អានតួអត្ថបទ
ស្វ៊ីស

ហេតុអ្វី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ លាក់លៀមមិន​ចង់​និយាយ​​ពីកិច្ចប្រជុំនៅ​ប្រទេស​ស្វ៊ីស?

បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោកMike Pompeo មាន​វត្តមាន​នៅ​ថ្ងៃ​សៅរ៍​ទី ១​មិថុនា នៅ​ប្រទេស​ស្វ៊ីស ជាទី​ដែល​លោក​ត្រូវចូលរួម​ក្នុង​កិច្ចប្រជុំ​​មួយ​ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នកនយោបាយ និង​សេដ្ឋវិទូ​ពី​បណ្តា​ប្រទេស​អឺរ៉ុប និង​អាមេរិកខាងជើង។ ប៉ុន្តែ នៅ​ប្រទេស​ស្វ៊ីស ​ប្រមុខការបរទេស​អាមេរិក គ្មានឈ្មោះ​ជា​ផ្លូវការ​​នៅ​ក្នុងបញ្ជី​អ្នកចូលរួម​កិច្ចប្រជុំ​បិទទ្វារ​​នោះទេ។​ លោក Mike Pompeo ផ្ទាល់​អះអាងថា លោក​ស្ថិតនៅ​ប្រទេស​ស្វ៊ីស ព្រោះតែ​លោក​ចូលចិត្ត​ស្កសូកូឡា និង​ហ្រ្វូម៉ាស​ស្វ៊ីស។ ហេតុអ្វី​បាន​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​និយាយ​លាក់លៀម​មិន​ចង់ប្រាប់​ថា លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ស្វ៊ីស?

ឯកអគ្គរដ្ឋទូតអាមេរិក​នៅ ប្រទេស​ស្វ៊ីស លោក Edward McMullen(ឆ្វេង) មគ្គុទេសក៍ លោកស្រី​ Denise O'Gorman និង រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo ដើរកំសាន្ត​នៅ​ទីក្រុង​Bernប្រទេស​ស្វ៊ីស ថ្ងៃ​សៅរ៍​ទី ១​មិថុនា ២០១៩
ឯកអគ្គរដ្ឋទូតអាមេរិក​នៅ ប្រទេស​ស្វ៊ីស លោក Edward McMullen(ឆ្វេង) មគ្គុទេសក៍ លោកស្រី​ Denise O'Gorman និង រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo ដើរកំសាន្ត​នៅ​ទីក្រុង​Bernប្រទេស​ស្វ៊ីស ថ្ងៃ​សៅរ៍​ទី ១​មិថុនា ២០១៩ © Fabrice Coffrini/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីការបរទេស​អាមេរិក​មាន​វត្តមាន​នៅ​ប្រទេស​ស្វ៊ីស នៅក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​មួយជុំ​របស់លោក​នៅ​អឺរ៉ុប នៅមុន​​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ នៅ​ប្រទេស​អង់គ្លេស ដែល​ត្រូវ​ចាប់ផ្តើម​ជាផ្លូវការ​ ពី​ថ្ងៃ​ចន្ទ​ស្អែកនេះ។

ចោមសួរ​ដោយ​អ្នកកាសែត លោកប្រមុខការបរទេស​អាមេរិក​បាន​អះអាង​ពីដំណើរកំសាន្ត​ក្នុង​ប្រទេស​ស្វ៊ីស មុន​នឹង​បន្ត​ទស្សនកិច្ចផ្លូវការ ​នៅ​ប្រទេស​ហូឡង់ និង​អង់គ្លេស នៅ​សប្តាហ៍ក្រោយ។ អ្នកកាសែត​ចោទសួរ ព្រោះថា នៅ​​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ពីកន្លែង​ដើរកំសាន្ត​របស់លោក​Mike Pompeo មាន​បើកកិច្ចប្រជុំ​ដែល​មាន​ឈ្មោះកិច្ច​ប្រជុំ​ក្រុម Bilderberg។ កំណត់ហេតុ​ផ្លូវការ​របស់​ប្រមុខការបរទេស​អាមេរិក ហើយ​និងអ្នករៀបចំ​កិច្ចប្រជុំមិន​បាន​លើកឡើង​ពី​វត្តមាន​​របស់​រដ្ឋមន្រ្តីការបរទេស​នៅក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ស្វ៊ីស​ ប៉ុន្តែ ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ពី​ការចូលរួម​របស់​លោក Mike Pompeo នៅក្នុង​កិច្ចប្រជុំ ​របស់​​ក្រុម​Bilderberg។

បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៥ កិច្ចប្រជុំ​ក្រុម​Bilderberg ជា​វេទិកា​សម្រាប់​ចរចា ពិភាក្សា​គ្នា​រវាង​ក្រុមប្រទេស​នៅអឺរ៉ុប ហើយនិង​ប្រទេស​នៅ​អាមេរិកខាងជើង។ មនុស្ស​មួយ​ចំនួនធ្លាប់​បាន​ព្រមាន​ថា ក្រុម​Bilderberg នេះ​ជា​ក្រុមប្រមូល​ផ្តុំ​មហាសេដ្ឋី និង​អ្នកមាន​អំណាច​ដែល​ចង់​ឲ្យមាន​រដ្ឋាភិបាល​តែមួយ គ្រប់គ្រង​ពិភពលោក។ ឆ្នាំនេះ កិច្ចប្រជុំ​ក្រុម​Bilderberg ប្រចាំឆ្នាំ លើក​ទី ៦៧ ប្រមូលផ្តុំទៅ​ដោយ​អ្នកនយោបាយ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ប្រមាណ ១៣០នាក់​មកពី​ប្រទេស​ចំនួន ២៣នៅ​​អឺរ៉ុប ហើយនិង​អាមេរិកខាងជើង​ ដើម្បី​ពិភាក្សា​លើ​​សំណុំរឿង​សំខាន់ៗ​របស់​​ពិភពលោក ដូចជា ​អនាគត​អឺរ៉ុប អនាគត​មូលធននិយម ការប្រែប្រួល​អាកាសធាតុ បញ្ហា​ប្រទេស​ចិន និង​រុស្ស៊ី ជាដើម។

កូនប្រសារ​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ Jared Kushner ដែល​ជា​អ្នករៀបចំ​ផែនការ​សម្រាប់​ដំណោះស្រាយ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំក្រុមBilderberg ក៏ដូចជា​ប្រធាន​ក្រុមហ៊ុន Microsoft រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង អគ្គលេខាធិការ​អង្គការ​អូតង់ នាយករដ្ឋមន្រ្តី​ហូឡង់ ឬ​រដ្ឋមន្រ្តីការពារជាតិ​អាល្លឺម៉ង់​ជាដើម។ ​ក្រុម​Bilderberg បើកកិច្ចប្រជុំ​បិទទ្វារ​មិន​ឲ្យ​សាធារណជន ឬ​អ្នកកាសែត​ចូល​ស្តាប់ឡើយ។ តាមច្បាប់​ផ្ទៃ​ក្នុង អ្នកចូលរួម​មាន​សិទ្ធិ​អាច​បញ្ចេញ​​ព័ត៌មាន​ទៅ​ខាង​ក្រៅបាន ប៉ុន្តែ គេត្រូវ​ហាម​ដាច់ខាត​មិន​ឲ្យ​​​ប្រាប់​ឈ្មោះ​ប្រភព ឬ​តួនាទី​អត្តសញ្ញាណ​របស់​អ្នកដែល​បាន​បញ្ចេញ​យោបល់​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមសម្ងាត់ Bilderberg។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ