អានតួអត្ថបទ

អឺរ៉ុបព្រួតគ្នាជំរុញ​ឱ្យ​​អាមេរិកនាំភាពស្ងប់ស្ងាត់ឱ្យ​តំបន់ឈូងសមុទ្ទពែក្ស

លោក​ ប៊ុមប៉េអូ (Mike Pompeo)រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​សម្រេច​ចិត្ត យ៉ាង​ទាន់​ហន់ ​មកចូល​​​ប្រជុំ​ជាមួយ​អឺរ៉ុប នៅ​ថ្ងៃ​ចន្ទ​ទី ១៣​ឧសភា​២០១៩ ដើម្បី​ពិភាក្សា​អំពី​​បញ្ហា​បន្ទាន់​ៗ​មួយ​ចំនួន មាន​អាទិ៍​សំណុំ​រឿង​អ៊ីរ៉ង់។ នា​ឱកាស​នេះ បណ្តា​ប្រទេស​អឺរ៉ុប បាន​នាំ​គ្នា​ប្រកាស​ជំហរ​ច្បាស់បញ្ជាក់ប្រាប់​អាមេរិក​អំពី​ហានិភ័យ​នៃការ​រឹត​បន្តឹង​លើ​អ៊ីរ៉ង់ ថា​អាច​នាំឱ្យ​​​ផ្ទុះ​ជម្លោះ​នៅ​តំបន់​ឈូងសមុទ្ទ​ពែក្សបាន។

ពីឆ្វេង​ទៅស្តាំ ៖ ប្រមុខការទូត​អឺរ៉ុប​លោកស្រី​ Mogherini ប្រមុខការទូត​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស
ពីឆ្វេង​ទៅស្តាំ ៖ ប្រមុខការទូត​អឺរ៉ុប​លោកស្រី​ Mogherini ប្រមុខការទូត​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស © Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខការទូត​អាមេរិក គ្មាន​ចេតនា​ចូល​រួម​​ប្រជុំ​ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប នៅក្រុង​ព្រុចសែល​ទេ។ សហភាព​អឺរ៉ុប​ក៏​មិន​បាន​ត្រៀម​លក្ខណៈ​ទទួល​ដែរ ប៉ុន្តែស្ថានការណ៍​តម្រូវ។

ភាព​តាន​តឹង​រវាង​អ៊ីរ៉ង់​និង​អាមេរិក​បាន​ឡើងប៉ោង​ស្ទើរ​ប្រេះ​​ ៖ វ៉ាស៊ីនតោន​ចោទ​អ៊ីរ៉ង់​ថា​កំពុង​ត្រៀម​វាយប្រហារ​លើ​ផលប្រយោជន៍​អាមេរិក​នៅ​ក្នុង​តំបន់ ទើប​បញ្ជូននាវា​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅ​ឈូង​សមុទ្ទ​ពែក្ស នៅ​ថ្ងៃ​ម្សិលមិញ​នាវា​ជា​ច្រើន​គ្រឿង​រង​វិច្ឆេទកម្ម​នៅក្នុង​សមុទ្ទ​អេមីរ៉ាត​អារ៉ាប់​រួម ... ​ក្នុង​បរិបទ​ដ៏​សែន​តានតឹង​បែប​នេះ ជំនួប​​ពិភាក្សា​រវាង​ប្រមុខ​ការទូត​អាមេរិក​និង​​ក្រុមប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប ពិត​ជា​ប្រព្រឹត្ត​ទៅ​ដោយ​លំបាក​បំបិន​បំផុត។

ប្រមុខ​ការ​ទូត​អង់គ្លេស បានស្តី​ចំៗ​​​ថា ខ្លាច​តែ​​ហេតុការណ៍​ "វិច្ឆេទកម្ម​"​ ​ ​ផ្ទុះ​ទៅ​ជម្លោះ​ទេ ! ជំហរដំឡើង​​គំនាប និង​ដាក់ទណ្ឌកម្ម​របស់​អាមេរិកលើ​អ៊ីរ៉ង់ មិន​ត្រូវ​នឹង​ជំហរ​របស់​អឺរ៉ុប​ឡើយ ! នេះ​ជា​ការ​បន្ថែម​របស់​ប្រមុខ​ការ​ទូត​បារាំង ជាមួយ​សំដី​បែប​បន្ទោស​របស់​​ប្រមុខ​ការទូត​អាល្លឺម៉ង់​​​ថា “យើង​ត្រូវការ​និយាយ​ជាមួយ​អ៊ីរ៉ង់!”។ គំនិត​ខុស​គ្នា និង​ខ្វែង​គ្នា​ខ្លាំងមែន តែ​ការចរចា​ជាមធ្យោបាយដ៏​ប្រសើរ​សម្រាប់​សម្រុះសម្រួលគ្នា និង​បញ្ចៀសការ​ដំឡើង​កំហឹង​ដាក់គ្នា ! នេះ​ជា​ប្រសាសន៍​របស់​​​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុបទៅកាន់​សមភាគី​អាមេរិក។

តាមការ​ពិត​មុន​បើក​ប្រជុំ រដ្ឋមន្ត្រីការបរទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ និង​ប្រមុខ​ការ​ទូត​អឺរ៉ុប បាន​ពិគ្រោះ​គ្នាជា​មុន ដោយ​សម្រេច​ប្រកាន់​ជំហរ​ សាមគ្គីភាព​​អឺរ៉ុប ប្រឆាំង​នឹង​ការ​ប្រឈមមុខ​គ្នា បញ្ចៀសភាព​តានតឹង និង​​​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ក្រុមប្រទេស​ទាំង​បី ជា​ភាគី​ហត្ថលេខី​​ជាមួយ​រុស្ស៊ី​ ចិន​និង អាមេរិក កាលពី​ឆ្នាំ​២០១៥។

ក្នុង​សំឡេង​តែ​មួយ អឺរ៉ុបដែល​​ចង់​ថែរក្សា​ការពារ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ​មិន​ឱ្យ​អ៊ីរ៉ង់​ដើរ​ចេញ និង​ព្រួយ​បារម្ភ​ណាស់ចំពោះ​វត្តមាន​​ចលនា​យោធា​អាមេរិក​នៅ​ក្នុង​តំបន់ បាន​ទទូច​ឱ្យ​អាមេរិក​ធ្វើ​យ៉ាងណា​នាំ​ភាព​ស្ងាត់​ស្ងាត់​ឱ្យ​តំបន់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ