អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ីដាក់ឲ្យដំណើរការ នាវាមុជទឹកបំពាក់ដោយនាវាមុជទឹកដ្រូន ដំបូងគេបង្អស់​នៅក្នុងលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ ថ្ងៃ ២៣ មេសា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានដាក់ឲ្យដំណើរការ នាវាមុជទឹក ដ៏​សែនទំនើបផ្ទុកទៅដោយ នាវាមុជទឹកដ្រូនគ្មានអ្នកបើកបរ ក្រោមឈ្មោះថា Poseidon ដែល តាមមតិអ្នកជំនាញយោធារុស្ស៊ី គឺតាំងគោលដៅ សម្រាប់​វាយប្រហារទៅលើនាវាផ្ទុកយន្ដហោះ របស់ សរអា ជាដើម។ ចំណែកមន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក អះអាងថា នាវាមុជទឹកដ្រូន Poseidon ត្រូវបាន​រុស្ស៊ី​បង្កើតឡើង ដើម្បីកំទេចនាវាមុជទឹកនុយក្លេអ៊ែរអាមេរិកាំង បូកទាំងមូលដ្ឋាននៃ​នាវានេះទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់ ទោះបីរុស្ស៊ី បន្តបំពេញកម្មវិធីជាតិខាងបំពាក់សព្វាវុធទំនើបៗ ដល់ កងទ័ពខ្លួនក្តី ក៏ខាងខ្ទង់ចំណាយយោធា តាមទិន្នន័យរបស់​វិទ្យាស្ថាន​ក្រុងStockholm ខាងស្រាវជ្រាវបញ្ហា សន្តិភាព SIPRI ឥឡូវ បែរជាលែងស្ថិតនៅក្នុងក្រុម ៥ ប្រទេសនាំមុខគេ ខាងខ្ទង់ចំណាយសម្រាប់វិស័យការពារជាតិ។

នាវា​មុជទឹក​រុស្ស៊ី ប្រភេទ​ Akula (រូបតំណាង)
នាវា​មុជទឹក​រុស្ស៊ី ប្រភេទ​ Akula (រូបតំណាង) (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

នាវាមុជទឹកដ៏​សែនទំនើប ដែលត្រូវបាន​បញ្ចុះពី​ការដ្ឋាន​សំណង់​ទៅ​ក្នុង​ទឹក សម្រាប់​ដំណើរការ ក្នុង​កង​នាវាសមុទ្រ​រុស្ស៊ី នាពិធីដ៏ឧឡារឹក ថ្ងៃ ២៣ មេសា ក្រោមអធិបតីភាព លោកប្រមុខរដ្ឋ វ៉្លាឌីមៀរ ពូទីន មានឈ្មោះថា Belgorod ។ នាវាបែបនេះ នៅក្នុងលោក​ពុំទាន់​មាន​ប្រទេស​ណា​មាន​ដូច​ឡើយ។ លក្ខណៈ​ឯក​របស់វា គឺនៅត្រង់​វាផ្ទុក​ទៅដោយ នាវាមុជទឹកដ្រូន​គ្មានអ្នកបើកបរ ក្រោម​ឈ្មោះ​ថា Poseidon ដល់​ទៅ ៦ គ្រឿង ដែល​ត្រូវ​ក្រុម​អ្នកកាសែត​បស្ចិមលោក​នាំគ្នា​ហៅ ​ ថាជា Monstre marin ( វត្ថុដ៏សំបើមគួរឲ្យខ្លាច នៅក្នុងសមុទ្រ )។

អំពី​ការស្រាវជ្រាវ​ផលិត​បាន​ជា នាវាមុជទឹកដ្រូន​គ្មាន​អ្នកបើកបរ Poseidon លោកប្រធានាធិបតី ពូទីន ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ កាលពីមួយឆ្នាំមុន តាមរយៈសារ​ប្រចាំឆ្នាំ ដែល​គាត់​បាន​ថ្លែងទៅកាន់រដ្ឋសភា ថ្ងៃ ១ មីនា ឆ្នាំ ២០១៨ ។ Poseidon ជានាវាដ្រូន​ក្នុង​ទឹក បំពាក់​ដោយ​រំសេវ​នុយក្លេអ៊ែរ ដែលគ្មានអ្វីអាច​ទប់ស្កាត់​ចលនា​របស់វាបាន​ឡើយ។

ពិធីសម្ពោធ​បញ្ចុះ​នាវា​មុជទឹក Belgorod បាន​ប្រព្រឹត្តទៅ នៅផែ​ជាការដ្ឋាន Severomorsk នៃ​សមុទ្រ ឧត្តរ​របស់​រុស្ស៊ី ។ លោក​ប្រធានាធិបតី បាន​សម្ពោធ​ពិធី​នេះ គឺតាម ស្ពានទូរទស្សន៍ ពេលគាត់​វត្តមាននៅ​ក្រុង Saint-Petersbourg ជាទី​ដែល​គាត់​បានចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ ការសាងសង់​នាវាចម្បាំង ប្រភេទថ្មី​បំផុត ធុន Frégate ចំនួន​ពីរគ្រឿងទៀត ដែលក៏នឹងបំពាក់ ដោយអាវុធ​សែនទំនើបដែរ។

ក្នុងឱកាសនោះ លោក ប្រធានាធិបតី ពូទីន បានថ្លែងសុន្ទរកថា ដោយលើកឡើងជាអាទិ៍​ ៖

-“ខ្ញុំសង្ឃឹមថា ការសាងសង់នាវាថ្មីពីរគ្រឿងនោះ នឹងចប់​ក្នុងថិរវេលា ដូចដែលមានគ្រោងទុក។ ការនេះ សំខាន់ជាគោលការណ៍ សម្រាប់បំពេញផែនការទ្រង់ទ្រាយធំ ខាងពង្រឹងកងនាវាយើង សម្រាប់ការពារ​ព្រំដែនសមុទ្រ​របស់សហព័ន្ធរុស្ស៊ី សម្រាប់​ការពារផលប្រយោជន៍យើង​ក្នុង​លំហ​មហាសមុទ្រពិភពលោក ។

-​ខ្ញុំសូមកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយ ការផ្លាស់ប្តូរ​មុខមាត់​កង​នាវាយើង ប្រព្រឹត្តទៅ​ដោយចង្វាក់ កើនឡើង។ នេះគឺ ទាំងការងារសម្រាប់អនាគត ហើយការងារបែបនេះ មានច្រើនដែលត្រូវធ្វើ។ ម៉្លោះហើយ បានជាយើងចាំបាច់ ត្រូវតែគាំទ្រដល់វិស័យសាងសង់នាវា បង្កើនការបណ្តុះបណ្តាល ក្របខ័ណ្ឌ និង សក្តានុពលវិទ្យាសាស្ត្រ បច្ចេកទេស សម្រាប់វិស័យនេះ។

-យ៉ាងណាមិញ ចាប់ពីឆ្នាំ ២០១២ មក មាននាវាចម្បាំងថ្មីៗ ធំតូច ជាង ៨០ គ្រឿង ត្រូវបានសង់ឡើង ហើយ​ចូលខ្លួន​បម្រើ​កងទ័ពយើងទៅហើយ ក្នុងនោះ មាន នាវាមុជទឹក ៣ គ្រឿង ដែលបំពាក់ ទៅដោយ មីស៊ីលយុទ្ធសាស្ត្រ ( អន្តរទ្វីប ) នាវាមុជទឹកពហុគោលដៅ ចំនួន ៧ គ្រឿង និង នាវាលើ ផ្ទៃទឹក ២១ គ្រឿង។” នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោកប្រមុខរដ្ឋ។

 

ក្រសួងការពារជាតិរុស្ស៊ី អំពី នាវាមុជទឹកដ្រូនគ្មានអ្នកបើកបរ Poseidon

 

-កាលពីដើមទី នាវាមុជទឹកដ្រូននេះ មានឈ្មោះថា Status-6 (បក្សសម្ព័ន្ធ OTAN ហៅវាថា Kanyon)។

​- ការ​​បំពាក់នាវាមុជទឹករុស្ស៊ី គឺស្របនឹងកម្មវិធីរដ្ឋ​ខាងកែប្រែ​មុខមាត់​សព្វាវុធ​កងទ័ពរុស្ស៊ី ឲ្យកាន់តែទំនើប - កម្មវិធីនេះ គ្រោងសម្រេចឲ្យបាន ពីឆ្នាំ ២០១៨ ដល់ ២០២៧។

-Poseidon មានទម្រង់ជា គ្រាប់បែកបុក Torpille ដែលតួខ្លួន មានប្រវែងដល់ ២០ ម៉ែត្រ និង វីជ្ឈមាត្រ តួខ្លួន ១,៨ ម៉ែត្រ និង​មាន​ទម្ងន់ដល់ ១០០ តោន។

- មុជដល់ជម្រៅ ១ គីឡូម៉ែត្រ ល្បឿនប្រតិបត្តិការ អាច​ដល់ ២០០ គម ក្នុង ១ ម៉ោង ដែល ២ ដង លឿនជាង ល្បឿនលឿនបំផុត នៃ នាវាមុជទឹកសែនទំនើបសព្វថ្ងៃ ត្រឹមតែ ១០០ គម ក្នុង ១ ម៉ោង។

-ដោយហេតុថា Poseidon បំពាក់ដោយ Moteur nucleaire បានជាវង់សកម្ម របស់វា មិនអាស្រ័យ នឹង ចម្ងាយដែលវាប្រតិបត្តិការឡើយ បានន័យថា ប្រតិបត្តិការទៅចម្ងាយណាក៏បាន ហើយចលនាវាគឺ ស្ងាត់ៗ ទាល់តែមិនអាចសង្កេតឃើញ ដោយ រ៉ាដា នាវាមុជទឹកផ្សេង។ ​​​​​​​​​​

 

មតិ ក្រសួងការពារជាតិ សរអា ៖

Poseidon ត្រូវរុស្ស៊ី បង្កើតឡើង គឺ ដើម្បី កំទេច នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកាំង បូកទាំងមូលដ្ឋាន នាវានេះផង។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា បើ គិតពីឆ្នាំ ២០០៦ មក រុស្ស៊ី ជាលើកទី ១ បានចាកចេញ ពីក្រុម ៥ ប្រទេសនាំមុខគេ ខាងទំហំចំណាយសម្រាប់ផ្នែក ការពារប្រទេស។

ថ្វីត្បិតតែ ក្នុងលោក ការចំណាយសម្រាប់វិស័យការពារប្រទេស ចេះតែកើនឡើងក្តី ក៏រុស្ស៊ី អស់ ៤ ឆ្នាំ ជាប់ មកហើយ រមែងកាត់បន្ថយខ្ទង់ចំណាយយោធា។ មកពីមូលហេតុនេះ រុស្ស៊ី ត្រូវបាន នាំ​មុខ​ ដោយបារាំង ហើយជាលើកទី ១ គិតពីឆ្នាំ ២០០៦ មក ស្រាប់តែខ្ទាតចេញពី ក្រុម ៥ ប្រទេសនាំមុខគេ ខាងទំហំ ប្រាក់ចំណាយផ្នែកការពារប្រទេស។

ស្របនឹង របាយការណ៍ចេញ ច្ងៃ ២៩ មេសា ដោយ វិទ្យាស្ថានក្រុង Stockholm ខាងស្រាវជ្រាវបញ្ហា សន្តិភាព SIPRI ៖ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ខ្ទង់ចំណាយយោធារបស់រុស្ស៊ី គឺ ៦១.៤០០ លាន ដុល្លារ ។ ចាប់ពី ឆ្នាំ ២០១៧ មក ខ្ទង់ចំណាយយោធាប្រទេសរុស្ស៊ី បានថយចុះ អស់ ៣,៥%។

បែបដូច្នេះ រុស្ស៊ី ធ្លាក់ទៅជាប់លេខ ៦ ក្នុង តារាងចំណាត់ថ្នាក់ នៃប្រទេសក្នុងលោក ខាងទំហំចំណាយ សម្រាប់វិស័យការពារប្រទេស។ ក្នុងតារាងនេះ ៖

-ជាប់លេខ ១ នាំមុខគេ ដូចមុនដដែល គឺ សរអា ដែលនៅ​ក្នុងឆ្នាំ ២០១៨ បានចំណាយ លើសឆ្នាំ ២០១៧ ក្នុងកម្រិត ៤,៦% ហើយមានទឹកប្រាក់ដល់ទៅ ៦៤៩ .០០០ លាន ដុល្លារឬ​ ជាងពីរ ដង ច្រើនជាង ប្រទេសចិន ដែល ជាប់លេខ ២ ដោយទឹកប្រាក់ចំណាយ សម្រាប់ វិស័យ ការពារជាតិ គឺ ២៥០.០០០ លាន ដុល្លារ ( ៥% លើសឆ្នាំ ២០១៧ )។

ក្រៅពី សរអា និង ចិន ក្នុងក្រុម ៥ ប្រទេសនាំមុខគេ ខាងចំណាយយោធា ក៏ មាន អារ៉ាប៊ី សាអ៊ូឌីត ឥណ្ឌា និង បារាំង។ ទំហំចំណាយវិស័យយោធាក្នុងលោក គឺដល់ ទៅ ១.៨២២ ០០០ លាន ដុល្លារ ដែល ពីក្នុងនោះ ៣,៤% ធ្លាក់មកលើ រុស្ស៊ី និង ៣៤% ធ្លាក់ទៅលើ សរអា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ