អានតួអត្ថបទ

បារាំង-លីប៊ី៖លោកម៉ាក្រុងទទួលជួបសេនាប្រមុខហាវតារក្នុងពេលដែលក្រុងទ្រីប៉ូលីបន្តស្ថិតក្រោមភ្លើងសង្រ្គាម

នៅ​ថ្ងៃ​ពុធ ទី២២ ឧសភា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ទទួល​ជួប​សេនាប្រមុខ​លីប៊ី​លោក​ខាលីហ្វា ហាវតារ​ក្នុង​វិមាន​អេលីហ្សេ​ក្រុង​ប៉ារីស។ តាំង​ពី​មនុស្សខ្លាំង​នៅ​ប៉ែក​ខាង​លីប៊ី​រូប​នេះ​បាន​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​លីប៊ី​តាំង​ពី​​ថ្ងៃទី៤ មេសា​មក នេះ​ជា​លើកទី១ ដែល​លោក​ហាវតារ​បាន​ទទួល​ជួប​ដោយ​លោក​ម៉ាក្រុង។ កាល​ពី ២សប្តាហ៍​មុន លោក​ម៉ាក្រុង​ក៏​បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​លីប៊ី​លោក​ហ្វាយេ អាល់ សារ៉ា។ កម្មវត្ថុ​នៃ​ជំនួប​ជាមួយ​ភាគី​ជម្លោះ​ផ្ទៃក្នុង​លីប៊ី​ទាំង​ពីរ គឺ​ដើម្បី​ផ្តល់​សន្ទុះ​លើ​ដំណើរការ​ចរចា​សន្តិភាព​ឡើង​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី បារាំង​បាន​រង​ការ​ចោទ​ប្រកាន់​ពី​កាន់​ជើង​សេនាប្រមុខ​ហាវតារ​ជាង​នាយករដ្ឋមន្រ្តី​អាល់ សារ៉ា។

សេនាប្រមុខលីប៊ីលោកខាលីហ្វា ហាវតារ
សេនាប្រមុខលីប៊ីលោកខាលីហ្វា ហាវតារ REUTERS/Esam Omran Al-Fetori
ផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​បាន​ចោទ​បារាំង​ពី​បទ​គាំទ្រ​សេនាប្រមុខ​ហាវតារ គឺ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្រ្តី​អាល់ សារ៉ា។ តែ​ក្រុង​ប៉ារីស​ធ្លាប់​បាន​ច្រានចោល និង​ចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង។ ទន្ទឹម​គ្នា​នេះ បារាំង​នៅ​បន្ត​ព្យាយាម​ធ្វើ​ជា​អន្តរការី​នៅ​ក្នុង​ជម្លោះ​ផ្ទៃក្នុង​លីប៊ី​មួយ​នេះ​ដោយ​បាន​ទទួល​ជួប​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​មនុស្សខ្លាំង​នៅ​ប៉ែក​ខាងកើត​លីប៊ី​ឧត្តមសេនីយ​ហាវតារ និង​នាយករដ្ឋមន្រ្តី​អាល់ សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ គួរ​រម្លឹក​ថា ដែនដី​លីប៊ី​សព្វថ្ងៃ​កំពុង​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង ពោល​ប៉ែក​ខាង​កើត​កំពុង​ស្ថិត​ក្នុង​ដៃ​សេនាប្រមុខ​ហាវតារ និង​នៅ​ម្ខាង​ទៀត ពោល​ប៉ែកខាងលិច​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់​លោក​អាល់ សារ៉ា។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​តាំង​ពី​ថ្ងៃទី៤ មេសា​មក សេនាប្រមុខ​ហាវតារ​បាន​ដឹកនាំ​កម្លាំងទ័ព​វាយដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី​ពី​កណ្តាប់ដៃ​លោក​អាល់ សារ៉ា។ បន្ទាប់​ពី​ស្ងប់ស្ងាត់​បាន​ប៉ុន្មាន​ថ្ងៃ​តាំង​ពី​ថ្ងៃ​តម​អាហារ​របស់​អ្នក​កាន់សាសនា​អ៊ីស្លាម​មក ការ​ប្រយុទ្ធ​គ្នា​បាន​ផ្តើម​ជា​ថ្មី​នៅ​ថ្ងៃ​អង្គារ ទី២១ ឧសភា​ដោយ​កម្លាំង​រដ្ឋាភិបាល​លោក​អាល់ សារ៉ា​បាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​មួយ​ចំនួន​របស់​កម្លាំង​សេនាប្រមុខ​ហាវតារ។ គិត​ត្រឹម​ថ្ងៃ​ពុធ ទី២២ ឧសភា ស្ថានការណ៍​ថ្មី​មួយ​នេះ​ហាក់​បន្ត​ស្រពិចស្រពិល​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ជនរងគ្រោះ ឬ​ភាគី​ណា​មាន​ប្រៀប​ជាង​ភាគី​ណា​ទេ។ អ្វី​ដែល​គេ​ដឹង សេនាប្រមុខ​ហាវតារ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​បារាំង និង​នាយករដ្ឋមន្រ្តី​អាល់ សារ៉ា​បន្ត​បដិសេធ​លើ​គំនិត​ឲ្យ​មាន​បទឈប់បាញ់​មួយ​រវាង​គ្នា។

នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​អង្គារ ទី២១ ឧសភា ប្រេសិត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​លីប៊ី​លោក​ហ្កាសាន សាឡាម៉េ​បាន​សារភាព​ត្រង់ៗ​ថា លោក​បារម្ភ​ពី​ការ​ផ្តើម​សង្រ្គាមយូរ​អង្វែង និង​បង្ហូរឈាម។ ទោះ​បី​ជា​មាន​ទណ្ឌកម្ម​អន្តរជាតិ​ក៏​ដោយ ក៏​គ្រឿងសព្វាវុធ​បន្ត​នាំ​ចូល​លីប៊ី​ទៅឲ្យ​គ្រប់​ភាគី​ជម្លោះ ហើយ​អ្នក​ដែល​បាន​ឆ្លៀត​ឱកាស​ពី​ស្ថានភាព​វឹកវរ​នៅ​លីប៊ី​ពេល​នេះ គឺ​ក្រុម​ភេរវជន។ កិច្ចព្រមព្រៀង​នយោបាយ​មួយ​សម្រាប់​លីប៊ី​នៅ​ជា​ក្តីសង្ឃឹម​របស់​សហគមន៍​អន្តរជាតិ។ តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​នៅ​ចំពោះ​មុខ​​ពេល​នេះ គឺ​បទ​ឈប់បាញ់​មួយ​ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​សង្រ្គាម​រវាង​លោក​អាល់ សារ៉ា និង​លោក​ហាវតារ​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ជាង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ