ពាន់​របស់​អ៊ីរ៉ង់ ទៅក្នុង​បញ្ជីរ​ទណ្ឌកម្ម សេដ្ឋកិច្ច បន្ថែម​ពី​លើ​វិស័យ​ប្រេង និង​ធនាគារ​របស់​អ៊ីរ៉ង់។

នៅក្នុងសារ​ទ្វីតធ័រ សំដៅ​ទៅកាន់​ប្រទេស​ដែល​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ បាន​សរសេរថា អាមេរិក​នឹង​មិនអត់ឱន យោគយល់ ប្រទេសណា ដែល​អនុញ្ញាត ឲ្យ​ទិញ នាំចូល ដែក និង​លោហៈ​របស់​អ៊ីរ៉ង់​នោះ​ទេ។ ដោយ​ហាម​មិន​ឲ្យ​គេ​ទិញ នាំចូល​ដែកថែប និង​លោហៈ ដែល​តំណាង​ឲ្យ​១០ភាគរយ នៃ​ប្រាក់ចំណូល ជាតិ​អ៊ីរ៉ង់ ប្រធានាធិបតី​អាមេរិក សង្ឃឹម​បិទ​ផ្លូវដង្ហើម​ចំណូល​សេដ្ឋកិច្ច​សំខាន់ៗ​របស់​អ៊ីរ៉ង់។

ទោះបី​អាមេរិក​បង្កើន​ទណ្ឌកម្ម​សេដ្ឋកិច្ច នៅក្រោយ​ដើរចេញ​ពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស និង​សហភាព​អឺរ៉ុប​វិញ ប្តេជ្ញា គោរព ធ្វើ​តាម​កិច្ចព្រមព្រៀង និង​ប្រឹងប្រែង​រក​មធ្យោបាយ​ដើម្បី​អាច​បន្ត​ធ្វើ​ពាណិជ្ជកម្មជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ ក្នុង ករណី​ណា​ដែល​អ៊ីរ៉ង់ គោរព អនុវត្ត ទាំងស្រុង កិច្ច​ព្រមព្រៀង​អន្តរជាតិ​ស្តីពីនុយក្លេអ៊ែរ ឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ