ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

អង្គការ​ពលកម្ម​អន្តរជាតិ​បើក​សន្និសីទ​ដែល​និយាយ​ពី អនាគត​របស់​ការងារ នៅ១០០​ឆ្នាំខាងមុខ

អង្គការ​ពលកម្ម​អន្តរជាតិ​បើក​សន្និសីទ​ដែល​និយាយ​ពី អនាគត​របស់​ការងារ នៅ១០០​ឆ្នាំខាងមុខ
 
អគ្គលេខាធិការ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ International Labour Organization (ILO) លោកGuy Ryder ឡើង​និយាយ​បើក​សន្និសីទ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី ១០​មិថុនា នៅប្រទេស​ស្វ៊ីស © REUTERS/Denis Balibouse

អង្គការ​ពលកម្ម​អន្តរជាតិ​ILO បើក​សន្និសីទ​ប្រចាំឆ្នាំ​របស់ខ្លួន ពីថ្ងៃចន្ទ​ទី ១០​មិថុនា រហូត​ដល់​ថ្ងៃ ទី ២១​មិថុនា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ សន្និសីទ​ប្រចាំឆ្នាំ ឆ្នាំ​នេះ​ធ្វើឡើង​នៅ​ចំពេល​ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​ការកកើត​របស់​ស្ថាប័ន​អន្តរជាតិ​មួយនេះ។ អង្គការ​ពលកម្ម​អន្តរជាតិ មាន​អាយុ ១០០​ឆ្នាំ ដោយ​អាច​ជៀសផុត មិន​ដួលរំលំ​ស្លាប់ ដោយសារ​សង្រ្គាម​លោក​លើកទី២។ តើ​អង្គការ​ពលកម្ម​អន្តរជាតិ មាន​ប្រវត្តិនិងដើរតួនាទី​អ្វីខ្លះ?

 

អង្គការ​ពលកម្ម​អន្តរជាតិ ដែល​ហៅកាត់ខ្លីជា​ភាសា​អង់គ្លេស ថា ILO បាន​កើតចេញ​ជា​រូបរាង នៅពេលមាន សន្ធិសញ្ញា​Versailles នៅ​ប្រទេស​បារាំង ដែល​ជា​សន្ធិសញ្ញា បិទបញ្ចប់​សង្រ្គាម​លោកលើក​ទី១។ ហេតុអ្វី​បាន​ជា​ស្ថាប័ន​ស្តី​ពីការងារ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​សន្ធិសញ្ញា​សន្តិភាពទៅវិញ? ចម្លើយ​មាន​នៅក្នុង​បុព្វកថា​របស់​ធម្មនុញ្ញ​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បាន​ចែង​ពីគោលការណ៍​ដែល​ថា សន្តិភាព សកល និង​យូរអង្វែង អាច​កើតមាន​បាន ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​យុត្តិធម៌​សង្គម។ ដើម្បី​ធ្វើ​ឲ្យ​បាន​យុត្តិធម៌​សង្គម អង្គការ​ពលកម្ម​អន្តរជាតិ​បាន​លើកឡើង​ពី​ច្បាប់​ការងារ ដែល​នៅក្នុង​នោះ គេ​បាន​កំណត់​ពេលវេលា ចំនួន ម៉ោង​ធ្វើការ​ជាដើម។

លក្ខណៈ​ពិសេស​របស់​អង្គការ​ពលកម្ម​ការងារ គឺ​ស្ថាប័ន​អន្តរជាតិមួយ​នេះ មាន​ចូលរួម​ដោយ​អ្នកតំណាង​មកពី​បី​ភាគី​ផ្សេងគ្នា គឺរដ្ឋាភិបាល សហជីព ពលករ ហើយ​និង​ក្រុមហ៊ុន​ឯកជន។

ចំណុច​ពិសេស​មួយទៀត របស់​អង្គការ​ពលកម្ម​អន្តរជាតិ គឺ ខុសពីស្ថាប័ន​អន្តរជាតិ​ផ្សេងទៀត ដែល​ដួលរលំ បាត់រូបរាង នៅក្នុង​អំឡុង​សង្រ្គាម លោកលើកទី​២ អង្គការ​ពលកម្ម​អន្តរជាតិ អាច​មាន​អាយុ វែង​ដល់​១០០​ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​ជួយសង្រ្គោះ យ៉ាង​ប្រផិតប្រផើយ ដោយ​នយោបាយ​ការងារ​របស់​អាមេរិក​ក្រោម​ការដឹកនាំ​របស់​លោក ប្រធានាធិបតី Franklin D Roosevelt។

សូមបញ្ជាក់ថា នៅ​ឆ្នាំ ១៩៣៥ នៅពេល​រដ្ឋាភិបាល​ណាហ្ស៊ី​របស់​អាល្លឺម៉ង់​ដកខ្លួន​ចេញពី​អង្គការ​ពលកម្ម​អន្តរជាតិ អាមេរិក​របស់​លោក​Roosevelt​បាន​ចូល​សមាជិកភាព ដើម្បី​ស្រោចស្រង់ ជួយ​ឲ្យ​ស្ថាប័ន​មួយនេះ​អាច​ឈរជើង​បាន​ឡើងវិញ។ នៅ​ឆ្នាំ ១៩៤០ នៅពេល​ក្រុមណាហ្សី អាល្លឺម៉ង់ ចូលឡោមព័ទ្ធ ឈ្លានពាន ប្រទេស​បារាំង អង្គការ​ពលកម្ម​អន្តរជាតិ ដែល​មានទីស្នាក់ការ​នៅទីក្រុង​ហ្សឺណែវ ក្បែរ​ព្រំដែន​ប្រទេស​បារាំង បាន​រើទីតាំង​របស់ខ្លួន ទៅ​ទីក្រុង​Montréal ប្រទេស​កាណាដា​អស់​ប៉ុន្មានឆ្នាំ ដើម្បី​គេចចេញ​ពីការគ្រប់គ្រង​របស់​មេដឹកនាំ​ផ្តាច់ការ​ណាហ្សីអាល្លឺម៉ង់។

នៅក្នុងអំឡុង​សង្រ្គាម​លោកលើកទី​២ អង្គការ​ពលកម្ម​អន្តរជាតិ​បន្ត​ការងារ​របស់ខ្លួន​នៅ​កាណាដា ដោយ​បាន​ជួយ​បង្កើត​ប្រព័ន្ធ សុវត្ថិភាព​ការងារ នៅ​ក្នុង​បណ្តា​ប្រទេស​អាមេរិកឡាទីន។

ឥលូវនេះ អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​បាន​ក្លាយជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ តាំង​ពី​ឆ្នាំ ១៩៤៦ បាន​កើន​ប្រទេស​សមាជិក​រហូត​ដល់ ១៨៧​ប្រទេស។

មានអាយុ​១០០​ឆ្នាំ អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​តែ​បទបែន ទៅតាម​កាលវិវឌ្ឍន៍​របស់​ពិភពលោក

ទោះមាន​ចំណាស់ ១០០​ឆ្នាំ ប៉ុន្តែ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​វិវឌ្ឍន៍​សម្របខ្លួន​ទៅតាម​កាល​បរិបទ​ជានិច្ច។ ជាក់ស្តែង នៅក្នុង សន្និសីទ​ប្រចាំ​ឆ្នាំនេះ ដែល​ប្រព្រឹត្ត​ឡើង​នៅចំ​ខួប ១០០​ឆ្នាំ​របស់ខ្លួន និង​នៅចំពេល​ដែល​ពិភពលោក​កំពុងកើត​មាន​ចលនា  Metoo អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ដាក់ទិសដៅ​ពីរ ដែល​គេ​ត្រូវ​សម្រេច​ឲ្យ​បាន នោះ គឺ ការបង្កើត​ឲ្យបាន អនុសញ្ញា ស្តីពី​អំពើហិង្សា ការបំពារបំពាន​នៅ​ក្នុង​ការងារ ហើយ​និង​សេចក្តី​ប្រកាស​​រួមមួយ ដែល​កំណត់​ពី​អនាគត របស់​ការងារ នៅក្នុង​រយៈពេល ១០០​ឆ្នាំ​ទៅមុខ។

នៅក្នុង​សន្និសីទប្រចាំឆ្នាំ​លើកនេះ គណៈប្រតិភូ​ជិត ៦ពាន់​នាក់ ដែលនៅក្នុង​នោះ មាន​៤៤នាក់ ជា​ប្រមុខរដ្ឋ និង​មេដឹកនាំ​របស់​ប្រទេស​សមាជិក អង្គការ​ពលកម្ម​អន្តរជាតិ ត្រូវ​គិតគូរ​រួមគ្នា ពិចារណា ពី​អនាគត​ការងារ ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ខ្លាំង​នៅក្នុង​ពិភពលោក​មួយ ដែល​កំពុង​កើតមាន​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​និង​ការរីកចម្រើន​របស់​បច្ចេកវិទ្យា​ទំនើប ដូចជា​ប្រាជ្ញា​សិប្បនិម្មិត ដែល​នឹង​ដាក់​មនុស្សយន្ត​ឲ្យ​ធ្វើការ​ជំនួស​មនុស្ស ជាដើម។ នៅត្រង់ចំណុច​នេះ ខ្ញុំសូមរំលឹកថា នៅ​ក្នុង​របាយការណ៍​ដើមឆ្នាំនេះ អ្នកជំនាញ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ទាញ​សញ្ញា​អាសន្ន​ស្តី ពីការបាត់បង់​ការងារ​របស់​មនុស្ស ដោយសារ​តែនិន្នាការ​នៃ​ការដាក់មនុស្សយន្ត ឬ​ម៉ាស៊ីន​ឲ្យ​ធ្វើការ​ជំនួស​មនុស្ស នៅក្នុង​វិស័យ​ឧស្សាហកម្ម ជាដើម។ អ្នកដែលរង​​គ្រោះថ្នាក់​ជាងគេ គឺ​មនុស្ស​ស្រី ហើយនិង​ប្រជាជន​នៅ​បណ្តា​ប្រទេស​ក្រីក្រ ដែល​ពឹងផ្អែក​ច្រើន​ទៅលើ​ការងារ​ដោយ​ដៃ​ដែល​អាច​ត្រូវ​ជំនួស​បាន​ដោយងាយស្រួល និង​លឿន ដោយ​ម៉ាស៊ីន។

ដើម្បី​ជៀសវាង​កុំ​ឲ្យ​កើតមាន​វិបត្តិ​ការងារ ដែល​ជាទូទៅ ជា​ប្រភពដើមចម​នៃ​ការងើបតវ៉ា​របស់​ប្រជាជន អង្គការ​ILO ជំរុញ​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល ​ក្រុមហ៊ុន​ឯកជន ហើយនិង​សហជីព ដែល​ជា​ភាគី​សំខាន់​របស់​អង្គការ ពិចារណា បង្កើត​ពិភពការងារ​មួយ ដែល​ផ្តល់​តម្លៃ​លើ​មនុស្សជាតិ។ តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​គេ​​ត្រូវ​បង្កើត​បរិយាកាស​ការងារ​ដ៏ត្រឹមត្រូវ និង​ត្រូវ​បណ្តុះបណ្តាល មនុស្ស​ជា​ដរាប ពោល​គឺ​គេមិនត្រូវ​បោះបង់​ចោល​មនុស្ស និង​ងាកចាប់យក​មនុស្សយន្ត​នោះទេ។

សម្រាប់​ប្រធាន អង្គការ​ពលកម្ម​អន្តរជាតិ ​គេ​សង្ឃឹម​នឹង​សម្រេច​បាន​អនុសញ្ញា ហើយ​និង​សេចក្តីប្រកាស​រួមមួយ​នៅក្រោយ​សន្និសីទ​លើកនេះ។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា តើ​ប្រទេស​សមាជិក​នឹង​ផ្តល់សច្ចាប័ន​ដែរឬទេ បន្ទាប់ពីនេះ។ ឧទាហរណ៍នៅក្នុង​រឿង​បំពារបំពាន​នៅក្នុង​ការងារ ក្រុមហ៊ុន​ឯកជន​មួយចំនួន​នៅតែខ្លាច​រអា មិន​ចង់​ទទួល​ខុសត្រូវ​ច្រើនទេ ព្រោះដោយសារ​ខ្លាច​បាត់បង់​ពេលវេលា ផលប្រយោជន៍ នៅពេល​​​ជម្លោះ ការបំពារបំពាន អំពើហិង្សា​រវាង​បុគ្គលិក កើតឡើងនៅក្រៅ​កន្លែង​ការងារ។

នៅក្នុង​អនុសញ្ញា​ស្តីពី​អំពើហិង្សា នៅកន្លែង​ការងារ គេ​ប្រុង​នឹង​ដាក់បញ្ចូល​ផងដែរ ការបំពារបំពាន​លើ​ក្រុមមនុស្ស​ភេទទី​៣ នៅកន្លែង​ការងារ ប៉ុន្តែ ចំណុចនេះ​ប្រាកដជាត្រូវ​ប្រឆាំង​ខ្លាំង​ពី​បណ្តា​ប្រទេស​សមាជិកអាហ្រ្វិក ដែលសំបូរ​កើតមាន​រឿង​រើសអើង​មនុស្ស​ស្រឡាញ់​ភេទដូចគ្នានេះ។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ស៊្វីស

    អង្គការ​ពលកម្ម​អន្តរជាតិ៖ ពាក់​កណ្តាល​នៃ​​​ចំនួន​មនុស្ស​ចាស់​ក្នុង​ពិភពលោក​​គ្មាន​​ប្រាក់​និវត្តន៍

    ស្វែងយល់បន្ថែម

  • បង់ក្លាដែស

    អង្គការពលកម្ម​អន្តរជាតិ៖​កិច្ចព្រមព្រៀង​ស្តីពី​សហគ្រាស​កាត់ដេរ​បង់ក្លាដែស​ ត្រូវមាន​លក្ខណៈ​ទូទៅ​

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    ទិវា​ពលកម្ម​អន្តរជាតិ៖ កម្មករ​ស្នើ​ឲ្យ​បញ្ឈប់​ការ​រើសអើង​សហជីព

    ស្វែងយល់បន្ថែម

  • កម្ពុជា-សង្គម

    ​ពលករ​បរទេស​បំរើ​ការងារ​នៅក​ម្ពុជា​ត្រូវ​បាន​សង្ស័យ​ថា មាន​លើស​ពី​កូតា​កំណត់​១០%​

    ស្វែងយល់បន្ថែម

  • បារាំង

    បារាំង៖ ទិវាពលកម្ម​អន្តរជាតិ ស្ថិត​ក្នុង​បរិយាកាស​អួរអាប់ នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី

    ស្វែងយល់បន្ថែម

  • ទិវា​ពលកម្ម​អន្តរជាតិ

    បាតុកម្ម​ក្នុង​ពិភពលោក​ ក្នុង​​ថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ ១​ឧសភា​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ