អឺរ៉ុបកំពុងរៀបចំបោះឆ្នោតសមាជិកសភា ពីថ្ងៃទី ២៣-២៦ ឧសភា ២០១៩។ ប្រទេសអង់គ្លេស ហូឡង់ ជាអ្នកចាប់ផ្តើមមុនគេ នៅថ្ងៃទី ២៣ឧសភា អៀរឡង់នៅថ្ងៃទី ២៤ ឆែក លេតូនី ស្លូវាគី ... នៅថ្ងៃទី ២៥ និងភាគច្រើន នៅថ្ងៃទី ២៦ឧសភា។ ប៉ុន្តែគេបានដឹងជាមុនថា ចំនួនអ្នកមិនទៅបោះឆ្នោតមានច្រើនខ្លាំងបំផុតនៅឆ្នាំនេះ។ ជាមធ្យមមានមនុស្សមិនដល់ពាក់កណ្តាលទេ ដែលមិនទៅបោះឆ្នោត។ អវត្តមានខ្ពស់បំផុតនៅតាមបណ្តាប្រទេសអឺរ៉ុបខាងកើត តែពេលនេះក្នុងប្រទេសស្ថាបនិកអឺរ៉ុប ចំនួនអ្នកអវត្តមានក៏ចាប់ឡើងខ្ពស់ដែរ។ ប្រជាពលរដ្ឋអឺរ៉ុប ចាប់អារម្មណ៍កាន់តែតិចៗទៅៗ ហេតុអ្វី ? អ្នកខ្លះថា មកពីស្ថាប័ននេះគ្មានអំណាច ឬ គ្មានប្រយោជន៍ ឬនៅឆ្ងាយពីពលរដ្ឋពេក ។ល។ និង។ល។
សភាអឺរ៉ុប ដូចសភារបស់ប្រទេសមួយៗដែរ ជាតំណាងឱ្យប្រជាពលរដ្ឋ ៥១២លាននាក់ រស់នៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុប និងជាស្ថាប័នអឺរ៉ុបតែមួយគត់ដែលឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ និងជាសកល តាំងពីឆ្នាំ ១៩៧៩មក ដើម្បីជ្រើសរើសសមាជិកតំណាងរាស្ត្រ ចំនួន ៧៥១រូប ជារៀងរាល់៥ឆ្នាំម្តង។ ស្ថាប័ននេះមានទីស្នាក់ការនៅក្រុងStrasbourg ប្រទេសបារាំង និងមានអំណាចបីធំៗ គឺអំណាចនីតិបញ្ញតិ ថវិកា និងត្រួតពិនិត្យនយោបាយ។
តួនាទីរបស់សភាអឺរ៉ុប ត្រូវបានពង្រឹងបន្តិចម្តងៗ និងកើនឡើងជាលំដាប់។ តាមរយៈសន្ធិសញ្ញា Maastricht- Nice –Lisbonne សភាអឺរ៉ុបបានប្រែក្លាយរូបរាង ពីស្ថាប័នដ៏សាមញ្ញចាំតែកត់ត្រាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអឺរ៉ុប មកជាអ្នកបង្កើតច្បាប់អបក្រុមប្រឹក្សារដ្ឋមន្ត្រី។
សមាជិកសភាអឺរ៉ុប មានភារកិច្ចចូលរួមរៀបចំច្បាប់អឺរ៉ុប។ សេចក្តីសម្រេច សារាចរណែនាំ បទប្បញ្ញត្តិ ការផ្តល់យោបល់ ឬអត្ថបទផ្សេងៗរបស់សភាអឺរ៉ុបនេះ នឹងត្រូវយកទៅប្រើប្រាស់ជាច្បាប់របស់ប្រទេសនីមួយៗជាសមាជិកអឺរ៉ុប។ មានន័យថាសមាជិកសភាអឺរ៉ុបមានតួនាទីសំខាន់ ប៉ុន្តែពួកគាត់គ្មានសិទ្ធិស្នើគម្រោងច្បាប់ទេ ! គ្រប់សំណើច្បាប់អឺរ៉ុបគឺជាភារកិច្ចផ្តាច់មុខ របស់ស្ថាប័នគណៈកម្មការអឺរ៉ុប តែម្នាក់ឯងគត់។ សភាអឺរ៉ុបមានសិទ្ធិត្រឹមតែផ្តល់គំនិត ឬខ្សឹបប្រាប់គណៈកម្មការអឺរ៉ុបនូវរាល់អត្ថបទឬច្បាប់ដែលខ្លួនគិតថាសំខាន់។ តែមិនអាចលើកសំណើច្បាប់ដោយផ្ទាល់បានទេ។ សមាជិកសភាអឺរ៉ុបគ្រប់រូប បានត្រឹមជជែកពិភាក្សា ធ្វើវិសោនកម្ម កែតម្រូវ បញ្ជូនឱ្យដាក់សំណើឡើងវិញ នៅពេលខ្វះខាត នូវគម្រោងច្បាប់របស់គណៈកម្មការអឺរ៉ុប ប៉ុន្តែមិនដែលផ្តល់សេចក្តីសម្រេចសោះ មិនដែលប្រាប់ឱ្យអនុវត្តសេចក្តីដែលបោះឆ្នោតហើយ ឬ ។ គម្រោងច្បាប់នេះក៏នឹងលើកទៅពិភាក្សា ធ្វើវិសោនកម្ម និងអនុម័ត ដោយក្រុមប្រឹក្សាអឺរ៉ុប ដែលប្រជុំទៅដោយរដ្ឋាភិបាលទាំង២៧។ នៅពេលមានការមិនចុះសម្រុងនឹងគ្នា គឺក្រុមប្រឹក្សាអឺរ៉ុបជាអ្នកអារកាត់សេចក្តី រកការសម្រុះសម្រួលគ្នា។ បើគ្មានការត្រូវរ៉ូវគ្នាទេ គឺគ្មានច្បាប់។
នេះជាដំណើរបែបបទការងារច្បាប់ធម្មតា ដែលក៏ត្រូវបានអនុវត្តធ្វើជាទូទៅ ក្នុងវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ថាមពល បរិស្ថាន អន្តោប្រវេសន៍។ ប៉ុន្តែទាក់ទងនឹងច្បាប់ប្រកួតប្រជែងពាណិជ្ជកម្ម នយោបាយការបរទេស សន្តិសុខ សភាអឺរ៉ុបគ្មានអំណាចសោះ និងអាចត្រឹមផ្តល់ការពិគ្រោះយោបល់តែប៉ុណ្ណោះ។
តួនាទីមួយទៀតរបស់សភាអឺរ៉ុប គឺអនុម័តច្បាប់ ដោយមិនអាចធ្វើវិសោធនកម្មអ្វីបានទាំងអស់ ! ការនេះមានពាក់ព័ន្ធក្នុងបញ្ហាបញ្ចូលសមាជិកថ្មី កិច្ចព្រមព្រៀងសមាគម និងការប្រយុទ្ធប្រឆាំងនឹងការរើងអើងគ្នា។
សភាអឺរ៉ុបមានសិទ្ធិប្រឆាំង ដូចសិទ្ធិវ៉េតូរបស់សមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិដែរ ប៉ុន្តែ វាជាការកម្របំផុតដែលសភាអឺរ៉ុបប្រើ។
ចំពោះអំណាចថវិកាវិញ ថ្វីបើគណៈកម្មការអឺរ៉ុបជាអ្នកសម្រេចលើចំណាយចាំបាច់របស់សហភាព ដូចជា នយោបាយថវិកាកសិកម្មរួម កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ តែគឺសភាជាអ្នកសម្រេចរាល់គ្រប់គម្រោងថវិកាមិនចាំបាច់ និងមូលនិធិរចនាសម្ព័ន្ធ រាប់ពាន់លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍ដែនដី។
អំណាចចុងក្រោយរបស់ស្ថាប័ន គឺសភាអឺរ៉ុបជាអ្នកត្រួតពិនិត្យ អំណាចប្រតិបត្តិអឺរ៉ុប ពោលគឺក្រុមប្រឹក្សាអឺរ៉ុប។ ប្រធាននិងឧត្តមស្នងការក្រុមប្រឹក្សាអឺរ៉ុប ត្រូវបានជ្រើសតាំង តាមរយៈការបោះឆ្នោតនៅសភា។ ចំណែកសមាជិកគណៈកម្មការផ្សេងទៀត ត្រូវឆ្លងកាត់ការអនុម័តពីស្ថាប័នមួយនេះ។ ហេតុដូច្នេះហើយបានជានៅពេលរាល់ការបោះឆ្នោតសភាអឺរ៉ុប បេក្ខជនឈរឈ្មោះយកតំណែងប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏ចុះធ្វើការឃោសនាដែរនោះ។
នៅពេលមានរូបរាងពេញលេញហើយ គណៈកម្មការក៏ស្ថិតក្រោមការត្រួតពិនិត្យរបស់សមាជិកសភាអឺរ៉ុបដដែល។ សភាអាចចោទសួរក្រុមប្រឹក្សានិងគណៈកម្មការអឺរ៉ុបដោយផ្ទាល់មាត់ ដោយលិខិត។ សភាអាចទទួលញាត្តរបស់ពលរដ្ឋ ហើយបង្កើតគណៈកម្មការអង្កេត។ ជាមួយមធ្យោបាយត្រួតពិនិត្យ និងសិទ្ធិប្រឆាំងវ៉េតូ សភាអឺរ៉ុបអាចទម្លាក់គណៈកម្មការអឺរ៉ុបបានគ្រប់ពេល។ មានន័យថា សភាអឺរ៉ុបក៏មានអំណាច និងអាចធ្វើឱ្យគេខ្លាចបានដែរ។ ដូច្នេះសូមជ្រើសរើសអ្នកតំណាងរបស់ខ្លួនឱ្យត្រឹមត្រូវ និងអញ្ជើញទៅបោះឆ្នោតសភា ឱ្យបានគ្រប់ៗគ្នា !
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ