រុស្ស៊ីដាក់ឲ្យដំណើរការ នាវាមុជទឹកបំពាក់ដោយនាវាមុជទឹកដ្រូន ដំបូងគេបង្អស់នៅក្នុងលោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៥
កាលពី ថ្ងៃ ២៣ មេសា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានដាក់ឲ្យដំណើរការ នាវាមុជទឹក ដ៏សែនទំនើបផ្ទុកទៅដោយ នាវាមុជទឹកដ្រូនគ្មានអ្នកបើកបរ ក្រោមឈ្មោះថា Poseidon ដែល តាមមតិអ្នកជំនាញយោធារុស្ស៊ី គឺតាំងគោលដៅ សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្ដហោះ របស់ សរអា ជាដើម។ ចំណែកមន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក អះអាងថា នាវាមុជទឹកដ្រូន Poseidon ត្រូវបានរុស្ស៊ីបង្កើតឡើង ដើម្បីកំទេចនាវាមុជទឹកនុយក្លេអ៊ែរអាមេរិកាំង បូកទាំងមូលដ្ឋាននៃនាវានេះទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់ ទោះបីរុស្ស៊ី បន្តបំពេញកម្មវិធីជាតិខាងបំពាក់សព្វាវុធទំនើបៗ ដល់ កងទ័ពខ្លួនក្តី ក៏ខាងខ្ទង់ចំណាយយោធា តាមទិន្នន័យរបស់វិទ្យាស្ថានក្រុងStockholm ខាងស្រាវជ្រាវបញ្ហា សន្តិភាព SIPRI ឥឡូវ បែរជាលែងស្ថិតនៅក្នុងក្រុម ៥ ប្រទេសនាំមុខគេ ខាងខ្ទង់ចំណាយសម្រាប់វិស័យការពារជាតិ។
នាវាមុជទឹកដ៏សែនទំនើប ដែលត្រូវបានបញ្ចុះពីការដ្ឋានសំណង់ទៅក្នុងទឹក សម្រាប់ដំណើរការ ក្នុងកងនាវាសមុទ្ររុស្ស៊ី នាពិធីដ៏ឧឡារឹក ថ្ងៃ ២៣ មេសា ក្រោមអធិបតីភាព លោកប្រមុខរដ្ឋ វ៉្លាឌីមៀរ ពូទីន មានឈ្មោះថា Belgorod ។ នាវាបែបនេះ នៅក្នុងលោកពុំទាន់មានប្រទេសណាមានដូចឡើយ។ លក្ខណៈឯករបស់វា គឺនៅត្រង់វាផ្ទុកទៅដោយ នាវាមុជទឹកដ្រូនគ្មានអ្នកបើកបរ ក្រោមឈ្មោះថា Poseidon ដល់ទៅ ៦ គ្រឿង ដែលត្រូវក្រុមអ្នកកាសែតបស្ចិមលោកនាំគ្នាហៅ ថាជា Monstre marin ( វត្ថុដ៏សំបើមគួរឲ្យខ្លាច នៅក្នុងសមុទ្រ )។
អំពីការស្រាវជ្រាវផលិតបានជា នាវាមុជទឹកដ្រូនគ្មានអ្នកបើកបរ Poseidon លោកប្រធានាធិបតី ពូទីន ធ្លាប់បានបង្ហើបឲ្យដឹង កាលពីមួយឆ្នាំមុន តាមរយៈសារប្រចាំឆ្នាំ ដែលគាត់បានថ្លែងទៅកាន់រដ្ឋសភា ថ្ងៃ ១ មីនា ឆ្នាំ ២០១៨ ។ Poseidon ជានាវាដ្រូនក្នុងទឹក បំពាក់ដោយរំសេវនុយក្លេអ៊ែរ ដែលគ្មានអ្វីអាចទប់ស្កាត់ចលនារបស់វាបានឡើយ។
ពិធីសម្ពោធបញ្ចុះនាវាមុជទឹក Belgorod បានប្រព្រឹត្តទៅ នៅផែជាការដ្ឋាន Severomorsk នៃសមុទ្រ ឧត្តររបស់រុស្ស៊ី ។ លោកប្រធានាធិបតី បានសម្ពោធពិធីនេះ គឺតាម ស្ពានទូរទស្សន៍ ពេលគាត់វត្តមាននៅក្រុង Saint-Petersbourg ជាទីដែលគាត់បានចូលរួមក្នុងពិធីបើកជាផ្លូវការ ការសាងសង់នាវាចម្បាំង ប្រភេទថ្មីបំផុត ធុន Frégate ចំនួនពីរគ្រឿងទៀត ដែលក៏នឹងបំពាក់ ដោយអាវុធសែនទំនើបដែរ។
ក្នុងឱកាសនោះ លោក ប្រធានាធិបតី ពូទីន បានថ្លែងសុន្ទរកថា ដោយលើកឡើងជាអាទិ៍ ៖
-“ខ្ញុំសង្ឃឹមថា ការសាងសង់នាវាថ្មីពីរគ្រឿងនោះ នឹងចប់ក្នុងថិរវេលា ដូចដែលមានគ្រោងទុក។ ការនេះ សំខាន់ជាគោលការណ៍ សម្រាប់បំពេញផែនការទ្រង់ទ្រាយធំ ខាងពង្រឹងកងនាវាយើង សម្រាប់ការពារព្រំដែនសមុទ្ររបស់សហព័ន្ធរុស្ស៊ី សម្រាប់ការពារផលប្រយោជន៍យើងក្នុងលំហមហាសមុទ្រពិភពលោក ។
-ខ្ញុំសូមកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយ ការផ្លាស់ប្តូរមុខមាត់កងនាវាយើង ប្រព្រឹត្តទៅដោយចង្វាក់ កើនឡើង។ នេះគឺ ទាំងការងារសម្រាប់អនាគត ហើយការងារបែបនេះ មានច្រើនដែលត្រូវធ្វើ។ ម៉្លោះហើយ បានជាយើងចាំបាច់ ត្រូវតែគាំទ្រដល់វិស័យសាងសង់នាវា បង្កើនការបណ្តុះបណ្តាល ក្របខ័ណ្ឌ និង សក្តានុពលវិទ្យាសាស្ត្រ បច្ចេកទេស សម្រាប់វិស័យនេះ។
-យ៉ាងណាមិញ ចាប់ពីឆ្នាំ ២០១២ មក មាននាវាចម្បាំងថ្មីៗ ធំតូច ជាង ៨០ គ្រឿង ត្រូវបានសង់ឡើង ហើយចូលខ្លួនបម្រើកងទ័ពយើងទៅហើយ ក្នុងនោះ មាន នាវាមុជទឹក ៣ គ្រឿង ដែលបំពាក់ ទៅដោយ មីស៊ីលយុទ្ធសាស្ត្រ ( អន្តរទ្វីប ) នាវាមុជទឹកពហុគោលដៅ ចំនួន ៧ គ្រឿង និង នាវាលើ ផ្ទៃទឹក ២១ គ្រឿង។” នេះបើតាមការគូសបញ្ជាក់របស់លោកប្រមុខរដ្ឋ។
ក្រសួងការពារជាតិរុស្ស៊ី អំពី នាវាមុជទឹកដ្រូនគ្មានអ្នកបើកបរ Poseidon ៖
-កាលពីដើមទី នាវាមុជទឹកដ្រូននេះ មានឈ្មោះថា Status-6 (បក្សសម្ព័ន្ធ OTAN ហៅវាថា Kanyon)។
- ការបំពាក់នាវាមុជទឹករុស្ស៊ី គឺស្របនឹងកម្មវិធីរដ្ឋខាងកែប្រែមុខមាត់សព្វាវុធកងទ័ពរុស្ស៊ី ឲ្យកាន់តែទំនើប - កម្មវិធីនេះ គ្រោងសម្រេចឲ្យបាន ពីឆ្នាំ ២០១៨ ដល់ ២០២៧។
-Poseidon មានទម្រង់ជា គ្រាប់បែកបុក Torpille ដែលតួខ្លួន មានប្រវែងដល់ ២០ ម៉ែត្រ និង វីជ្ឈមាត្រ តួខ្លួន ១,៨ ម៉ែត្រ និងមានទម្ងន់ដល់ ១០០ តោន។
- មុជដល់ជម្រៅ ១ គីឡូម៉ែត្រ ល្បឿនប្រតិបត្តិការ អាចដល់ ២០០ គម ក្នុង ១ ម៉ោង ដែល ២ ដង លឿនជាង ល្បឿនលឿនបំផុត នៃ នាវាមុជទឹកសែនទំនើបសព្វថ្ងៃ ត្រឹមតែ ១០០ គម ក្នុង ១ ម៉ោង។
-ដោយហេតុថា Poseidon បំពាក់ដោយ Moteur nucleaire បានជាវង់សកម្ម របស់វា មិនអាស្រ័យ នឹង ចម្ងាយដែលវាប្រតិបត្តិការឡើយ បានន័យថា ប្រតិបត្តិការទៅចម្ងាយណាក៏បាន ហើយចលនាវាគឺ ស្ងាត់ៗ ទាល់តែមិនអាចសង្កេតឃើញ ដោយ រ៉ាដា នាវាមុជទឹកផ្សេង។
មតិ ក្រសួងការពារជាតិ សរអា ៖
Poseidon ត្រូវរុស្ស៊ី បង្កើតឡើង គឺ ដើម្បី កំទេច នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកាំង បូកទាំងមូលដ្ឋាន នាវានេះផង។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា បើ គិតពីឆ្នាំ ២០០៦ មក រុស្ស៊ី ជាលើកទី ១ បានចាកចេញ ពីក្រុម ៥ ប្រទេសនាំមុខគេ ខាងទំហំចំណាយសម្រាប់ផ្នែក ការពារប្រទេស។
ថ្វីត្បិតតែ ក្នុងលោក ការចំណាយសម្រាប់វិស័យការពារប្រទេស ចេះតែកើនឡើងក្តី ក៏រុស្ស៊ី អស់ ៤ ឆ្នាំ ជាប់ មកហើយ រមែងកាត់បន្ថយខ្ទង់ចំណាយយោធា។ មកពីមូលហេតុនេះ រុស្ស៊ី ត្រូវបាន នាំមុខ ដោយបារាំង ហើយជាលើកទី ១ គិតពីឆ្នាំ ២០០៦ មក ស្រាប់តែខ្ទាតចេញពី ក្រុម ៥ ប្រទេសនាំមុខគេ ខាងទំហំ ប្រាក់ចំណាយផ្នែកការពារប្រទេស។
ស្របនឹង របាយការណ៍ចេញ ច្ងៃ ២៩ មេសា ដោយ វិទ្យាស្ថានក្រុង Stockholm ខាងស្រាវជ្រាវបញ្ហា សន្តិភាព SIPRI ៖ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ខ្ទង់ចំណាយយោធារបស់រុស្ស៊ី គឺ ៦១.៤០០ លាន ដុល្លារ ។ ចាប់ពី ឆ្នាំ ២០១៧ មក ខ្ទង់ចំណាយយោធាប្រទេសរុស្ស៊ី បានថយចុះ អស់ ៣,៥%។
បែបដូច្នេះ រុស្ស៊ី ធ្លាក់ទៅជាប់លេខ ៦ ក្នុង តារាងចំណាត់ថ្នាក់ នៃប្រទេសក្នុងលោក ខាងទំហំចំណាយ សម្រាប់វិស័យការពារប្រទេស។ ក្នុងតារាងនេះ ៖
-ជាប់លេខ ១ នាំមុខគេ ដូចមុនដដែល គឺ សរអា ដែលនៅក្នុងឆ្នាំ ២០១៨ បានចំណាយ លើសឆ្នាំ ២០១៧ ក្នុងកម្រិត ៤,៦% ហើយមានទឹកប្រាក់ដល់ទៅ ៦៤៩ .០០០ លាន ដុល្លារឬ ជាងពីរ ដង ច្រើនជាង ប្រទេសចិន ដែល ជាប់លេខ ២ ដោយទឹកប្រាក់ចំណាយ សម្រាប់ វិស័យ ការពារជាតិ គឺ ២៥០.០០០ លាន ដុល្លារ ( ៥% លើសឆ្នាំ ២០១៧ )។
ក្រៅពី សរអា និង ចិន ក្នុងក្រុម ៥ ប្រទេសនាំមុខគេ ខាងចំណាយយោធា ក៏ មាន អារ៉ាប៊ី សាអ៊ូឌីត ឥណ្ឌា និង បារាំង។ ទំហំចំណាយវិស័យយោធាក្នុងលោក គឺដល់ ទៅ ១.៨២២ ០០០ លាន ដុល្លារ ដែល ពីក្នុងនោះ ៣,៤% ធ្លាក់មកលើ រុស្ស៊ី និង ៣៤% ធ្លាក់ទៅលើ សរអា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ