សម្រាប់អាល្លឺម៉ង់ ការបង្កើតរដ្ឋពីរជាដំណោះស្រាយតែមួយគត់ឲ្យជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន
រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោកហៃកូ ម៉ាសបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសហ្សដានីនាថ្ងៃអាទិត្យ ទី៩ មិថុនា។ ថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីហ្សកដានីលោកអាយម៉ាន សាហ្វាឌីក្នុងទីក្រុងអាម៉ាន់ លោកហៃកូបានបញ្ជាក់ជាថ្មីថា ការបង្កើតឲ្យមានរដ្ឋពីររស់ក្បែរគ្នាជាដំណោះស្រាយតែមួយគត់ឆ្ពោះទៅបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ការថ្លែងរបស់ប្រមុខការទូតអាល្លឺម៉ង់យ៉ាងដូចនេះបានធ្វើឡើង ក្នុងពេលដែលរដ្ឋបាលអាមេរិកគ្រោងលាតត្រដាងនូវផែនការសន្តិភាពមួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ជាផែនការសន្តិភាពមួយមិនបាននិយាយដល់ដំណោះស្រាយបង្កើតរដ្ឋពីរទេ នេះបើតាមលោក Kushner ដែលជាអ្នករៀបចំផែនការសន្តិភាព និងត្រូវជាកូនប្រសារប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៨
មានសំណុំរឿងតំបន់ជាច្រើនដែលប្រមុខការទូតអាល្លឺម៉ង់ និងសមភាគីហ្សកដានីបានលើកយកទៅជជែកគ្នា តែប្រធានបទសំខាន់ជាងគេបានផ្តោតលើជម្លោះស្មុគស្មាញ និងអូសបន្លាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ « បញ្ហាប៉ាឡេស្ទីនជាប្រធានបទស្នូលនៃកិច្ចពិភាក្សារបស់យើង » នេះជាការថ្លែងរបស់ប្រមុខការទូតហ្សកដានីលោកអាយម៉ាន សាហ្វាឌីនៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីអាល្លឺម៉ង់លោកហៃកូ ម៉ាសក្នុងទីក្រុងអាម៉ាន់។ « យើងបានឯកភាពគ្នាជានិច្ចថា ការបង្កើតឲ្យមានរដ្ឋពីរតាមរយៈកិច្ចចរចាជាច្រកចេញតែមួយគត់សម្រាប់ជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីន » នេះជាការបញ្ជាក់របស់លោកហៃកូ។
ការបន្តប្រកាន់ជំហរដូចនេះរបស់ភាគីអាល្លឺម៉ង់បានធ្វើឡើង ក្នុងពេលដែលរដ្ឋបាលអាមេរិកគ្រោងបង្ហាញផែនការសន្តិភាពមួយនៅដំណាច់ខែមិថុនាក្នុងប្រទេសបារ៉ែន។ គឺជាផែនការសន្តិភាពរៀបចំ តាក់តែងដោយលោក Kushner ដែលជាកូនប្រសារ និងទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ គេនៅមិនទាន់ដឹងពីខ្លឹមសារលំអិតនៃផែនការសន្តិភាពរបស់លោក Kushner នៅឡើយទេ តែកូនប្រសារ និងទីប្រឹក្សារបស់លោកត្រាំរូបនេះធ្លាប់បដិសេធមិននិយាយពីដំណោះស្រាយរដ្ឋពីរដែលជាបុព្វហេតុការទូតអន្តរជាតិតាំងពីច្រើនទសវត្សមកហើយ។
យ៉ាងណាក៏ដោយ ភាគីប៉ាឡេស្ទីនបានបដិសេធមិនទទួលស្គាល់ និងមិនទទួលយកផែនការសន្តិភាពមួយនេះរបស់អាមេរិករួចជាស្រេច។ ក្រោមភ្នែកច្រមុះរបស់ពលរដ្ឋប៉ាឡេស្ទីនទូទៅ រដ្ឋបាលអាមេរិករបស់លោកត្រាំបានគាំទ្រអ៊ីស្រាអែលដូចយ៉ាងការប្រកាសទទួលស្គាល់ហ្សេរ៉ុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែលនាដំណាច់ឆ្នាំ ២០១៧។ ដោយឡែក ប្រមុខការទូតអាល្លឺម៉ង់ និងហ្សកដានីក៏បានបន្តការគាំទ្រ និងគូសបញ្ជាក់ពីសារៈសំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនដែលលោកត្រាំបានស្នើឲ្យរំលាយចោល។ ក្នុងឆ្នាំ ២០១៨ លោកត្រាំបានប្រកាសឈប់ផ្តល់វិភាគទានចំនួន ៣០០លានដុល្លារក្នុងមួយឆ្នាំឲ្យទីភ្នាក់ងារមួយនេះ។
គួររម្លឹកថា ហ្សកដានីដែលមានប្រជាជនរស់នៅ ៦ ៦០០ ០០០នាក់ និងជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកបានធ្វើជាអ្នកការពារនៅទីសក្ការៈសាសនាអ៊ីស្លាមក្នុងទីក្រុងហ្សេរ៉ុយសាឡិម និងកំពុងទទួលឲ្យជ្រកកោនលើទឹកដីខ្លួននូវជនភៀសខ្លួនប៉ាឡេស្ទីនជិត ២ ២០០ ០០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ