អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើសភាអឺរ៉ុប​ថ្មី​នឹង​មានមុខ​មាត់​​យ៉ាង​ដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​សភា​អឺរ៉ុប​ឆ្នាំ​ ២០១៩​នេះ​ បាន​នាំ​មក​នូវ​ភាព​ភ្ញាក់​ផ្អើល​ច្រើន ! ដំបូង​គឺ​ចំនួន​អ្នក​ចូល​រួម​បោះឆ្នោត​បាន​កើន​ខ្ពស់​ ដល់​ជាង​៥០​% ខុស​ពីព្រួយ​បារម្ភ​របស់​អ្នក​​ព្យាករ។ អ្នក​ចូល​រួមច្រើន លទ្ធផល​ក៏​អាច​ប្រែប្រួល​ច្រើន ប៉ុន្តែ​​ដូច​អ្វី​ដែល​គេ​រង់ចាំ លទ្ធផល​ឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​ធំៗ​​មាន​ប្រវត្តិ​តាំង​យូរយារ​បានចុះ​ខ្សោយ​បាត់​បង់​សំឡេង​នៅ​ក្នុង​សភាមែន។ ឯ​បក្ស​ដែល​មាន​ចរន្តប្រឆាំង​​អឺរ៉ុប​បាន​កើន​ឡើង។ ដោយ​មិន​នឹង​ស្មាន​ដល់ ក្រុម​អ្នក​បរិស្ថាន​និយម ​បាន​ក្លាយ​ជា​ចរន្ត​នយោបាយ​កាន់​តែ​រឹង​មាំ​នៅ​ក្នុង​សភា។ ជាមួយ​នឹង​លទ្ធផល​បែប​នេះ​ សភា​អឺរ៉ុប​ថ្មី​នឹង​មាន​មុខ​មាត់​ថ្មី ទម្រង់​ថ្មី​ ដែល​មាន​លក្ខណៈ​សាំញ៉ាំ​​ជាង​អាណត្តិ​មុនទៀត។ តំណាងរាស្ត្រ​អឺរ៉ុប​ជាប់​ឆ្នោត​ថ្មី ទាំង​៧៥១​រូប នឹង​ចាប់​ចូល​បំពេញ​តួនាទី​ចាប់​ពីថ្ងៃទី ២​កក្កដា​ទៅ​។

គំនូស​បំព្រួញ​បញ្ជាក់​អំពី​សមាសភាព​នយោបាយ​នៅ​ក្នុង​សភាអឺរ៉ុប​អាណត្តិ​ថ្មី ២០១៩-២០២៤
គំនូស​បំព្រួញ​បញ្ជាក់​អំពី​សមាសភាព​នយោបាយ​នៅ​ក្នុង​សភាអឺរ៉ុប​អាណត្តិ​ថ្មី ២០១៩-២០២៤ JOHN THYS / AFP
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៩​នេះ បាន​ប្រែប្រួល​មុខ​មាត់​ថ្មី​ឱ្យសភា​អឺរ៉ុប។

លទ្ធផល​ឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​អឺរ៉ុប (PPE) ដែល​ជា​​​ក្រុម​បក្ស​នយោបាយ​អភិរក្សនិយម​ បក្ស​ធំៗ​មាន​ប្រវត្តិ​តាំង​ពី​យូរយារ ឬ​ហៅ​យ៉ាង​ខ្លី​ថា ក្រុម​គណបក្ស​ស្តាំ​និយមគាំទ្រ​អឺរ៉ុប​ ដែល​មាន​​កម្លាំង​នយោបាយ​ដ៏​ខ្លាំង​ជាងគេ នៅ​តែ​ជា​ចរន្ត​នយោបាយ​លំដាប់​ទី​មួយ​ប្រចាំ​សភា​អឺរ៉ុបថ្មី​​ដដែល ប៉ុន្តែមាន​អាសនៈ​តិច​ជាង​មុន។ សម្រាប់​អាណត្តិ​ថ្មី ២០១៩-២០២៤ ក្រុមនេះ​​មាន​​អាសនៈ​តែ​១៧៩​ទេ ទល់​នឹង​២១៧​កាលពី​អាណត្តិ​មុន។ ចំណែក​គណបក្ស​ឆ្វេង​និយម ឬ​គណបក្សសង្គម​ប្រជាធិបតេយ្យ​អឺរ៉ុប នៅ​​រក្សា​អាសនៈ​បាន​តែ​១៥០​កៅអី ទល់​នឹង​១៨៩​អាសនៈ​ក្នុង​សភា​ចាស់។ បាន​ន័យ​ថា​ក្រុម​គណបក្ស​ធំៗ ម្ខាង​ឆ្វេង​ម្ខាង​​ស្តាំ​និយម ដែល​ធ្លាប់​តែ​នាំ​មុខ​គេ​ទាំង​ពីរ នៅក្នុង​សភា​អឺរ៉ុប​ តាំង​ពី​ដើម​មក បាន​ស្គាល់​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​លើក​នេះ ដោយ​បក្ស​ទាំង​ពីរ​នេះ​លែង​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ អាណត្តិថ្មី!

ស្ថានភាព​បែប​នេះ ពុំ​ធ្លាប់​កើត​មាន​ទេ​នៅក្នុង​សភា​អឺរ៉ុប​ពី​មុន និង​បាន​ជំរុញ​ឱ្យ​ពួកគេ​ត្រូវ​ផ្សំ​ និង​ចង​​សម្ព័ន្ធ​ថ្មី​ជាមួយ​ក្រុម​នយោបាយ​ដែល​ជា​អ្នក​ឈ្នះ​ខ្លាំង​ក្នុង​សម័យ​បោះឆ្នោត​សភា​អឺរ៉ុប​ម្សិលមិញ​នេះ នោះ​គឺ​ក្រុម​បៃតង (អ្នក​បរិស្ថាន​និយម) ដែល​បាន​ឈ្នះថែម​​បាន​អាសនៈ​២០​បន្ថែម​ទៀត​ នៅ​លើក​នេះឱ្យ​ឡើង​ដល់ជិត​​៧០​កៅអី និង​ពិសេស​គឺ​ក្រុម​សេរីនិយម​ ដែល​ដណ្តើម​បាន​កៅអី​ជាង​៤០​បន្ថែម​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ (១០៧​អាសនៈ) ក្រុម​អ្នក​សេរីនិយម​នេះ បាន​ទទួល​ជោគជ័យ​ខ្លាំង គឺ​ដោយ​សារ​តែ​គណបក្ស​របស់​លោកប្រធានាធិបតី​បារាំង​ម៉ាក្រុង។ នៅ​ក្នុង​ប្រទេស​បារាំង​ គណបក្ស​លោក​ធ្លាក់​មក​នៅ​លំដាប់​ទីពីរ​មែន តែ​ក្រុម​អ្នក​សេរីនិយម​បាន​ឡើង​សំឡេង និង​ក្លាយ​ទៅជា​ចរន្ត​នយោបាយ​​ទី​បី នៅ​ក្នុង​សភា​អឺរ៉ុប​អាណត្តិ​ថ្មី។ ​

ជា​ចុងក្រោយ ថ្វី​បើ​នៅ​បារាំង នៅ​អ៊ីតាលី នៅ​ហុងគ្រី គណបក្ស​ស្តាំ​ជ្រុលនិយម បាន​នាំ​មុខ​គេ លំដាប់​ទី​មួយ និង​អាច​ចាប់​ដៃ​គ្នាផ្តុំ​​កម្លាំងជា​ធ្លុង​មួយ​ ដើម្បី​ឱ្យ​មាន​​​សំឡេង​កាន់​តែ​ខ្លាំងនៅ​ក្នុងសភាមែន ​​ប៉ុន្តែ​បើ​គិត​ថា្នក់​អឺរ៉ុប ចរន្ត​នយោបាយ​ប្រជានិយម ប្រឆាំង​អឺរ៉ុប ឬ​ស្អប់​ខ្ពើម​អឺរ៉ុប​នេះ​ មាន​សន្ទុះ​តិច​ជាង​ ការ​ព្យាករ​និង​ការ​គិត​ព្រួយ​បារម្ភ​មុន​ពេល​បោះឆ្នោត​ទេ។ ជា​សរុប​ក្រុម​គណបក្សជាតិ​​និយម​ជ្រុលអឺរ៉ុប​​ មាន​​អាសនៈ ​សរុប​ ​១៧២ ទល់​នឹង​១៥៥​កាលពី​សភា​ចាស់ ក្នុង​ចំណោម​​អាសនៈ​សរុប​ទាំង​៧៥១​របស់​សភា​អឺរ៉ុបប៉ុណ្ណោះ។

សម្ព័ន្ធភាព​​បីបួន​​ត្រួត​

ថ្វីបើ​ចង្កោម​គ្រួសារ​អ្នក​​គាំទ្រ​អឺរ៉ុប មាន​សំឡេង​ភាគ​ច្រើន​នៅសភាមែន ប៉ុន្តែ​សំឡេង​បាន​បែកខ្ញែក​ពិបាក​ចង​សម្ព័ន្ធ​ភាព​ក្រុម​ណាស់។ នៅ​ក្នុង​ចំណោម​ក្រុម​នយោបាយធំ​​បួន​ដំបូង របស់​សភាអឺរ៉ុបថ្មី គ្មាន​ក្រុម​ណា​មួយ​អាច​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ដោយ​មិន​ចង​សម្ព័ន្ធ​ជាមួយ​ក្រុម​បី​ផ្សេង​ទៀត​ឡើយ !

ទម្រង់បែប​នេះ ពិត​មាន​ទម្ងន់​ខ្លាំង​ លើការ​រៀប​ចំ​​កិច្ចការ​នយោបាយ ដោយ​ឈរ​លើ​គោលការណ៍​សម្របសម្រួល​គ្នា​ ដែល​អឺរ៉ុប​តែង​តែ​ប្រកាន់​ខ្ជាប់​ជា​និរន្តមក។ ភាព​ស្មុគស្មាញ​ដែល​សភា​អឺរ៉ុប​ត្រូវ​ប្រឈម​មុន​គេ​ និង​ក្នុង​ពេល​ដ៏​ខ្លីៗ​ខាង​មុខ​នេះ គឺ​ការ​ជ្រើសរើសសមាសភាព​គណៈកម្មការ​អឺរ៉ុប​។ គណៈកម្មការដែល​អាច​កើត​ជារូបរាង​មាន​មេ​មាន​កើយ ដោយ​ឆ្លង​កាត់​ការ​បោះឆ្នោត​អនុម័ត​ពី​សភា​។

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី

ពេល​នេះ​មាន​បេក្ខជន​បីរូប​កំពុង​ប្រកួត​ប្រជែង​គ្នាយក​តំណែង​ប្រធានគណៈកម្មការ​អឺរ៉ុប ជំនួស​លោក Jean –Claude Juncker។ តាម​ធម្មតា ​ប្រធាន​គណៈកម្មការ​ត្រូវ​ជ្រើសរើស​ចេញ​ពី​ ក្រុម​នយោបាយ​ដែល​មាន​សំឡេង​នាំ​មុខ​គេ​នៅ​ក្នុងស​ភា ពោលគឺ​ក្រុម​អ្នក​ស្តាំ​និយម​គាំទ្រ​អឺរ៉ុប PPE តំណាង​ដោយ​​បេក្ខជននៅក្បាល​បញ្ជី​​ជាតិ​អាល្លឺម៉ង់ លោក Manfred Weber។​

ប៉ុន្តែ​ជាមួយ​លទ្ធផល​ឆ្នោត​នៅ​យប់​មិញ ​ក្រុមអ្នក​ស្តាំនិយមបាន​បាត់​សំឡេង​ ដែល​​ជា​ការ​បើក​ផ្លូវ​ឱ្យ​បេក្ខជន​ពីរ​ទៀតមាន​សង្ឃឹម​។ គឺ​លោក Frans Timmermans ជាតិ​ហូឡង់ មក​ពី​បក្ស​សង្គមប្រជាធិបតេយ្យ ដែល​ជា​កម្លាំង​នយោបាយ​ក្រុម​ទីពីរ ​​និង​លោកស្រី Margrether Vestager នៃ​ក្រុម​សម្ព័ន្ធ​សេរីនិយម​ ដែល​ជា​កម្លាំង​នយោបាយ​ទីបី​របស់សភា​អឺរ៉ុប។ បេក្ខជន​ទាំង​បី​ សុទ្ធ​តែ​​បាន​អំពាវនាវ​តាំង​ពី​យប់​មិញត្រៀម​ចង​សម្ព័ន្ធ​ភាព​ជាមួយ​អ្នក​ស្រលាញ់​គាំទ្រ​អឺរ៉ុប​ដូច​គ្នា គឺ​ទាំង​​ ​អ្នក​សង្គមនិយម (ឆ្វេង​និយម) កណ្តាល​និយម និង​រហូត​ដល់​អ្នក​បរិស្ថាន​និយម​ទៀត។​ ជាមួយ​នឹង​សំឡេងប្រមាណ​​​៧០​អាសនៈ​ អ្នក​បរិស្ថាននិយម​ ឬ​ក្រុម​បៃតង កំពុងក្លាយជាអ្នក​សម្រេច​ជ្រើសរើស​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ហើយ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ