ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អឺរ៉ុប

បារាំង៖លោកម៉ាក្រុងសម្លឹងឃើញអឺរ៉ុបជាគំរូតែមួយគត់នៃបច្ចេកវិទ្យានៅថ្ងៃអនាគត

media  
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅ​ក្នុង​ពិព័រណ៍ VivaTech ក្រុង​ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៩ Reuters

នៅ​ក្នុង​ប្រទេស​បារាំង ពិព័រណ៍​ផ្នែក​បច្ចេកវិទ្យា « VivaTech ២០១៩ » បាន​ចាប់​ផ្តើម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា​ក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​រយៈពេល ៣ថ្ងៃ។ នៅ​ក្នុង​ពិព័រណ៍ « VivaTech ២០១៩ » លើកទី៤ នេះ គេ​ឃើញ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី​ប្រមាណ​ជា ៩ ០០០ក្រុមហ៊ុន​មក​ពី​គ្រប់ជ្រុងជ្រោយ​ក្នុង​លោក និង​មាន​មនុស្ស​ចូលរួម​ជិត ៥ ០០០នាក់​មក​ពី ១២៥ជនជាតិ​ខុសៗ​គ្នា។ គឺ​ជា​ឱកាស​មួយ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​នីមួយៗ​បង្ហាញ​ចេញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ចុង​ក្រោយ​ដែល​ទើប​បាន​រក​ឃើញ។ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ដែល​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ថ្ងៃ​ទី១ បាន​ឆ្លៀត​ចាប់​អារម្មណ៍​ពី​សង្រ្គាមបច្ចេកវិទ្យា​របស់​អាមេរិក និង​ចិន​ដោយ​បញ្ជាក់​ថា មាន​តែ​អឺរ៉ុប​មួយ​គត់​ដែល​អាច​រារាំង​កុំ​ឲ្យ​ចិន និង​អាមេរិក​ប្រជែង​គ្នា​ត្រួតត្រា​ពិភពលោក​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​ឆ្លៀត​វាយប្រហារ​លើ​អាមេរិក​ដែល​ទើប​បិទខ្ទប់​ក្រុមហ៊ុន Huawei របស់​ចិន​ដោយ​ពន្យល់​ពី​ហេតុផល​សន្តិសុខជាតិ។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​អាមេរិក ឬ​លោក​ដូណាល់ ត្រាំ លោក​ម៉ាក្រុង​បាន​យល់​ឃើញ​ថា ការ​ប្រកាស​សង្រ្គាមបច្ចេកវិទ្យា ឬ​សង្រ្គាមពាណិជ្ជកម្ម​ពេល​នេះ​មិន​ត្រូវ​នឹង​កាលៈទេសៈ​ទេ។ សម្រាប់​ប្រមុខរដ្ឋ​បារាំង នេះ​មិនមែន​ជា​មធ្យោបាយ​ល្អ​ឡើយ​ក្នុង​ការ​ការពារសន្តិសុខជាតិ ឬ​មួយ​ក៏​បញ្ចុះ​ភាព​តានតឹង​នោះ។ បន្ទាប់​មក លោក​ម៉ាក្រុង​បាន​បញ្ជាក់​ពី​ជំហរ​របស់​បារាំង​ទាក់ទង​នឹង​ក្រុមហ៊ុន Huawei របស់​ចិន​ថា ទស្សនវិស័យ​របស់​បារាំង​មិនមែន​បិទខ្ទប់ Huawei ឬ​ក្រុមហ៊ុន​ណា​មួយ​ទេ តែ​រក្សា​សន្តិសុខជាតិ និង​អធិបតេយ្យ​របស់​អឺរ៉ុប។ « ចិន​បង្កើត​គំរូ​បច្ចេកវិទ្យា​មួយ​ដ៏​មាន​ឥទ្ធិពល​មួយ តែ​ខ្ញុំ​មិន​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ដែល​និយាយ​ថា គេ​ត្រូវ​ធ្វើ​សង្រ្គាម​ទល់​នឹង​ចិន​នោះ​ទេ» នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ម៉ាក្រុង។

ទន្ទឹម​គ្នា​នេះ ប្រមុខរដ្ឋ​បារាំង​មិន​ភ្លេច​រិះគន់​លើ​គំរូ​បច្ចេកវិទ្យា​របស់​ចិន​ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល និង​គំរូ​បច្ចេកវិទ្យា​របស់​អាមេរិក​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​តួអង្គឯកជន​គ្រាក់ៗ​ដោយ​រដ្ឋអំណាច​មិន​អាច​ធានា​ពី​ការ​គោរព ឬ​ការពារ​ជីវិត​ឯកជន​បាន​ឡើយ។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​មើល​ឃើញ និង​ជឿជាក់​ថា មាន​តែ​អឺរ៉ុប​មួយ​គត់​ដែល​អាច​បង្កើត​គំរូ​បច្ចេកវិទ្យា​មួយ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង ប្រជាធិបតេយ្យ និង​ទប់ស្កាត់​កុំ​ឲ្យ​ចិន និង​អាមេរិក​បន្ត​ប្រជែង​គ្នា​ដើម្បី​ត្រួតត្រា​ពិភពលោក​ក្នុង​វិស័យ​បច្ចេកវិទ្យា។ បន្ទាប់​មក ប្រមុខរដ្ឋ​បារាំង​បាន​ការពារ​អាទិភាព​របស់​លោក​ដើម្បី​នយោបាយ​អឺរ៉ុប​មួយ​មាន​កំណើន​សេដ្ឋកិច្ច និង​ការ​ច្នៃប្រឌិត​តាម​រយៈ​បញ្ញាសិប្បនិម្មិត ឬ​ការ​បង្កើត​ឲ្យ​មាន​ទីផ្សារ​ឌីជីថល​រួម​មួយ។

តែ​លោក​ម៉ាក្រុង​មិន​ភ្លេច​បញ្ជាក់​ទេ​ថា អឺរ៉ុប​នឹង​បន្ត​ការពារ​គំរូប្រជាធិបតេយ្យ​របស់​ខ្លួន និង​ការ​គោរព​ជីវិត​ឯកជន​របស់​ពលរដ្ឋ​អឺរ៉ុប​ម្នាក់ៗ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ