អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង បច្ចុប្បន្នភាព​ដែល​កំពុង​បន្ត​ក្តៅ​គគុក​គឺ​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​កម្លាំងពិសេស​បារាំង​នៅ​ក្នុង​ប្រទេស​បួគីណា​ហ្វាសូដើម្បី​រំដោះ​ចំណាប់ខ្មាំង​ជនជាតិ​បារាំង។ ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១០ ឧសភា​រំដោះ​បាន​ចំណាប់ខ្មាំង​ចំនួន ៤នាក់ ក្នុង​នោះ​មាន​បុរស​ជនជាតិ​បារាំង ២នាក់ ស្រ្តី​ជនជាតិ​អាមេរិកាំង​ម្នាក់ និង​ស្រ្តីជនជាតិ​កូរ៉េខាងត្បូង​ម្នាក់។ តែ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ទាហាន​បារាំង​ចំនួន ២នាក់​នៅ​ក្នុង​ប្រតិបត្តិការ​នោះ។ ចំណាប់ខ្មាំង​ជនជាតិ​បារាំង​ទាំង ២នាក់ រួម​ទាំង​ស្រ្តីជនជាតិ​កូរ៉េខាងត្បូង​នឹង​មក​ដល់​ប្រទេស​បារាំង​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី១១ ឧសភា​នេះ។ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នឹង​ទៅ​ទទួល​ចំណាប់ខ្មាំង​នៅ​ព្រលាន​យន្តហោះ។ បន្ទាប់​មក​នៅ​ថ្ងៃ​អង្គារ ទី១៤ ឧសភា​សប្តាហ៍​ក្រោយ ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ទ​ជាតិ​មួយ​នឹង​រៀបចំ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​​សព​ទាហាន​បារាំង​ទាំង ២រូប។

លោកស្រី Florence Parly រដ្ឋមន្រ្តីការពារជាតិបារាំង និង​ប្រមុខ​សេនាធិការ​បារាំង​លោក François Lecointre
លោកស្រី Florence Parly រដ្ឋមន្រ្តីការពារជាតិបារាំង និង​ប្រមុខ​សេនាធិការ​បារាំង​លោក François Lecointre JACQUES DEMARTHON / AFP
ផ្សាយពាណិជ្ជកម្ម

គោលដៅ​ពី​ដំបូង​នៃ​ប្រតិបត្តិការ​របស់​កម្លាំង​ទាហាន​បារាំង​នៅ​ប៉ែក​ខាងជើង​ប្រទេស​បួគីណា​ហ្វាសូ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១០ ឧសភា គឺ​ដើម្បី​រំដោះ​តែ​ចំណាប់ខ្មាំង​ជនជាតិ​បារាំង​ចំនួន ២នាក់​គត់ តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ប្រតិបត្តិការ​នោះ ស្រាប់​តែ​មាន​វត្តមាន​ចំណាប់ខ្មាំង ២នាក់​ផ្សេង​ទៀត គឺ​ស្រ្តីជនជាតិ​អាមេរិកាំង​ម្នាក់ និង​ស្រ្តី​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់។ បារាំង​មាន​ព័ត៌មាន​គ្រប់គ្រាន់​ទាក់ទង​នឹង​ចំណាប់ខ្មាំង​របស់​ខ្លួន​ទាំង​ពីរ​នាក់ តែ​មិន​បាន​ដឹង​ពី​ចំណាប់ខ្មាំង​ជនជាតិ​អាមេរិកាំង និង​កូរ៉េខាងត្បូង​ទេ ហើយ​សូម្បី​តែ​រដ្ឋអំណាច​អាមេរិក និង​កូរ៉េខាងត្បូង​ក៏​មិន​ដឹង​ថា​មាន​ជនជាតិ​ខ្លួន​ជាប់​ជា​ចំណាប់ខ្មាំង​នៅ​ក្នុង​ទឹកដី​បួគីណា​ហ្វាសូ​ដែរ។ បើ​តាម​ប្រមុខ​សេនាធិការ​បារាំង ស្រ្តីជនជាតិ​អាមេរិកាំង និង​កូរ៉េខាងត្បូង​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​តាំង​ពី ២៨ថ្ងៃ តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ទីកន្លែង​ដែល​ស្រ្តី​ទាំង​ពីរ​បាន​រង​ការ​ចាប់ខ្លួន និង​ពី​មូលហេតុ។

ចំណាប់ខ្មាំង​បុរស​ជនជាតិ​បារាំង​ទាំង​ពីរ​នាក់​ជា​អ្នកទេសចរណ៍​ដែល​ត្រូវ​បាន​ក្រុម​ជន​ដៃដល់​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី១ ឧសភា​នៅ​ក្នុង​ប្រទេស​បេណាំង។ រដ្ឋាភិបាល​បារាំង​ទទួល​បាន​ព័ត៌មាន​មួយ​នេះ ក្នុង​ថ្ងៃ​ទី២ ឧសភា ហើយ​នៅ ៥ថ្ងៃ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី៧ ឧសភា កម្លាំងពិសេស​បារាំង​ប្រចាំ​តំបន់​បាន​ប្រតិបត្តិការ​លើ​ទី១ ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​ពី​ទីកន្លែង​ស្នាក់នៅ​របស់​ចំណាប់ខ្មាំង ពី​អត្តសសញ្ញាណ និង​ចំនួន​ជន​ដៃដល់។ បេសកកម្ម​ស៊ើបការណ៍​យ៉ាង​សម្ងាត់​មួយ​បាន​ចាប់​ផ្តើម​នៅ​ប៉ែកខាងជើង​ប្រទេស​​បួគីណា​ហ្វាសូ និង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាលី​រហូត​មាន​បញ្ជា​ឲ្យ​បើក​អន្តរាគមន៍​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៩ វិច្ឆិកា។

ទន្ទឹម​នឹង​រំដោះ​បាន​ចំណាប់ខ្មាំង​ទាំង ៤នាក់ កងកម្ម៉ង់ដូ​បារាំង​សម្លាប់​បាន​ជនដៃដល់​ចំនួន ៤នាក់ និង ២នាក់​ទៀត​បាន​រត់​រួច​ខ្លួន។ តែ​អ្វី​ដែល​សោកស្តាយ​ខ្លាំង គឺ​មាន​ទាហាន​បារាំង​ពីរ​មាន​អាយុ ៣៣ឆ្នាំ និង ២៨ឆ្នាំ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​នោះ។

ដំណើរការ​នៃ​ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង

មុន​នឹង​សម្រេច​បើក​ប្រតិបត្តិការ​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ឧសភា រដ្ឋអំណាច​បារាំង ពិសេស​កម្លាំងទ័ព​បារាំង​នៅ​តំបន់​សាហ៊ែល គឺ​កម្លាំង​បារកាន​បាន​តាម​ស៊ើប​រឿង​ចំណាប់ខ្មាំង​ជនជាតិ​បារាំង​ទាំង​ពីរ​នាក់​តាំង​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ។ បារាំង​បាន​ដឹង​ពី​កន្លែង​ស្នាក់នៅ​របស់​ចំណាប់ខ្មាំង ពី​ការ​បម្លាស់ទី​របស់​ជនដៃដល់ និង​ចំនួន​ជនដៃដល់​ដែល​មាន​គ្នា​ចំនួន ៦នាក់។ នៅ​ប៉ុន្មាន​ម៉ោង​មុន​បើក​អន្តរាគមន៍ កម្លាំងទ័ព​បារាំង​បាន​ដឹង​ពី​បំណង​របស់​ពួក​ជនដល់ដៃ​ដែល​ត្រៀម​បញ្ជូន​ចំណាប់ខ្មាំង​ទៅ​ឲ្យ​ចលនា​ភេរវនិយម​មួយ​ឈ្មោះ កាទីបា ម៉ាស៊ីណា​នៅ​ក្នុង​ប្រទេស​ម៉ាលី។ ព័ត៌មាន​មួយ​នេះ​បាន​ធ្វើ​បារាំង​សម្រេចចិត្ត​បើក​អន្តរាគមន៍ ព្រោះ​បើ​ចំណាប់ខ្មាំង​ធ្លាក់​ក្នុង​ដៃ​ចលនា​ភេរវនិយម​កាទីបា ម៉ាស៊ីណា​នៅ​ម៉ាលី វា​ពិត​ជា​រឿង​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​រៀបចំ​ផែនការ​រំដោះ​ចំណាប់ថ្នូរ។

ក្រោយ​ទទួល​បាន​បទបញ្ជា​ភ្លាមៗ កងកម្ម៉ង់ដូ​បារាំង​ប្រមាណ​ជា ២០នាក់​បាន​ផ្តើម​ដើរ​ចូល​ទាំង​ងងឹត​ស្លុង​សំដៅ​ខ្ទម​ចំនួន ៤ របស់​ជនដៃដល់​រហូត​មាន​ចម្ងាយ​ពី​ទីនោះ​តែ ២០០ម៉ែត្រ។ គោលដៅ គឺ​ចូល​ឲ្យ​ដល់​ដើម្បី​បាញ់​សម្លាប់​ពួក​វា​ទាំង ៦នាក់ រួច​រំដោះ​ចំណាប់ថ្នូរ​ទាំង​រស់។ តែ​ទើប​រំកិល​ចូល​នៅ​សល់​តែ ១០ម៉ែត្រ ពួក​ជនដល់ដៃ​ក៏​បាន​ដឹងខ្លួន រួច​ស្ទុះ​ក្រោក​ទាញ​កាំភ្លើង។ ពេល​នោះ កម្ម៉ង់ដូ​បារាំង​បាន​បង្ហាញ​ខ្លួន តែ​មិន​បាន​បាញ់​មុន​ទេ ព្រោះ​ខ្លាច​ប៉ះ​ដល់​ជីវិត​ចំណាប់ថ្នូរ។ គឺ​នៅ​ពេល​នោះ​ឯង​ដែល​ពួក​ជនដៃដល់​បាន​បាញ់​សម្លាប់​កម្ម៉ង់ដូ​បារាំង​ចំនួន ២នាក់​នៅ​ក្នុង​ចម្ងាយ​ដ៏​ជិត​បង្កើយ មុន​នឹង​កងកម្ម៉ង់ដូ​បារាំង​បាញ់​តប​វិញ​ដោយ​សម្លាប់​ពួក​វា​បាន ៤នាក់ និង​មាន ២នាក់​បាន​រត់​រួច​ខ្លួន។ គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​រំដោះ​ចំណាប់ថ្នូរ​មួយ​នេះ​មាន​ការ​រួម​សហការណ៍​ពី​កម្លាំងទ័ព​បួគីណា​ហ្វាសូ និង​ពី​ក្រុម​អ្នក​យកការណ៍​អាមេរិកាំង។

បារាំង​ប្រយ័ត្នប្រយែង​ក្នុង​ការ​ទម្លាយ​អត្តសញ្ញាណ​របស់​ជនដៃដល់

ខណៈ​នេះ រដ្ឋអំណាច​បារាំង​នៅ​ទាន់​បាន​បញ្ជាក់​អ្វី​ច្បាស់លាស់​ពី​អត្តសញ្ញាណ​របស់​ជនដល់​ដៃ ឬ​ចលនា​ដែល​នៅ​ពី​ក្រោយ​ការ​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​មួយ​នេះ​ទេ។ មាន​ប្រភព​ខ្លះ​បាន​សង្ស័យ​ថា ក្រុម​ជន​ដែល​បាន​ចាប់​ចំណាប់ខ្មាំង​ជនជាតិ​បារាំង​កាល​ពី​ថ្ងៃទី១ ឧសភា​ជា​មនុស្ស​របស់​ជន​ឈ្មោះ​យ៉ាហ្វារ ឌីកកូ​ត្រូវ​ជា​បងប្រុស​របស់​ជន​អ៊ីប្រាហ៊ីម ម៉ាឡាម ឌីកកូ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ឆ្នាំ ២០១៧។ អ៊ីប្រាហ៊ីម ម៉ាឡាម ឌីកកូ​ជា​មនុស្ស​របស់​ចលនា​ភេរវនិយម​ឈ្មោះ Ansarul Islam ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ប៉ែកខាងជើង​ប្រទេស​បួគីណា​ហ្វាសូ និង​ដែល​ចលនា​មួយ​នេះ​មាន​ចំណង​ទាក់ទង​ជាមួយ​ចលនា​ភេរវនិយម​កាទីបា ម៉ាស៊ីណា​របស់​ជន​អាម៉ាឌូ គូហ្វា​នៅ​ប៉ែក​កណ្តាល ប្រទេស​ម៉ាលី។

តែ​ព័ត៌មាន​មួយ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​លោកស្រី Florence Parly ទេ។ លោកស្រី Parly បាន​ធានា​ថា វា​រហ័ស​ពេក​ដែល​គេ​ត្រូវ​ទម្លាយ​អត្តសញ្ញាណ​របស់​ជនដៃ​ដល់។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រមុខ​ការពារជាតិ​បារាំង​បាន​រម្លឹក​ជា​ថ្មី​ថា មាន​ចលនា​ភេរវនិយម​ចំនួន​ពីរ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់ ទី១ ជា​ចលនា​ដែល​ជា​សាខា​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​ឈ្មោះ​រណសិរ្យ​រំដោះ​ម៉ាស៊ីណា និង​ទី២ ជា​ចលនា​ស្និទ្ធ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្បែរ​ប្រទេស​ម៉ាលី។ គួរ​រម្លឹក​ថា តំបន់​ព្រំដែន​រវាង​ប្រទេស​ម៉ាលី បួគីណា​ហ្វាសូ និង​ប្រទេស​នីហ្សេ​បាន​ក្លាយ​ជា​តំបន់​សម្រាប់​គ្រប់​ចលនា​ភេរវនិយម​ប្រចាំ​​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ