ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

សហគមន៍អន្តរជាតិបន្តរួមកម្លាំងគ្នាប្រឆាំងទប់នឹងអំពើហិង្សាផ្លូវភេទ

media  
ប្រមុខការទូតន័រវែសលោកស្រី Ine Eriksen Soreide OLGA MALTSEVA / AFP

សហគមន៍អន្តរជាតិ​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ៣៦៣លានដុល្លារ​ទៅ​ឲ្យ​កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​អំពើហិង្សា​ផ្លូវភេទ។ ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ចំនួន ២១ នៅ​ក្នុង​សន្និសីទ​មួយ​ស្តីពី​អំពើហិង្សា​ផ្លូវភេទ​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​នា​ថ្ងៃ​សុក្រ ទី២៤ ឧសភា។ ទឹកប្រាក់​សន្យា​ទាំង ៣៦៣លានដុល្លារ​នឹង​ត្រូវ​ឲ្យ​បណ្តើរៗ​ក្នុង​ឆ្នាំ ២០១៩ ២០២០ និង​ឆ្នាំ ២០២១ នេះ​ជា​ការ​បញ្ជាក់​របស់​អង្គការសហប្រជាជាតិ។ តែ​អគ្គលេខាធិការរង​អង្គការសប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​បាន​បញ្ជាក់​ថា គេ​ត្រូវ​ការ​ប្រាក់​ប្រមាណ​ជា ៦៦០លានដុល្លារ​សម្រាប់​ចំណាយ​នៅ​ក្នុង​កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​អំពើហិង្សា​ផ្លូវភេទ​នា​ឆ្នាំ ២០១៩ នេះ។

ក្នុង​ចំនួន​ទឹកប្រាក់​ទាំង ៣៦៣លានដុល្លារ​ដែល​សន្យា​ដោយ​ក្រុម​ប្រទេស​ទាំង ២១ នៅ​ក្នុង​សន្និសីទ ប្រទេស​ន័រវែស​តែ​ម្នាក់​ឯង​បាន​សន្យា​ឲ្យ​ដល់​ទៅ​ជាង ១០០លានដុល្លារ​សម្រាប់​ឆ្នាំ ២០១៩ និង ២០២១។ ប្រមុខការទូត​ន័រវែស​លោកស្រី Ine Eriksen Soreide បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ថា អំពើហិង្សា​ផ្លូវភេទ​ជា​ទង្វើ​បំផ្លាញ​មនុស្ស បំផ្លាញ​សហគមន៍​ក្នុង​ស្រុក និង​វា​ពិត​ជា​រឿង​ដ៏​ពិបាក​ខ្លាំង​ណាស់​ដើម្បី​ព្យាបាល​លើ​ការ​ខូចខាត ពិសេស​ផ្លូវចិត្ត។ នៅ​ក្នុង​ន័យ​នេះ ប្រមុខការទូត​ន័រវែស​បាន​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​បង្ការ​ទប់ស្កាត់​ជា​មុន ជា​ជាង​ទុក​ឲ្យ​ទង្វើ​មួយ​កើត​ឡើង រួច​ទើប​ព្យាបាល​តាម​ក្រោយ។

ចំណែក​គ្រូពេទ្យ​ឯកទេស​រោគស្រ្តី​មក​ពី​ប្រទេស​កុងហ្គោ និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១៨ លោក​ដេនី ម៉ាក្វេហ្គឺ (Denis Mukwege) បាន​គូសបញ្ជាក់​ថា​ទីបំផុត អំពើហិង្សា​លើ​ស្រ្តីភេទ និង​ក្មេងស្រី​មិន​ត្រឹមតែ​ទទួល​ស្គាល់​ដូច​ទង្វើ​រំលោភ​សិទ្ធិ​នារី​ធ្ងន់ធ្ងរ និង​ដូច​ជំងឺ​រាតត្បាត​នៃ​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ឧបសគ្គ និង​ជា​បញ្ហា​ប្រឈម​ដែល​ពិភពលោក​ត្រូវ​ដោះស្រាយ​ដូច​គ្នា​នឹង​ភាពក្រីក្រ​ដែរ។ « វា​មិន​ត្រឹមតែ​ជា​វិបត្តិមនុស្សធម៌​មួយ​ទេ តែ​វា​ជា​វិបត្តិ​មួយ​នៃ​មនុស្សជាតិ​របស់​យើង » នេះ​ជា​បន្ថែម​របស់​លោក​ដេនី។

ក្រៅ​ពី​បាន​សន្យា​ផ្តល់​ជា​ប្រាក់ អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ក៏​បាន​ឲ្យ​សារៈសំខាន់​លើ​វិធានការបង្ការ និង​ការ​ប្រឆាំង​លើ​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស។ តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការសហប្រជាជាតិ មាន​ស្រ្តីម្នាក់​ក្នុង​ចំណោម ៣នាក់​លើ​លោក​បាន​ទទួល​រង​អំពើ​ហិង្សាផ្លូវភេទ ឬ​ការ​មាក់ងាយ​ផ្លូវភេទ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ