ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT

បារាំង​ប្រារព្ធ​ខួប​៧៥ឆ្នាំ​នៃការរំដោះចេញ​ពីណាហ្ស៊ី ក្នុងផ្ទៃ​នៃ​ការខ្វែង​គំនិត​ជាមួយ​សម្ព័ន្ធមិត្ត​​អាមេរិក

បារាំង​ប្រារព្ធ​ខួប​៧៥ឆ្នាំ​នៃការរំដោះចេញ​ពីណាហ្ស៊ី ក្នុងផ្ទៃ​នៃ​ការខ្វែង​គំនិត​ជាមួយ​សម្ព័ន្ធមិត្ត​​អាមេរិក ប្រធានាធិបតី​បារាំង​និង​អាមេរិក​ ក្នុង​ពិធី​រំលឹក​ខួប​៧៥​ឆ្នាំ​នៃ​ការ​ចូល​រំដោះ​អឺរ៉ុប​ពី​ពួក​ណាហ្ស៊ី MANDEL NGAN / AFP

    ៦មិថុនា ១៩៤៤ - ៦ មិថុនា ២០១៩ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​៧៥​ឆ្នាំ​គត់​ ដែល​កងកម្លាំង​​សម្ព័ន្ធ​មិត្ត​ ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ មាន​ទ័ព​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស បាន​ចូល​មក​ដល់​ឆ្នេរ​ណរម៉ង់ឌី ដើម្បី​បើក​ប្រតិបត្តិការ​រំដោះ​បារាំង ពី​ការ​ឈ្លានពាន​របស់​ពួកអាល្លឺម៉ង់​​ណាហ្ស៊ី។ ថ្ងៃ​ទី​៦ មិថុនា បាន​ក្លាយ​ជា​​និម្មិត្តរូបនៃ​សម្ព័ន្ធភាព​អន្តរអាត្លង់ទិក​ដ៏​រឹងមាំ។ បារាំង​អង់គ្លេស​អាមេរិក​តែង​​ប្រារព្ធ​ខួប​នេះ រួម​គ្នា​ ដើម្បី​រំលឹក​បញ្ជាក់​អំពី​ចំណង​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ​នឹង​គ្នា ប៉ុន្តែ​ ឆ្នាំនេះ​ ការ​ប្រារព្ធ​ខួប​​ ប្រព្រឹត្ត​ទៅ​​ក្នុង​បរិបទ​នៃ​ការ​ខ្វែង​គំនិត​គ្នាកាន់​តែ​​ខ្លាំង​ជាមួយ​អាមេរិក។ ជំនួប​ ​បាន​ការ​ចូល​រួម​ពីសំណាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ចំនួន​១៦​ប្រទេស តែ​គឺ​ជំនួប​មួយ​ទល់​នឹង​មួយ​រវាង​​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោកប្រធានាធិបតី​បារាំង ម៉ាក្រុង ដែល​គេ​រង់ចាំ​មើល​ជាង​គេ។

    ខុស​​កាលពី​៥​ឆ្នាំ​មុន ដែល​កន្លែង​ដដែល ឆ្នេរ​ដដែល​នេះ ជា​ឆាក​សម្តែង​​សកម្មភាព​ការទូត​យ៉ាង​ល្អូកល្អើន ក្រោម​វត្តមាននៃ​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ប្រទេស​ឈ្នះ​សង្គ្រាម​លោក​លើក​ទីពីរ និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត មាន​ជាអាទិ៍​ព្រះ​មហាក្សត្រីយានី​អង់គ្លេស លោកអូបាម៉ា លោក ពូទីន ព្រមទាំង​លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់​ មែរកិល កម្មវិធី​ឆ្នាំ​នេះ​មាន​លក្ខណៈ​មិនអធឹកអធម​ខ្លាំង​ឡើយ។

    ជា​សរុប​មាន​ភ្ញៀវ​ជាង​បីម៉ឺននាក់​ បាន​មក​ចូល​រួម​ក្នុង​កម្មវិធី ក្នុង​ទីតាំង​៧​កន្លែង​នៅ​តាម​ឆ្នេរ​បារាំង ក្នុង​នោះ ៥០០​នាក់ ជា​ទាហាន​ដែលធ្លាប់​កាន់​អាវុធ​ចូល​សមរភូមិ​ផ្ទាល់​​កាលពី​៧៥​ឆ្នាំ​មុន និង​ដែលពេល​នេះ​ខ្លះ​មានអាយុ​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ។

    សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី ៦​មិថុនា ១៩៤៤ កង​កម្លាំង​សម្ព័ន្ធមិត្ត អង់គ្លេស កាណាដា បារាំង​ដឹកនាំ​អាមេរិក បាន​បញ្ជូន​នាវា​៦៩៣៩​គ្រឿង ផ្ទុក​កម្លាំង​ទាហាន​ជាង​​១៣​ម៉ឺន​២៧០០នាក់ បាន​មក​ដល់​ឆ្នេរ​ណរម៉ង់ឌី បើក​ប្រតិបត្តិការ​វាយ​លុក​ទៅពួក​អាល្លឺម៉ង់​ណាហ្ស៊ី​ដែល​បាន​ចូល​មក​ឈ្លានពាន​កាន់កាប់​ទឹក​ដី​បារាំង​កាលពី​បួន​ឆ្នាំមុន។ ប្រតិបត្តិការយោធា​នេះ គឺ​ជា​ដំណាក់កាលដ៏​សំខាន់​មួយ​នៃ​សង្គ្រាម​លោក​លើក​ទីពីរ និង​បាន​ធ្វើ​ឱ្យ​ស្លាប់​​មនុស្ស​ប្រមាណ​១១​ម៉ឺន​នាក់​ក្នុងនោះ​ជាង​២ម៉ឺន​នាក់​ជា​ជន​ស៊ីវិល មុន​នឹង​ឈាន​ទៅ​រំដោះ​ក្រុង​ប៉ារីស​នៅ​ថ្ងៃទី ២៥​សីហា ១៩៤៤ និង​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ​នៅថ្ងៃទី ៨​ឧសភា ១៩៤៥។​

    លោក Donald TrumpនិងភរិយាMelania Trump លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​ភរិយា នៅ​វាល​បញ្ចុះ​សព​ទាហាន​អាមេរិក​ REUTERS/Carlos Barria

    ថ្វីបើ​​​​កម្មវិធី​បាន​ចាប់​ផ្តើម ដោយ​ប្រធានាធិបតី​បារាំង​អញ្ជើញ​ទៅ​បញ្ចុះ​សីមា​សង់​ស្តូប​ឧទ្ទិស​ដល់​យុទ្ធជនពលី​អង់គ្លេស ជាមួយ​លោកស្រីតេរ៉េហ្សា មេ ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រីមុន​ចុះ​ចេញ​ពី​តំណែង​នៅ​ថ្ងៃស្អែក​មែន ​ ប៉ុន្តែលោក​ ម៉ាក្រុង​បាន​ផ្តល់​អាទិភាពពិសេស នៃពិធី​នេះ ​ដល់​លោក​ ត្រាំ។ ក្នុង​នាម​ជា​ម្ចាស់​កម្មវិធី លោក​ម៉ាក្រុង និង​លោក ត្រាំ ទាំងពីរ​រូប​ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធពលីអាមេរិក​ ជាង​៩ពាន់​៣៨៧នាក់​ នៅ​ទីលាន​កប់​ខ្មោច​ទាហាន​អាមេរិក​ Colleville sur Mer អម​ដោយ​ក្បួន​ព្យុះហយាត្រា​ខ្លែង​ទៀត។

    អាមេរិក​និង​បារាំង​ កំពុង​ខ្វែង​ទស្សនៈ​គ្នា​

    សម្រាប់​បារាំង ខួប​៧៥​ឆ្នាំ​នេះ ជា​ឱកាស​រំលឹក​ឱ្យ​ឃើញ​អំពី​ចំណង​មិត្តភាព​ដែល​ចង​រឹត​ប្រទេស​ទាំងពី​រ បារាំង​-អាមេរិក។ បារាំងតែង​តែ​ចង​ចាំ​និង​ផ្សាភ្ជាប់​រឿង​អតីត​និងបច្ចុប្បន្ន​។

    ​​​អនុស្សាវរីយ៍​នាពេល​អតីត​កាល (ក្នុង​សម័យ​សង្គ្រាម​លោក) និង​ចំណង​មិត្ត​ភាព​ តាំងពី​​២៥០​ឆ្នាំមក ត្រូវ​បាន​រំលេច​តាម​រយៈ​វត្តមាន​របស់​​​លោក​ត្រាំ ​ក្នុងពិធី​នេះ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​​បារាំង​ ដែល​អះអាង​ទៀត​ថា ការ​លះបង់​ពលី​ជីវិត តស៊ូ​ជា​ចំណែក​មួយ​របស់​បារាំង ហើយ​ទោះ​បី​ក្នុង​បរិបទ​តាន​តឹង​ការទូត​ក្តី ក៏​បារាំង​និង​អាមេរិក​នៅ​តែ​ជាមិត្ត​ដ៏រឹង​មាំ​ដដែល។ ចំពោះ​លោក​ម៉ាក្រុង ថ្ងៃទី ៦ មិថុនា ១៩៤៤ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គ្រឹះស្ថាបនា​ ពិភពលោក​បែប​​ពហុជាតិ​និយមទំនើប ប៉ុន្តែ​អនុស្សាវរីយ៍​ ប្រកប​ដោយ​វីរភាព​​នៃ​ការ​ចូល​រំដោះ​សម្ព័ន្ធមិត្ត​រហូត​បាន​ជោគជ័យ​ ទំនង​ជា​មាន​ឥទ្ធិពល​តិច​តួច​ណាស់​ លើ​​លោក​ត្រាំ។

    លោក​ដូណាល់ ត្រាំ​ ​ទំនង​ជា​មិនបាន​គិតវែង​ឆ្ងាយដូច្នេះ​​ឡើយ ! លោក​អញ្ជើញ​មក​អឺរ៉ុបបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បី​ថ្ងៃ​នៅ​អង់គ្លេស និង​អៀរឡង់​ តែ​ឆៀង​ចូល​តែ​មួយ​ភ្លែត​មក​បារាំង ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​រំលឹក​ខួប​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ អ្នក​នយោបាយ​និ​ងអ្នក​វិភាគ​បារាំង​ខ្លះ​ យល់​ថា លោកត្រាំ មាន​នយោបាយ​ខុស​ពី​ប្រធានាធិបតី​អាមេរិក​មុនៗ មិន​ចាប់​អារម្មណ៍​នឹង​ប្រវត្តិសាស្ត្រ នឹង​មិត្តភាព មើលមិន​ឃើញ​អំពី​ប្រយោជន៍​នៃ​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ភាគី​ណា ព្រោះ​ចំណង​បែប​នេះ​អស់​ថ្លៃ​ណាស់។ ទំនាក់​ទំនង​អាមេរិក​ជាមួយ​បារាំង មិន​មែន​ជា​អ្វី​ដែល​លោកត្រាំ ​ចាប់​អារម្មណ៍​​ទេ។

    ចប់​ហើយ​ ការ​ទះស្មា​កៀក​ក​គ្នា​យ៉ាង​ល្អូន​ល្អើន ចាប់​ដៃ​យ៉ាង​រលាក់ ស្និទ្ធ​ស្នាល ញញឹម​ពព្រាយ​ ដែល​គេ​ធ្លាប់​ឃើញ​កាលពី​ដើម​អាណត្តិ នៅ​ពេល​លោក​ម៉ាក្រុង​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ​វ៉ាស៊ីនតោន​នោះ។ ពេល​នេះ លោក​ ត្រាំ និង​លោក​ ម៉ាក្រុង ម្នាក់ៗ​ប្រកាន់​ជំហរ​របស់​ខ្លួន​រៀង​ខ្លួនៗ​។

    បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់រួម​គ្នា​រួច ប្រមុខ​ទាំង​ពីរ​នឹង​មាន​ជំនួប​មួយ​ទល់​នឹង​មួយ​ យ៉ាង​ខ្លី។ បើ​តាម​វិមាន​ប្រធានាធិបតី​បារាំង មេដឹកនាំ​ទាំង​ពីរ​ នឹង​ត្រូវ​ជជែក​គ្នា​អំពី​បញ្ហា​សន្តិសុខ ភេរវកម្ម វិបត្តិ​នៅ​ដើម​បូព៌ា អ៊ីរ៉ង់ និង​ពាណិជ្ជកម្ម។ ដោយ​​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ស្ទើរ​គ្រប់មុខ ​ លោក​ប្រធានាធិបតី​បារាំង នឹង​ក្លាយ​ជា​គូបដិបក្ខរបស់​លោក​ត្រាំ លើ​ប្រធានបទមួយ​ចំនួន ដូច​ជា​ ៖ លោក​ម៉ាក្រុង​ការពារ​នយោបាយ​ពាហុជាតិ​និយម​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ឬ​បំពាក់​អាវុធ​បង្កើត​ស្ថាប័ន​ការពារ​ជាតិ​ឱ្យ​អឺរ៉ុប​ ឯ​លោក​ដូណាល់​ ត្រាំ ប្រឆាំង​​ដោយ​មិន​ចង់​ឃើញ​អឺរ៉ុប​អាច​ការពារ​ខ្លួន​បាន​ដោយ​ពឹង​ពាក់​អូតង់​ឡើយ។ ​ក្នុងសំណុំ​រឿង​​អ៊ីរ៉ង់ បារាំង​មិន​ចង់​ឱ្យ​មាន​ការ​ប្រឈម​ដោយ​ចំៗ​ទេ។ ​ប៉ុន្តែ​​ គេ​មិន​ដឹង​ថា​តើ​លោក​នឹង​មាន​ឥរិយាបថ​និង​ទស្សនៈ​យ៉ាងណា​ទេ​លើក​នេះ​។ មិន​ដឹង​ថា​លោកត្រាំ​​នឹង​វាយប្រហារ​ប្រធានាធិបតី​បារាំង​ទៀត ​ដូច​ក្រោយ​ជំនួប​ កាលពី​ថ្ងៃទី ១១​វិច្ឆិកា ឆ្នាំ​២០១៨ ឬ​យ៉ាង​ណា​ឡើយ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ