អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​សភា​អឺរ៉ុប​មាន​តួនាទី​យ៉ាងណា​ខ្លះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អឺរ៉ុបកំពុង​រៀប​ចំ​​​បោះឆ្នោតសមាជិក​សភា ពី​ថ្ងៃទី ២៣-២៦ ឧសភា ២០១៩។ ប្រទេស​អង់គ្លេស ហូឡង់ ជា​អ្នក​ចាប់​ផ្តើម​មុន​គេ នៅ​ថ្ងៃទី ២៣​ឧសភា អៀរឡង់នៅ​ថ្ងៃទី ២៤ ​ឆែក លេតូនី​ ស្លូវាគី ... នៅ​ថ្ងៃទី ២៥ និង​ភាគ​ច្រើន នៅ​ថ្ងៃទី ២៦​ឧសភា។ ប៉ុន្តែ​គេ​បាន​ដឹង​ជា​មុន​ថា ចំនួន​អ្នក​​មិនទៅ​បោះឆ្នោត​មាន​ច្រើន​ខ្លាំង​បំផុត​នៅ​ឆ្នាំ​នេះ។ ​ជាមធ្យម​មាន​​មនុស្ស​មិន​ដល់​ពាក់​កណ្តាលទេ ដែលមិន​​ទៅ​បោះឆ្នោត។ អវត្តមាន​ខ្ពស់​បំផុត​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត តែ​ពេល​នេះ​ក្នុង​ប្រទេស​ស្ថាបនិក​អឺរ៉ុប ចំនួន​អ្នក​អវត្តមាន​ក៏​ចាប់ឡើង​ខ្ពស់​​ដែរ។ ប្រជាពលរដ្ឋ​អឺរ៉ុប ចាប់​អារម្មណ៍​កាន់​តែ​តិចៗ​ទៅៗ ហេតុ​អ្វី ? អ្នក​ខ្លះ​ថា​ មកពី​ស្ថាប័ន​នេះ​គ្មាន​អំណាច ឬ គ្មាន​ប្រយោជន៍ ឬ​នៅ​ឆ្ងាយ​ពី​ពលរដ្ឋពេក​ ។ល។ និង​។ល។

សម័យ​ប្រជុំ​ពេញ​អង្គ​សភា​អឺរ៉ុប លើកចុងក្រោយ​មុន​ការបោះឆ្នោត​សភា​អឺរ៉ុប​អាណត្តិ​ថ្មី
សម័យ​ប្រជុំ​ពេញ​អង្គ​សភា​អឺរ៉ុប លើកចុងក្រោយ​មុន​ការបោះឆ្នោត​សភា​អឺរ៉ុប​អាណត្តិ​ថ្មី FREDERICK FLORIN / AFP
ផ្សាយពាណិជ្ជកម្ម

សភា​អឺរ៉ុប​ ដូច​សភារបស់​​ប្រទេស​មួយៗ​ដែរ ជា​​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ៥១២​លាន​​នាក់​ រស់​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ជា​ស្ថាប័នអឺរ៉ុប​​តែ​មួយ​គត់​ដែល​ឆ្លង​កាត់​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជា​សកល តាំង​ពី​ឆ្នាំ ១៩៧៩​មក ដើម្បី​ជ្រើសរើស​សមាជិក​តំណាង​រាស្ត្រ​ ចំនួន ៧៥១​រូប ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង។ ស្ថាប័ន​នេះមាន​ទីស្នាក់ការ​នៅក្រុង​Strasbourg ប្រទេស​បារាំង និង​​មាន​អំណាច​​​បីធំៗ គឺ​អំណាច​នីតិបញ្ញតិ ថវិកា និង​ត្រួត​ពិនិត្យ​នយោបាយ។

តួនាទី​របស់​សភា​អឺរ៉ុប ត្រូវ​បាន​ពង្រឹង​បន្តិច​ម្តងៗ និង​កើន​ឡើង​ជា​លំដា​ប់។​ តាម​រយៈ​សន្ធិសញ្ញា Maastricht- Nice –Lisbonne សភា​អឺរ៉ុប​បាន​ប្រែក្លាយ​រូប​រាង ពី​ស្ថាប័ន​ដ៏​សាមញ្ញ​ចាំ​តែ​កត់​ត្រា​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ មក​ជា​អ្នក​បង្កើត​ច្បាប់​អប​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី។

សមាជិកសភា​អឺរ៉ុប មាន​ភារកិច្ច​​​ចូល​រួម​រៀប​ចំ​ច្បាប់​អឺរ៉ុប។ ​សេចក្តីសម្រេច សារាចរណែនាំ បទប្បញ្ញត្តិ ការ​ផ្តល់​យោបល់ ឬ​អត្ថបទផ្សេងៗ​​របស់​សភា​អឺរ៉ុប​នេះ នឹង​ត្រូវយក​ទៅ​ប្រើប្រាស់​ជា​ច្បាប់​របស់​ប្រទេស​នីមួយៗ​ជា​សមាជិក​អឺរ៉ុប។ មាន​ន័យ​ថា​សមាជិក​សភា​អឺរ៉ុប​មាន​តួនាទី​សំខាន់​​ ប៉ុន្តែ​ពួក​គាត់​គ្មាន​សិទ្ធិ​​​ស្នើ​គម្រោង​ច្បាប់​​ទេ ! គ្រប់​សំណើ​ច្បាប់អឺរ៉ុប​​គឺ​ជា​ភារកិច្ច​ផ្តាច់​មុខ ​របស់ស្ថាប័ន​​គណៈកម្មការ​អឺរ៉ុប តែ​ម្នាក់ឯង​គត់។ សភា​អឺរ៉ុប​មាន​សិទ្ធិ​ត្រឹម​តែ​ផ្តល់​គំនិត ឬ​ខ្សឹប​ប្រាប់​គណៈកម្មការ​អឺរ៉ុប​​នូវ​រាល់​អត្ថបទ​ឬ​ច្បាប់​​ដែល​ខ្លួន​គិត​ថា​សំខាន់។ តែ​មិន​អាច​លើក​សំណើច្បាប់​​ដោយ​ផ្ទាល់​បាន​ទេ។ សមាជិក​សភា​អឺរ៉ុប​គ្រប់​រូប​ បាន​ត្រឹម​ជជែក​ពិភាក្សា​ ធ្វើ​វិសោនកម្ម កែ​តម្រូវ​ បញ្ជូន​ឱ្យ​ដាក់​សំណើឡើង​វិញ នៅ​ពេល​ខ្វះខាត​ នូវគម្រោង​ច្បាប់​របស់​គណៈកម្មការ​អឺរ៉ុប ប៉ុន្តែ​មិនដែលផ្តល់​សេចក្តី​សម្រេច​សោះ មិនដែល​ប្រាប់​ឱ្យ​អនុវត្ត​សេចក្តី​ដែល​បោះឆ្នោត​ហើយ​ ឬ ។ គម្រោង​ច្បាប់​នេះ​ក៏នឹង​លើក​ទៅ​ពិភាក្សា ធ្វើ​វិសោនកម្ម និង​អនុម័ត​ ដោយ​​ក្រុមប្រឹក្សា​អឺរ៉ុប ដែលប្រជុំ​ទៅ​ដោយ​រដ្ឋាភិបាល​ទាំង​២៧​។ នៅ​ពេល​មាន​ការ​មិន​ចុះ​សម្រុង​នឹង​គ្នា គឺ​ក្រុម​ប្រឹក្សា​អឺរ៉ុប​​ជា​អ្នក​អារកាត់​សេចក្តី រក​ការ​សម្រុះ​សម្រួល​គ្នា។ បើ​គ្មានការ​ត្រូវ​រ៉ូវ​គ្នាទេ​ គឺ​គ្មាន​ច្បាប់។

នេះ​ជា​ដំណើរ​បែប​បទ​ការងារ​​ច្បាប់​ធម្មតា ដែល​ក៏​​ត្រូវ​បាន​អនុវត្ត​ធ្វើ​ជា​ទូទៅ​ ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា​​ វិស័យ​ដឹក​ជញ្ជូន ថាមពល បរិស្ថាន អន្តោប្រវេសន៍។ ប៉ុន្តែ​ទាក់ទង​នឹង​ច្បាប់​ប្រកួតប្រជែង​ពាណិជ្ជកម្ម នយោបាយការបរទេស សន្តិសុខ សភា​អឺរ៉ុប​គ្មាន​អំណាច​សោះ និង​អាច​ត្រឹម​ផ្តល់​ការ​ពិគ្រោះ​យោបល់តែ​ប៉ុណ្ណោះ។

តួនាទី​មួយ​ទៀត​របស់​សភា​អឺរ៉ុប គឺ​អនុម័តច្បាប់ ដោយ​​មិន​អាច​ធ្វើ​វិសោធនកម្ម​អ្វី​បាន​ទាំង​អស់ ! ការ​នេះ​​មាន​ពាក់ព័ន្ធ​​ក្នុងបញ្ហា​បញ្ចូល​សមាជិក​ថ្មី កិច្ចព្រមព្រៀង​សមាគម និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើងអើង​គ្នា។

​សភា​អឺរ៉ុបមាន​​សិទ្ធិ​ប្រឆាំង ដូច​សិទ្ធិ​វ៉េតូ​របស់​សមាជិក​អចិន្ត្រៃយ៍​​អង្គការ​សហប្រជាជាតិដែរ ប៉ុន្តែ​ វា​ជា​ការ​កម្រ​បំផុត​ដែល​​សភា​អឺរ៉ុប​ប្រើ។

ចំពោះ​​អំណាច​​ថវិកា​វិញ ថ្វីបើ​គណៈកម្មការ​អឺរ៉ុប​ជា​អ្នក​សម្រេច​លើ​​ចំណាយ​ចាំបាច់របស់សហភាព​ ​ដូច​ជា នយោបាយ​ថវិកា​កសិកម្ម​រួម កិច្ចព្រមព្រៀង​ពាណិជ្ជកម្មអន្តរជាតិ តែ​គឺ​សភា​ជាអ្នក​សម្រេច​រាល់​គ្រប់​គម្រោង​ថវិកា​មិន​ចាំបាច់ និង​មូលនិធិ​រចនា​សម្ព័ន្ធ​​ រាប់​ពាន់​លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍន៍​ដែនដី​។

អំណាច​​ចុងក្រោយ​រ​បស់ស្ថាប័ន គឺ​​សភាអឺរ៉ុបជា​អ្នក​ត្រួត​ពិនិត្យ​ អំណាច​ប្រតិបត្តិអឺរ៉ុប ពោល​គឺ​​ក្រុមប្រឹក្សា​អឺរ៉ុប។ ប្រធាននិង​ឧត្តមស្នងការ​​ក្រុមប្រឹក្សា​​អឺរ៉ុប ត្រូវ​បាន​ជ្រើសតាំង តាម​រយៈ​ការ​បោះឆ្នោត​នៅសភា​។ ចំណែក​សមាជិក​គណៈកម្មការ​ផ្សេង​ទៀត ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​ស្ថាប័ន​មួយ​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​រាល់​ការ​បោះឆ្នោត​សភា​អឺរ៉ុប បេក្ខជន​ឈរ​ឈ្មោះ​យក​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ក៏​ចុះ​ធ្វើ​ការ​ឃោសនា​ដែរ​នោះ​។

នៅពេលមាន​រូប​រាង​ពេញ​លេញ​ហើយ គណៈកម្មការ​ក៏​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​សមាជិក​សភាអឺរ៉ុប​ដដែល។ សភា​​អាច​ចោទ​សួរក្រុមប្រឹក្សា​និង​គណៈកម្មការ​អឺរ៉ុប​ដោយ​ផ្ទាល់​មាត់ ដោយ​លិខិត​។ សភា​អាច​ទទួល​ញាត្ត​របស់​ពលរដ្ឋ​ ហើយ​បង្កើត​​គណៈកម្មការ​អង្កេត។ ជា​មួយ​​មធ្យោបាយ​ត្រួត​ពិនិត្យ​ និង​​​សិទ្ធិ​ប្រឆាំងវ៉េតូ សភា​អឺរ៉ុប​​​អាច​ទម្លាក់​​គណៈកម្មការ​អឺរ៉ុប​បាន​គ្រប់ពេល។ មាន​ន័យ​ថា សភា​អឺរ៉ុបក៏​មាន​អំណាច​ និង​​អាច​ធ្វើ​ឱ្យ​គេ​ខ្លាច​បាន​ដែរ។ ដូច្នេះ​សូម​ជ្រើសរើស​អ្នក​តំណាង​របស់​ខ្លួន​ឱ្យ​ត្រឹម​ត្រូវ និង​​អញ្ជើញទៅ​បោះឆ្នោត​សភា ឱ្យ​បាន​គ្រប់ៗ​គ្នា !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ