អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរ​ខែគត់ ​ក្រោយ​ហេតុការណ៍សោកនាដកម្ម​ស្លាប់​​សាសនិកជន​អ៊ីស្លាម អស់​៥១​នាក់ នៅក្នុង​វិហារ​Christchurch ប្រទេសនូវែលហ្សេឡង់មក ប៉ារីស​បាន​ផ្តួច​ផ្តើមបើក​យុទ្ធនាការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ហោះ​ផ្សព្វផ្សាយ​សារ​ហិង្សា​ស្អប់​ខ្ពើម​គ្នា​ លើ​ប្រព័ន្ធ​អ៊ីនធ័រនែត​​។ នៅ​ថ្ងៃទី ១៥​ឧសភានេះ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ជា​ច្រើន​ប្រទេស ព្រមទាំង​​មេ​ដឹកនាំ​ក្រុមហ៊ុន​អ៊ីនធ័រនែតគ្រាក់ៗ បាន​មកជួប​ជុំ​គ្នា​ នៅ​ក្នុង​វិមាន​អេលីហ្សេ ក្រោម​អធិបតីភាព​របស់​លោក​​ប្រធានាធិបតីបារាំង​និង ​លោកស្រី នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ ​ ដើម្បី​រក​ដំណោះស្រាយ​រួម​ប្រឆាំង​នឹង​អំពើ​ភេរវកម្មនិង​អំពើហិង្សា​​ជ្រុលនិយម​ស្អប់ខ្ពើម​គ្នា​ តាម​​អ៊ីនធ័រនែត។ ជួន​ចំពេលជាមួយ​គ្នា​នោះ​ដែរ ហ្វេសប៊ុក ក៏​បាន​ចេញ​វិធានការ​ជាក់ស្តែងទាក់ទង​នឹង​​​នៃ​ការ​ប្រើប្រាស់​ ប្រព័ន្ធ​​ផ្សាយ​បន្តផ្ទាល់​ Facebook Live ដែល​មាន​លក្ខណៈ​ហិង្សា និង​ជ្រុលនិយម​។

ប្រធានាធិបតី​បារាំង​ទទួល​ជួប​ប្រធាន​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​វិមាន​អេលីហ្សេ ថ្ងៃទី ១០ ឧសភា ២០១៩ (រូបថតឯកសារ)
ប្រធានាធិបតី​បារាំង​ទទួល​ជួប​ប្រធាន​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​វិមាន​អេលីហ្សេ ថ្ងៃទី ១០ ឧសភា ២០១៩ (រូបថតឯកសារ) Yoan Valat/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំ​ថ្ងៃ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អំពាវនាវ​របស់​លោកស្រី​នាយក​នូវែលហ្សេឡង់។ នូវែលហ្សេឡង់​ដែលកាលពី​ថ្ងៃ​១៥ មីនា ត្រូវ​ជា​ពី​រ​ខែ​គត់​ថ្ងៃ​នេះ រងភេរវកម្ម​បាញ់​ប្រហារ​នៅ​វិហារ​ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។ រូបភាព​នៃសោកនាដកម្មនោះ ត្រូវ​បាន​គេ​ស៊ែរ​បន្ត​ទៅ​ក្នុងប្រព័ន្ធ​សង្គម​ផ្សេងៗ​ទៀត ដូច​ជា Youtube Twitter ... និង​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​ ១លាន​នាក់​កន្លះ ក្នុង​រយៈ​ពេល​២៤​ម៉ោង ក្រោយ​ភេរវកម្ម​។ កាលណោះ ហ្វេសប៊ុក​បាន​បញ្ចេញ​សកម្មភាព​យ៉ាង​យឺតយ៉ាវ​បំផុត បណ្តោយ​ឱ្យ​ភេរវជន​អាច​ផ្សាយ​ផ្ទាល់​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន ដល់​ទៅ ១៧​នាទី !!!

​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ និង​រូបភាព​វីដេអូ បែប​ភេរវនិយម លើ​ប្រព័ន្ធ​អ៊ីនធ័រនែត ត្រូវ​តែបិទ​បញ្ចប់ ! ហេតុ​ការណ៍បែប​នេះ មិន​ត្រូវ​កើត​មាន​ជា​លើក​ទីពីរ​ទេ ! ប៉ុន្តែ​ប្រព័ន្ធ​សង្គម​មាន​បណ្តាញ​ពេញ​ពិភពលោក ការ​ស្វែង​រក​ដំណោះស្រាយក៏​ត្រូវ​ធ្វើ​​ថ្នាក់ពិភពលោកដែរ។ ហេតុដូច្នេះ​ហើយ​បានជា​​បារាំង​ឈរ​នាំមុខ គាំទ្រ​នូវែលហ្សេឡង់ កោះប្រជុំ​នៅ​ថ្ងៃ​នេះ ដោយ​គ្រោង​នឹង​ចេញ​សេចក្តី​អំពាវនាវ « Appel Christchurch » កម្រាស់​បួន​ទំព័រ​ បញ្ជាក់​អំពី​កិច្ចសន្យាចាត់វិធានការជាក់​ស្តែង​​​៧​ចំណុច នៅ​ពេល​បិទ​បញ្ចប់​ជំនួប​ប្រជុំ​នេះ។ ​បើ​តាម​ការ​អះអាង​របស់​វិមាន​ប្រធានាធិបតី​បារាំង​​ ​អត្ថបទ​នេះ គ្មាន​អត្ថន័យ​ជា​ការ​ជំរុញ​បង្ខិត​បង្ខំ​ខ្លាំង​ឡើង តែ​ជា​ការ​បង្កើន​សកម្មភាព ជាការ​ប្រមើល​ទុក​ជាមុន ជាការ​បង្កើន​តម្លាភាព​ផ្នែក​​គ្រប់គ្រង​វិបត្តិ​ និង​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូច​ជា រដ្ឋ ​សង្គមស៊ីវិល និង​ក្រុមហ៊ុន​អ៊ីនធ័រនែត។

ចំណាត់ការ​ទាំងនេះ​ មិន​អាច​សម្រេច​ទៅ​បាន​ដោយ​គ្ហមាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​អ៊ីនធ័រនែត​ទេ។ អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ក្នុង​ជំនួប​នេះ ក្រៅ​អំពី​វត្តមាន​​របស់​​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​មក​ពី​ប្រមាណ ២០​ប្រទេស ៖ មានជាអាទិ៍ ស្តេច​អាប់ដាឡា​របស់ហ្ស័កដានី ប្រធានាធិបតី​សេណេហ្កាល់ នាយករដ្ឋមន្ត្រី​អង់គ្លេស ន័រវែស អៀរឡង់ កាណាដា ឥណ្ឌូណេស៊ី ថៅកែក្រុមហ៊ុន​យក្ស​ផ្នែក​អ៊ីនធ័រនែត ដូច​ជា​ Google Twitter Facebook Amazone Microsoft ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ដែរ។

​វិធានការ​និង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ Facebook Live

​អ្នក​ប្រើប្រាស់​ភាគ​ច្រើន បង្ហោះផ្សាយ​រូបភាពវីដេអូ​ ​វិជ្ជមាន ចែក​រំលែក​ដំណឹង​ជាមួយ​មិត្ត​ភក្តិ ឬ​ដើម្បី​បញ្ជ្រៀប​ព័ត៌មាន​អ្វី​មួយ​ដែល​គេចាប់​អារម្មណ៍​ចង់​ផ្តល់​ដល់​អ្នក​ផ្សេង Facebook Live ក៏​​អាច​​ត្រូវបាន​​គេ​បង្វិល​ទៅ​ប្រើប្រាស់​ ខុស​ពី​បំណង​ដើម​របស់​ក្រុមហ៊ុន​ សម្រាប់​ឃោសនា​ញុះញង់​អំពើហិង្សា​ និង​គំនិត​ជ្រុលនិយម​​។ ​ករណី​ភេរវកម្ម​នៅ​ថ្ងៃទី ១៥​មីនា​ ជា​ឧទាហរណ៍ជាក់​ស្តែង។

គិត​មក​ទល់​នឹងពេល​នេះ ​បណ្តាញ​សង្គម​លំដាប់​ទី​មួយ​ពិភពលោក មាន​នយោបាយ​ដាក់ទណ្ឌកម្ម​ដោយ​សន្សឹមៗ។ បើ​​​បុគ្គល​ណា​ម្នាក់​​​បង្ហោះរូបភាពវីដេអូ​ផ្ទុយ​ពីខ្លឹមសារ​ស្តង់ដារ នៅលើ​Facebook Live ឬ​លើ​ប្រព័ន្ធ​សង្គម​ផ្សេង​ទៀត​របស់​ហ្វេសប៊ុក ​ដំបូង​ឡើងបុគ្គល​នោះ​នឹង​រក​​ពិន័យដោយ​ការ​លុប​ខ្លឹមសារចេញ​ពី​ប្រព័ន្ធ​ ... ហើយ​បើ​នៅ​តែ​បន្ត​ធ្វើ​ហ្វេសប៊ុកនឹង​​ខ្ទប់​មិន​ឱ្យ​ប្រើ​បណ្តាញ​មួយ​រយៈ និង​មិន​អាច​Live​វីដេអូ​ខ្លួន​បាន​ទៀត​ទេ។

ប៉ុន្តែ​ចាប់​ពី​ ថ្ងៃ​ពុធ​នេះ​តទៅ​ ហ្វេសប៊ុក​នឹង​មាន​វិធានការ​មិន​អនុគ្រោះ​សោះ។ គ្រប់​អ្នក​ប្រើប្រាស់​ដែល​មិន​គោរព​វិន័យ​របស់​ប្រព័ន្ធ ហ៊ានបំពាន​​បង្ហោះ​ផ្សាយ​សារ​ហិង្សា​និង​រូបភាពមាន​លក្ខណៈជ្រុលនិយម​ នឹង​ត្រូវ​ហាមឃាត់​លែង​ឱ្យ​ប្រព័ន្ធ​Facebook Live តាំង​ពី​សកម្មភាព​លើក​ដំបូងភ្លាម​ និង​សម្រាប់​​​រយៈ​ពេល​កំណត់​ណា​មួយ។ ឧទាហរណ៍​បើ​គ្រាន់​តែ​ស៊ែរ​Link​ នាំ​ភ្ជាប់​ទៅរក​ក្រុម​ភេរវនិយម ដោយ​គ្មាន​សរសេរ​អ្វី​ ក៏​ត្រូវហាមឃាត់​លែង​ឱ្យ​ប្រើFacebook Live ​ភ្លាម។ តែ​​ហ្វេសប៊ុក​មិន​បាន​បញ្ជាក់​ អំពី​​ប្រភេទនៃ​​បទ​ល្មើសដែល​ជាប់​បម្រាម​ថ្មី ​ និង​​រយៈ​ពេលនៃ​​​​លុប​ចេញ​ពី​បណ្តាញថា​​ប៉ុន្មាន​ថ្ងៃ​ប៉ុន្មាន​ខែទេ។ តំណាង​ហ្វេសប៊ុក​បាន​ត្រឹម​អះអាង​ថា​ ហ្វេសប៊ុក​គ្រោង​នឹង​ពង្រឹង​វិន័យនិង​បម្រាម​​ក្នុង​វិស័យ​ផ្សេង​ ដោយ​ចាប់​ផ្តើម​ហាម​អ្នក​ប្រើប្រាស់​មិន​ឱ្យ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ហ្វេសប៊ុក។

ក្រៅ​អំពីវិធានការ​នេះ ហ្វេសប៊ុក​គ្រោង​នឹង​ចំណាយ​ថវិកា ៧លាន​ដុល្លារ​កន្លះ សម្រាប់​សិក្សា​ស្រាវជ្រាវ​​ ជាមួយ​សកលវិទ្យាល័យ​អាមេរិក​ចំនួន​បី​​​ជា​ដៃ​គូ ដើម្បី​អាច​មាន​សមត្ថភាព​កាន់​តែ​ប្រសើរ​ក្នុង​ការ​វិភាគ​រូបភាព ថា​តើ​ជា​រូបថត ឬ​ជា​រូបភាព​វីដេអូ មាន​ខ្លឹម​សារ​យ៉ាងណា សម្រាប់​ងាយ​ទប់​ស្កាត់​មិន​ឱ្យ​រីកសាយភាយ​ និង​ងាយ​លុប​ដក​ចេញ​ពី​ប្រព័ន្ធ។

ហ្វេសប៊ុក​បាន​បង្ហាញ​ឆន្ទៈ​គាំទ្រ​សេចក្តីអំពាវនាវ​របស់​នូវែលហ្សេឡង់​និង​បារាំង។ លោកស្រី​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ ប្រទេសដែល​​​​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ដោយមាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​សង្គម បាន​អបអរ​ចំណាត់​ការ​​របស់​ហ្វេសប៊ុក ថាថ្វី​បើការងារ​ត្រូវ​ធ្វើ​​នៅ​មាន​ច្រើន​​ទៀត​មែន តែ​ក្រុមហ៊ុន​​កំពុង​បញ្ចេញសកម្មភាព​និង​បោះជំហាន​ក្នុង​ផ្លូវ​​ល្អ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ