ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/06 12h00 GMT
អឺរ៉ុប

កុន​ខ្មោចឆៅ Zombie បើកឆាក​ដំបូងនៅ​មហោស្រព​អន្តរជាតិ​កាន ​សម្រាប់រង្វាន់​តាល់ប័ត្រ​មាស​

media តារាចម្រៀង ប៉ុប Iggy Pop ដើរតួជាខ្មោច​ឆៅ​ក្នុង​រឿង'The Dead Don't Die​របស់​សមិទ្ធិករអាមេរិកាំង លោក Jim Jarmusch ©festival-cannes

មហោស្រពភាពយន្ត​អន្តរជាតិ​កាន លើកទី ៧២​បើកឆាក​ដំបូង​ជាមួយ​ខ្សែភាពយន្ត​អាមេរិកាំង រឿង​ The Dead dont die ដឹកនាំ​ដោយ​សមិទ្ធិករភាពយន្ត​អាមេរិកាំង លោក Jim Jarmusch។ តើរឿង​ខ្មោច​ស្លាប់​មិន​ស្លាប់ ដែល​និយាយ​ពី​​ខ្មោច Zombie ដែល​ចូលរួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​តាល់ប័ត្រ​មាស ​មានខ្លឹមសារ​យ៉ាងណា​ខ្លះ? យើង​ស្តាប់​ឈាង បុប្ផា ដែល​បាន​ចូលទស្សនាខ្សែរឿងនេះ កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។

 

The Dead dont die ឬ ខ្មោច​ដែល​ស្លាប់​ហើយ ងើប​ចេញពីក្នុង​ដី​មកវិញ ចាប់ផ្តើម​ដំបូង​​​ជាមួយ​ដំណើរល្បាតព្រៃ​​របស់​ប៉ូលិស ពីរនាក់ ដែល​ម្នាក់​សំដែង​ដោយ​តារា​ភាពយន្ត​អាមេរិកាំង លោក Bill Murray។ ប៉ូលិស​ទាំងពីរ​នាក់​ចុះ ទៅព្រមាន​បុរសចំណាស់​ម្នាក់​ដែល​រស់នៅ​បែបអនាថា បំពេញក្រពះ​តែ​នឹង​សត្វល្អិត សត្វកំប្រុក​ក្នុង​ព្រៃ។

​ The Dead dont die និយាយ​ពី​ទីក្រុង​ដ៏តូចមួយ ដែល​​ស្ងប់ស្ងាត់​​ ប៉ុន្តែ មាន​អ្វីមួយ​ម្យ៉ាង​ដែល​ចម្លែក ខុសពី​ធម្មតា។ ព្រះចន្ទ​មាន​នៅគ្រប់កន្លែង ពន្លឺថ្ងៃ​លេច​ចេញមិន​ត្រឹមត្រូវ​តាមពេលវេលា ហើយ​សត្វ​ចាប់ផ្តើម​មាន​អាការៈ​ចម្លែក​ខុសពីធម្មតា និង​គ្មាន​អ្នកណា​ម្នាក់​ដឹងថា មកពី​ហេតុអ្វី​នោះទេ។​

ដំណឹងនេះ​ធ្វើ្យគេ​ភ័យខ្លាច ចំណែក​អ្នកវិទ្យាសាស្រ្ត​ចាប់ផ្តើម​ព្រួយបារម្ភ ប៉ុន្តែ គ្មាននរណា​ម្នាក់​អាច​គិត​ទុក​មុន​ពី​ព្រឹត្តិការណ៍​ដ៏ចម្លែក និង​គ្រោះថ្នាក់​ដែល​នឹង​កើតឡើង​ទៅលើ​ទីក្រុង​Centerville នោះទេ។ ខ្មោច​ចាប់ផ្តើម​ងើប​ដើរ​ចេញ​ពី​ផ្នូរ និង​សំដៅ​​សម្លាប់​មនុស្ស​ដើម្បី​ ស៊ីសាច់​ជាអាហារ។ គឺ​នៅពេលនោះហើយ​ដែល​កើតមាន​ការប្រយុទ្ធតស៊ូ​​ រវាង​ប្រជាជន​នៅក្នុង​ក្រុង ហើយ​និង​​ខ្មោចឆៅ Zombie។

ហេតុអ្វី​បាន​ជា​ខ្មោច​ស្លាប់ មិនព្រម​ស្លាប់ បែរជា​ងើប​ មក​បឺតឈាម ស៊ីសាច់​មនុស្ស​រស់ ទៅវិញ។ នៅក្នុង​សាច់រឿង​របស់​សមិទ្ធិករ Jim Jarmusch ខ្មោច​ដែល​ស្លាប់​ទៅហើយ ត្រូវ​បាន​ដាស់​ឲ្យ​ងើបឡើងវិញ គឺ​ហាក់​ដូចជា​ពួកគេនៅ​​មិនទាន់​អស់ចិត្ត នឹង​សម្ភារៈដែល​ពួកគេ​ធ្លាប់​ងប់ប្រើ នៅពេល​ពួកគេ​នៅរស់។ ខ្មោចឆៅ Zombie​ ភាគច្រើន​ សំដៅ​ទៅ​ស្រវា​រក​ ​ទូរស័ព្ទ គ្រឿងសំអាង​​ រថយន្ត​ថ្មីៗ ឬ​ wifi ជាដើម។ ​សមិទ្ធិករ​ Jim Jarmusch កំពុង​ចំអក​ឲ្យ​សង្គម​មនុស្ស​បច្ចុប្បន្ន​ឬ​យ៉ាងណា?

រឿង​ The Dead dont die បញ្ចប់​ជាមួយ​ការចោមរោមរបស់ក្រុម​ខ្មោច​ Zombie​ ​សម្លាប់ហែកសាច់​ប៉ូលិស​តួឯក​ទាំងពីរនាក់។ លើកលែង​តែ​បុរស​អនាថា រស់នៅក្នុង​ព្រៃ ហើយ​និង​ក្មេង​បីនាក់​ ប្រជាជន​ក្នុង​ទីក្រុង​ដ៏ស្ងប់សុខ​Centerville ទាំង​អស់​បាន​ក្លាយ​ជា​ខ្មោច Zombie​ ដែល​នោះ​ហើយ​ជា​ទីអវសាន​ពិភពលោក។ ចម្លែក​អ្វីតែស្រ្តី​កាប់ដាវ​ជប៉ុនម្នាក់ ដែល​​បាន​យករួចខ្លួន ដោយសារ​តែ​នាង​ជា​នារី​មកពីភពផ្សេង និង​មាន​ថាសហោះ​មក​ជួយ​ស្រូប​យក​នាង​​ ហោះ​ទៅក្នុង​មេឃបាត់។

​ផលិត​ដោយ​ផលិតកម្ម Animal kingdom ចែកចាយ​ដោយ​ Universal picture International​ រឿង​ខ្មោចស្លាប់​មិន​ស្លាប់ នឹង​ត្រូវ​ចាក់​បញ្ចាំងតាម​រោងកុន ​នៅ​ថ្ងៃ​ទី ១៤​ខែ​មិថុនា នៅប្រទេស​បារាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ