អឺរ៉ុប ៖ ក្រោយការបោះឆ្នោត ដល់វេលាប្រជែងគ្នាយកតំណែងដឹកនាំអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៧
ពីរថ្ងៃក្រោយការបោះឆ្នោតសភាអឺរ៉ុប សមាជិកទាំង២៨របស់សហភាព បានមកជួបជុំគ្នានៅយប់ថ្ងៃទី ២៨ ឧសភា នៅទីក្រុងព្រុចសែល ដើម្បីជជែកអំពីការជ្រើសរើសមេដឹកនាំអឺរ៉ុបថ្មី ថាតើឥស្សរជនរូបណាដែលសក្តិសមជាងគេគួរមកកាន់នាទីជាប្រធានគណៈកម្មការអឺរ៉ុប ? ប្រធានក្រុមប្រឹក្សាអឺរ៉ុប ? ប្រធានសភា និងប្រមុខការទូតអឺរ៉ុប ? កិច្ចប្រជុំ រយៈពេលបីម៉ោង បានបិទបញ្ចប់ដោយគ្មានលទ្ធផលអ្វីទាំងអស់ តែបានរំលេចឱ្យឃើញកាន់តែច្បាស់អំពីគំនិតខ្វែងគ្នាខ្លាំង រវាង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី អង់ហ្គឺឡា មែរកិល ចំពោះបេក្ខភាពប្រធានគណៈកម្មការអឺរ៉ុប។
កាលពី៥ឆ្នាំមុន សមាជិកសហភាពអឺរ៉ុបទាំង២៨ បានព្រមព្រៀងគ្នាប្រកាន់យកគោលការណ៍Spitzenkandidat ដូចនៅអាល្លឺម៉ង់ ពោលគឺបក្សណាឈ្នះឆ្នោតមានសំឡេងច្រើនជាងគេនៅក្នុងការបោះឆ្នោតសភា បក្សនោះជាអ្នកតែងតាំងបេក្ខភាពប្រធានគណៈកម្មការអឺរ៉ុប។ តាមរយៈគោលការណ៍នេះ ក្រុមបក្សស្តាំនិយមគាំទ្រអឺរ៉ុប និងក្រុមបក្សឆ្វេងនិយម សង្គមប្រជាធិបតេយ្យដែលជាក្រុមធំជាងគេទាំងពីរដំបូងនៅក្នុងសភាអឺរ៉ុប បានកំណត់បេក្ខជនរបស់បក្សរៀងខ្លួនហើយ តាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ។ មានន័យថា បេក្ខជនរបស់ ក្រុមអ្នកស្តាំនិយមអឺរ៉ុប គឺ លោក Manfred Weber អាយុ៤៦ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ គាំទ្រដោយលោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ នឹងត្រូវបានក្លាយជាប្រធានគណៈកម្មការអឺរ៉ុប បន្តពីលោក ហ្សង់ក្លូត ចាំងគ័រ។
ប៉ុន្តែគោលការណ៍Spitzenkandidat ហាក់កំពុងសាបរលាប ម្យ៉ាងដោយមកពីនៅក្នុងការបោះឆ្នោតសភា ក្រុមបក្សស្តាំនិយមនេះ បានធ្លាក់សំឡេងបាត់បង់អាសនៈច្រើន និងចុះខ្សោយខ្លាំង។ លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្តែងការមិនពេញចិត្តលើបេក្ខភាពលោក វីប៊ែរ។ ក្រោមហេតុផលថា “គ្មានគណបក្សណាមួយមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាអឺរ៉ុបអាណត្តិថ្មី” លោក ម៉ាក្រុង បានអំពាវនាវឱ្យសមភាគីអឺរ៉ុបទាំងអស់ ជ្រើសរើសបេក្ខជន-នារី ប្រធានគណៈកម្មការអឺរ៉ុប ដែលមាន “សមត្ថភាព មានទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់”។ លោកបានលើកឈ្មោះបេក្ខជនមកពីក្រុមសេរីនិយម លោកស្រី Margrether Vestager ជាតិដាណឺម៉ាក លោក Frans Timmermans នៃក្រុមឆ្វេងនិយមសង្គមប្រជាធិបតេយ្យជាតិហូឡង់ ឬលោក មីស្ហែល បានីញ៉េ ជាតិបារាំង តែគ្មានសោះឈ្មោះលោក វីប៊ែរ។
ជំហរបែបនេះ ជាការប្រឈមដោយចំពោះជាមួយអាល្លឺម៉ង់។ លោកស្រី នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មី នៅក្នុងជំនួបប្រជុំ គាំទ្របេក្ខភាពលោក វីប៊ែរ ក្នុងនាមជាសកម្មជនរបស់បក្សស្តាំនិយមអាល្លឺម៉ង់ ដូចគ្នា។ ម្យ៉ាងទៀត លោក Manfred Weber ហ្មត់ចត់ មានប្រវត្តិធ្វើនយោបាយតាំងពីឆ្នាំ២០០៤មក ប៉ុន្តែលោក វីប៊ែរ មិនធ្លាប់កាន់នាទីក្នុងរដ្ឋាភិបាលសោះ។ ឯតំណែងប្រធានគណៈកម្មការមានតម្លៃស្មើនឹងប្រមុខរដ្ឋ។ ហេតុដូច្នេះហើយបានជាលោកម៉ាក្រុង មិនគាំទ្រ។
បេក្ខភាពទីពីរ គឺលោក Timmermans (៥៨ឆ្នាំ) មានបទពិសោធន៍នយោបាយខ្ពស់ ព្រោះជាអនុប្រធានគណៈកម្មការអឺរ៉ុបបច្ចុប្បន្នស្រាប់ និងពូកែមានថ្វីមាត់ ចេះនិយាយភាសាចំនួន៧។ ប៉ុន្តែគណបក្សលោកក៏បាត់បង់សំឡេងច្រើនក្នុងសម័យបោះឆ្នោតសភាលើកនេះ ដែលនាំឱ្យគត់មានសំណាងកាន់តែតិចបើគិតតាមគោលការណ៍ Spitzenkandidat និងត្រូវបានក្រុមអឺរ៉ុបនៅប៉ែកខាងកើតដូចជាហុងគ្រី និងប៉ូឡូញ ដាក់រនាំងបាំងផ្លូវស្រេចទៅហើយ។ មតិភាគច្រើន សំឡឹងឃើញលោកជាប្រមុខការទូតអឺរ៉ុបច្រើនជាង។
ប្រឆាំងនឹងគោលការណ៍ Spitzenkandidat ក្រុមអ្នកសេរីនិយមប្រជាធិបតេយ្យ ឬហៅថាអ្នកកណ្តាលនិយម ដែលសង្ឃឹមបានទទួលការគាំទ្រពីលោក ម៉ាក្រុងច្រើនជាងគេ ក៏បានស្នើបេក្ខភាពប្រធានគណៈកម្មការអឺរ៉ុបម្នាក់ដែរ នោះគឺលោកស្រី Magrether Vestager។ ឧត្តមស្នងការវ័យ៥១ឆ្នាំ លោកស្រីជាបុគ្គលដ៏មានទេពកោសល្យខ្ពស់ ប្រយុទ្ធប្រឆាំងដាច់ខាតនឹងមហាយក្សព័ត៌មានវិទ្យាអាមេរិក និងការគេចពន្ធ គឺជាបេក្ខភាពស្ត្រីដំបូងដែលមកប្រកួតប្រជែងយកតំណែង កាន់កាប់ដោយតែបុរស មកពីបណ្តាប្រទេសអឺរ៉ុបខាងលិច ១៣រូបបន្តបន្ទាប់គ្នាតាំងពីឆ្នាំ១៩៥៨មក។ លោកស្រីទំនងជាបេក្ខនារីដែលទទួលបានការគាំទ្រខ្លាំងជាងគេពីខាងលោកម៉ាក្រុង ដែលបានបង្ហាញអាទិភាពគិតគូរអំពីសមភាពស្ត្រីនិងបុរស និងសមភាពជាមួយប្រទេសអឺរ៉ុបតូចតាច។
ប្រសិនបើបេក្ខជនជាផ្លូវការទាំងបីមិនអាចប្រមូលបានសំឡេងគាំទ្រភាគច្រើនដាច់ខាតគ្រប់គ្រាន់ នៅក្រុមប្រឹក្សា ពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល យ៉ាងហោច២១លើ២៨ប្រទេសនិងនៅនិងទទួលបានសំឡេងគាំទ្រក្នុងសំឡេងភាគច្រើនដាច់ខាត ៣៧៦លើ៧៥១សភាទេ គេសំឡឹងឃើញបេក្ខភាពម្នាក់ទៀត គឺលោក Michel Banier (៦៨ឆ្នាំ)អតីតអ្នកចរចាBrexitរបស់អឺរ៉ុប។ ជាសមាជិកក្រុមបក្សស្តាំនិយមអឺរ៉ុប ដូចលោកស្រី មែរកិលដែរ តែមាននិន្នាការនយោបាយងាកមកខាងកណ្តាល អាចត្រូវចិត្តលោកម៉ាក្រុង ប៉ុន្តែលោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ពិតជាអាចមានហេតុផលបដិសេធ ថាលោក ប៉ានីញេ ក៏គ្មានបទពិសោធន៍ក្នុងរដ្ឋាភិបាលដូចលោក វីប៊ែរដែរ តើលោកស្រីនឹងអាចទទួលយកបេក្ខភាពបារាំងនិងមានហេតុផលអ្វីទៅពន្យល់ពលរដ្ឋអាល្លឺម៉ង់ទៅកើត។
កាលពីឆ្នាំ២០០៤ អឺរ៉ុបធ្លាប់ជួបលំបាកខ្លាំងក្នុងការស្វែងរកមេដឹកនាំរបស់ខ្លួន បន្ទាប់ពីអង់គ្លេសបានប្រើសិទ្ធិប្រឆាំងវេតូ លើបេក្ខជនដែលគាំទ្រដោយបារាំងនិងអាល្លឺម៉ង់។ ការចរចារកបេក្ខភាពប្រធានគណៈកម្មការដែលសមាជិកទាំង២៨ប្រទេសអាចទទួលយកបាន ត្រូវជាបន្ទុករបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបផុតអាណត្តិលោក ដូណាល់ ទុស្ក៍ហើយ។ សង្ឃឹមថាពីពេលនេះ ដល់ថ្ងៃទី២១-២២មិថុនា អឺរ៉ុបនឹងត្រូវស្រុះស្រួលគ្នារកមេដឹកនាំបានទៅចុះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ