មហោស្រពភាពយន្តអន្តរជាតិចាប់បើកសម្ពោធជាផ្លូវការនៅយប់ ថ្ងៃអង្គារនេះមែន ប៉ុន្តែ នៅថ្ងៃចន្ទម្សិលមិញ អ្នករៀបចំមហោស្រពប្រញាប់ ញាប់ដៃជើង ដើម្បីរៀបចំតាក់តែងមហោស្រពភាពយន្តអន្តរជាតិកាន ដែលនឹងមានអ្នកចូលរួមអាជីព ៤ម៉ឺននាក់ ដែលនៅក្នុងនោះ អ្នកកាសែត បរទេសគ្រប់ជាតិសាសន៍ប្រមាណ ៤៥០០នាក់។
ខ្សែភាពយន្តចំនួន២១ ដែលមានតាំងពីខ្សែភាពយន្តចិន អាមេរិក បារាំង អេស្ប៉ាញ កូរ៉េខាងត្បូង កាណាដា បែលហ្ស៊ិក នឹងត្រូវជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុតពីគណៈមេប្រយោគ៩នាក់ ដឹកនាំដោយសមិទ្ធិករ ម៉ិចស៊ិក លោកAlejandro González Iñárritu, សម្រាប់ពានរង្វាន់តាល់ប័ត្រមាស។
ក្រៅតែដាក់ប្រកួតប្រជែងខ្សែភាពយន្តរបស់សមិទ្ធិករល្បីៗ ដែលមួយចំនួន ធ្លាប់បានទទួលតាល់ប័ត្រមាសនៅក្នុងមហោស្រពកន្លងមក មហោស្រពភាពយន្តកានលើកទី៧២ ត្រូវបានគេចាប់អារម្មណ៍ និងទន្ទឹងរង់ចាំមើលខ្លាំង ដោយមកពីមានវត្តមានរបស់តារាភាពយន្ត ឥស្សរជនល្បីៗ ដែលនឹងដើរលើកម្រាលព្រំក្រហមរបស់មហោស្រព ដែលមានតាំងពី តារាភាពយន្តអាមេរិកាំង លោក Stallone តារាចម្រៀងអង់គ្លេសដ៏ល្បីឈ្មោះ លោកElton John ឬ តារាជើងឯកបាល់ទាត់អាហ្សង់ទីន លោកMaradona។
នៅកាន នៅមានមហោស្រពធំៗបីទៀត ដែលរៀបចំឡើងទន្ទឹមគ្នានឹងមហោស្រពភាពយន្តអន្តរជាតិកាន ដូចជា La Quinzaine des réalisateurs la semaine de la critique និង Acid ដែលជាមហោស្រព បើកទទួលសមិទ្ធិករជំនាន់ថ្មី ដែលទើបបញ្ចេញស្នាដៃ ផលិតខ្សែភាពយន្តលើកទី១។ ក្រៅតែពីជាកន្លែងប្រកួតប្រជែងខ្សែភាពយន្ត ដែលមានស្នាដៃ មហោស្រពអន្តរជាតិក៏ជាកន្លែងណាត់ជួប និងជាទីផ្សារទិញលក់ ខ្សែភាពយន្តដ៏ធំមួយ នៅក្នុងពិភពលោក។ ទីផ្សារភាពយន្តដែលប្រារព្ធខួប ៦០ឆ្នាំ នៃវត្តមានរបស់ខ្លួន នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកាន លើកទី ៧២ ឆ្នាំនេះ។