អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ព្រម​ធ្វើ​ប្រជាមតិ​​​លើក​ទីពីរ ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​Brexit

តាំង​ពី​ដើម​មក ​លោកស្រី​​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​មាន​ជំហរ​ដាច់​ខាត​មិន​ត្រូវ​ការ​រៀប​ចំ​​ប្រជាមតិ​ស្តី​ពី​Brexit ជា​លើក​ទីពីរទេ។​ ប៉ុន្តែ​នៅ​ថ្ងៃ​ម្សិលមិញ លោកស្រី​ តេរ៉េហ្សា មេ ​សុទ្ធ​ចិត្តលះបង់​គំនិតនេះ​ចោល ដោយ​បាន​​ប្រកាស​​ធ្វើ​សម្បទាន ​ព្រម​រៀប​ចំ​ប្រជាមតិស្តីពី​Brexit ​ជា​លើក​ពីរ ​ប្រសិន​បើ​សភា​ព្រម​អនុម័ត​កិច្ចព្រមព្រៀង​Brexit ដែល​លោកស្រី​សម្រេច​បាន​ជាមួយ​សហភាព​អឺរ៉ុប​កាលពី​ខែ​វិច្ឆិកា ២០១៨ និង​ដែល​សភា​អង់គ្លេស​ធ្លាប់​ច្រាន​ចោល​បីដង​រួច​មកហើយ។ សំណើថ្មី​នេះ​ក៏​ហាក់​ដូច​ជា​ពុំ​ទទួល​បាន​ការ​ស្វាគមន៍​ជា​វិជ្ជមាន​ទេ។

លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ Theresa May ថ្លែង​សុន្ទរកថា​ស្តីពី​Brexit ថ្ងៃទី ២១​ឧសភា ២០១៩
លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ Theresa May ថ្លែង​សុន្ទរកថា​ស្តីពី​Brexit ថ្ងៃទី ២១​ឧសភា ២០១៩ Kirsty Wigglesworth/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត​សភា​អឺរ៉ុបចូល​មក​ដល់ នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ឡើង​ថ្លែង​សុន្ទរកថា​ ផ្សង​សំណាង​ជា​លើក​ចុងក្រោយ​ នៅ​ចំពោះ​មុខ​សភា ប្រកាសរកឃើញ​ការ​ស្រុះស្រួល​និង​​សម្បទាន​ពីរ​ធំៗ ​​គឺ ការ​ព្រម​រក្សា​ប្រទេស​អង់គ្លេស​ឱ្យ​បន្ត​ស្ថិត​នៅ​ក្នុង​សហភាព​ពន្ធគយ​អឺរ៉ុប ជា​បណ្តោះ​អាសន្ន និង​ពិសេស​លទ្ធភាព​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទីពីរ ប្រសិន​បើ​សភា​ព្រម​អនុម័ត​គម្រោង​ច្បាប់​ស្តី​ពី​កិច្ចព្រមព្រៀង​Brexit ដែលបន្ទាប់​មក​​សភា​អង់គ្លេស​អាច​ធ្វើ​វិសោធនកម្ម​បាន​។

តើ​មាន​ន័យ​ថា​ដូចម្តេច ? មាន​ន័យ​ថា រដ្ឋាភិបាលនឹង​បញ្ចូល​ទៅ​​ក្នុង​គម្រោង​កិច្ចព្រមព្រៀង​Brexit នូវ​ ​ចំណុច​ភ្ជាប់បន្ថែម​មួយ​ថា​នឹង​មាន​ឬ​អត់​ការរៀប​ចំ​ប្រជាមតិជា​លើកទីពីរ។ លោកស្រី​មេ បាន​សន្យា​ថា បើ​គម្រោង​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ត្រូវបាន​អនុម័ត​ នោះ​នឹង​មាន​ការ​រៀប​ចំ​​​ប្រជាមតិ ជាលើក​ទីពីរ​​ដើម្បី​​​បញ្ជាក់​យោបល់​ពីតំណាង​​ពលរដ្ឋ។ ក្នុងករណីឆ្នោត​​វិជ្ជមាន​ ​ជ្រើសរើស​Brexitដដែល រដ្ឋាភិបាល​នឹង​អនុវត្ត​ដំណើរ​បំបែក​ពី​អឺរ៉ុប​​តាម​កិច្ចព្រមព្រៀង​របស់​លោកស្រី​ម្តង។​ តែ​បើ​បដិសេធ​នោះ​នឹង​គ្មាន​ទេ​Brexit។

ប៉ុន្តែ​សំណើសម្រុះ​សម្រួល​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ ហាក់​មិន​គ្រប់គ្រាន់​ ឬ​មក​យឺត​បន្តិចទៅ​ហើយ ! ប្រតិកម្ម​អវិជ្ជមាន​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​តាមប្រព័ន្ធ​សង្គម​តាំង​ពី​លោកស្រី​មិន​ទាន់​បញ្ចប់​សុន្ទរកថា​ស្រួល​បួល​ផង។ ​អ្នក​អភិរក្ស​និយម​ ថា​ឈប់​គាំទ្រ​កិច្ចព្រមព្រៀង​ ដែល​ក្បត់​ពាក្យ​សន្យា​​កាលពី​ឆ្នាំ​២០១៦។ ចំណែក អ្នក​​សេរីប្រជាធិបតេយ្យ​ដែល​ជា​គាំទ្រ​​ការ​ធ្វើ​ប្រជាមតិ​ជា​លើក​ទីពីរ បាន​រិះគន់​ថា​ជា​សេចក្តី​ប្រកាស​ដែល​នាំ​មក​នូវ​ការ​ភ័ន្តច្រឡំ។ គណបក្ស​នេះ​សុខ​ចិត្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អង់គ្លេស​ទៅ​ចូល​រួម​បោះឆ្នោត​សភា​អឺរ៉ុប នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៣ឧសភា​​ស្អែក ដោយ​បោះឱ្យ​បក្ស​គាំទ្រ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ