អានតួអត្ថបទ
អាមេរិក-ហុងគ្រី

អាមេរិក-ហុងគ្រី៖ហេតុអ្វីបានជាជំនួបរវាងលោកត្រាំ និងលោកអរបានទទួលរងការរិះគន់ខ្លាំងម្ល៉េះ?

នៅ​ថ្ងៃ​ចន្ទ ទី១៣ ឧសភា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ទទួល​ជួប​នាយករដ្ឋមន្រ្តី​ហុងគ្រី​លោក​វ៉ិចទ័រ អរបាន​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ តែ​វត្តមាន​លោក​អរបាន​ក្នុង​ទឹកដី​អាមេរិកាំង​ពេល​នេះ​បាន​បំផុស​ឲ្យ​មាន​មតិ​រិះគន់​យ៉ាង​ខ្លាំង។ គួរ​បញ្ជាក់​ថា លោក​អរបាន​ត្រូវ​បាន​គេ​ស្គាល់​ជា​ថ្នាក់ដឹកនាំ​អឺរ៉ុប​ម្នាក់​ដែល​ប្រឆាំង​អឺរ៉ុប និង​ប្រកាន់​នយោបាយជាតិនិយម។ ខុស​ពី​ថ្នាក់ដឹកនាំ​អឺរ៉ុប​មួយ​ចំនួន នាយករដ្ឋមន្រ្តី​ហុងគ្រី​រូប​នេះ​ហ៊ាន​និយាយ​ជា​ចំហ​ថា លោក​បាន​ទទួល​ការ​ស្ញើច​សរសើរ​ពី​លោក​ត្រាំ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោក​អរបាន​ត្រូវ​បាន​លោក​ត្រាំ​រៀបចំ​ទទួល​យ៉ាង​រាក់ទាក់​ប្រកប​ដោយ​កិត្តិយសខ្ពស់។

ជំនួបរវាងប្រធានាធិបតី​អាមេរិក​លោកត្រាំ និងនាយករដ្ឋមន្រ្តីហុងគ្រី​លោកអរបានក្នុង​ទីក្រុងងវ៉ាស៊ីនតោន ថ្ងៃទី១៣ ឧសភា ២០១៩
ជំនួបរវាងប្រធានាធិបតី​អាមេរិក​លោកត្រាំ និងនាយករដ្ឋមន្រ្តីហុងគ្រី​លោកអរបានក្នុង​ទីក្រុងងវ៉ាស៊ីនតោន ថ្ងៃទី១៣ ឧសភា ២០១៩ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

« ពិត​ជា​មហាកិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ទទួល​លោក​នៅ​ទីនេះ លោក​ជា​បុរស​ម្នាក់​ដែល​គួរ​ឲ្យ​គោរព​ និង​ក៏​កំពុង​មាន​ភាព​ចម្រូងចម្រាស​តិចតួច​ដូច​ខ្ញុំ​ដែរ តែ​រឿង​នេះ​មិនមាន​​អ្វី​ធ្ងន់ធ្ងរ​ទេ » នេះ​ជា​ពាក្យសម្តី​ដែល​លោក​ត្រាំ​បាន​និយាយ​ទៅ​កាន់​លោក​អរបាន មុន​នឹង​បន្ថែម​ថា « លោក​បាន​បំពេញ​ការងារ​ល្អ​ណាស់ ហើយ​លោក​បាន​ធានា​សន្តិសុខ​ជូន​ប្រទេស​របស់​លោក »។ ជា​ការ​ឆ្លើយ​តប​វិញ លោក​អរបាន​បាន​លើក​និយាយ​ចំៗ​លើ​ប្រធានរឿង​ដូច​គ្នា​ដែល​លោក និង​លោក​ត្រាំ​កំពុង​បន្ត​ចាត់វិធានការ​ទប់​ស្កាត់ នោះ​គឺ​យុទ្ធនាការ​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។

នៅ​ក្នុង​ន័យ​នេះ លោក​ត្រាំ​បាន​សរសើរ​ពេញ​មាត់​លើ​ការងារ​ដែល​លោក​អរបាន​សម្រេច​បាន​ស្តីពី​អន្តោប្រវេសន៍។ លោក​ត្រាំ​បាន​យល់ឃើញ​ថា បញ្ហា​អន្តោប្រវេសន៍​ដែល​អឺរ៉ុប​បាន​ប្រឈម និង​កំពុង​បន្ត​ប្រឈម​ក៏​ដោយសារ​តែ​អឺរ៉ុប​មាន​ជម្រើស​ដោះស្រាយ​ខុស​គ្នា ពិសេស​ខុស​ពី​ជម្រើស​របស់​ប្រមុខ​រដ្ឋាភិបាល​ហុងគ្រី។ ចំណាប់អារម្មណ៍​ដូច​នេះ​របស់​លោក​ត្រាំ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា លោក​ចង់​និយាយ​ដៀមដាម​ដាក់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​មែរកិល​ដែល​បាន​បើក​ទ្វារ​ធំ​ទទួល​ជនភៀខ្លួន​ស៊ីរី​ក្នុង​ឆ្នាំ ២០១៥។

គួរ​រម្លឹក​ថា លោក​វ៉ិចទ័រ អរបាន​ដែល​កាន់​អំណាច​តាំង​ពី​ឆ្នាំ ២០១០ ត្រូវ​បាន​គេ​ស្គាល់​ជា​ថ្នាក់ដឹកនាំ​អឺរ៉ុប​ដែល​ប្រឆាំង​អឺរ៉ុប និង​ប្រកាន់​នយោបាយ​ជាតិនិយម។ មាន​កម្មវិធី​នយោបាយ​ខ្លះ​ត្រូវ​បាន​លោក​អរបាន​ចម្លង​ដូច​គ្នា​នឹង​លោក​ត្រាំ ពិសេស​ទាក់ទង​នឹង​ប្រធានរឿង​អន្តោប្រវេសន៍ និង​ការ​គិត​ប្រយោជន៍ជាតិ​ជា​អាទិភាព។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​នៅ​ក្នុង​ស្រុក ក៏​ដូច​ជា​នៅ​អឺរ៉ុប នាយករដ្ឋមន្រ្តី​ហុងគ្រី​រូប​នេះ​បាន​ការ​រិះគន់​ពី​បទ​បំពាន​លើ​លទ្ធិប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌មាន។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​បរិហារ​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អរបាន​ក្នុង​ទឹកដី​អាមេរិកាំង​ពេល​នេះ។ « គ្មាន​កន្លែង​សម្រាប់​លោក​អរបាន​នៅ​ក្នុង​ការិយាល័យ​សេតវិមាន​ទេ » នេះ​ជា​ការ​យល់​ឃើញ​របស់​អង្គការ​សិទ្ធិមនុស្សដ Human Rights First។ ចំណែក​ក្រុម​អ្នក​តំណាងរាស្រ្ត​អាមេរិក​នៃ​គណៈកម្មការ​កិច្ចការបរទេស​មក​ពី​គណបក្ស​កាន់​អំណាច និង​ប្រឆាំង​បាន​សរសេរ​លិខិត​ស្នើ​លោក​ត្រាំ​និយាយ​ជាមួយ​លោក​អរបាន​ពី​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​ហុងគ្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ