អានតួអត្ថបទ
អ៊ីរ៉ង់-អាល្លឺម៉ង់

អាល្លឺម៉ង់ជំរុញអ៊ីរ៉ង់ឲ្យគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

នា​ឱកាស​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​អាទិត្យ ទី១០ មិថុនា ប្រមុខ​កាទូត​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស​បាន​ជំរុញ​អ៊ីរ៉ង់​ឲ្យ​បន្ត​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ ការ​អំពាវនាវ​របស់​លោក​ហៃកូ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ​ក្នុង​ទីក្រុង​តេហេរ៉ង់។ គួរ​រម្លឹក​ថា ក្រោយ​ពី​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ មួយ​នេះ​កំពុង​ត្រូវ​បាន​បន្ត​គោរព និង​រក្សា​ទុក​ដោយ​ភាគី​ហត្ថលេខី​ផ្សេង​ទៀត មាន​អឺរ៉ុប ចិន និង​រុស្ស៊ី។ តែ​អ៊ីរ៉ង់​បាន​មើល​ឃើញ​ថា ភាគី​ហត្ថលេខី​នៅ​សល់​ទាំង​នេះ​មិន​បាន​ធ្វើ​អ្វី​ជាក់ស្តែង​ដើម្បី​ជួយ​អ៊ីរ៉ង់​ប្រឈម​ទប់​នឹង​អាមេរិក​ដែល​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​ទេ។

ប្រមុខកាទូតអាល្លឺម៉ង់លោកហៃកូ ម៉ាស និងសមភាគីអ៊ីរ៉ង់លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ ថ្ងៃទី១០ មិថុនា ២០១៩
ប្រមុខកាទូតអាល្លឺម៉ង់លោកហៃកូ ម៉ាស និងសមភាគីអ៊ីរ៉ង់លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ ថ្ងៃទី១០ មិថុនា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ជួប​ជជែក​គ្នា​អស់​រយៈពេល​កន្លះ​ម៉ោង ប្រមុខ​ការទូត​អាល្លឺម៉ង់ និង​អ៊ីរ៉ង់​បាន​ធ្វើ​សន្និសីទកាសែត​រួម​គ្នា។ « យើង​បាន​ជជែក​គ្នា​យ៉ាង​ម៉ត់ចត់ ត្រង់ទៅ​ត្រង់​មក និង​មាន​រយៈពេល​យូរ។ ជាមួយ​អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប យើង​មាន​គោលដៅ​រួម​មួយ គឺ​រក្សា​ទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់ បញ្ចប់​ភាព​តានតឹង បញ្ចប់​ជម្លោះ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កើត​ចេញ​ពី​កិច្ចព្រមព្រៀង » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ។ ចំណែក​សមភាគី​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស​បាន​រម្លឹក​ឡើង​វិញ​ពី​សារៈសំខាន់​របស់​កិច្ចព្រមព្រៀង និង​ថា អាល្លឺម៉ង់​មិន​ចង់​ឃើញ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ។

តាម​លោក​ហៃកូ អាល្លឺម៉ង់ និង​ដៃគូ​អឺរ៉ុប​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​គោរព​កិច្ចសន្យា​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ គួរ​រម្លឹក​ថា បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨ មក កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ មួយ​នេះ​កំពុង​ត្រូវ​បាន​បន្ត​គោរព និង​រក្សា​ទុក​ដោយ​ភាគី​ហត្ថលេខី​ផ្សេង​ទៀត មាន​អឺរ៉ុប ចិន និង​រុស្ស៊ី។ តែ​អ៊ីរ៉ង់​បាន​ស្តីបន្ទោស​ភាគី​ហត្ថលេខី​នៅ​សល់​ទាំង​នេះ​ថា​មិន​បាន​ធ្វើ​អ្វី​ជាក់ស្តែង​ដើម្បី​ជួយ​អ៊ីរ៉ង់​ក្នុង​ការ​ប្រឈម​ទប់​នឹង​រដ្ឋបាល​អាមេរិក​ដែល​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។

នៅ​ក្នុង​ន័យ​នេះ ទីក្រុង​តេហេរ៉ង់​បាន​ទុក​ពេល​ឲ្យ​អឺរ៉ុប រុស្ស៊ី និង​ចិន​រយៈពេល ២ខែ ពោល​រហូត​ដល់​ថ្ងៃទី៨ កក្កដា​ដើម្បី​ជួយ​គាំទ្រ​សេដ្ឋកិច្ច​អ៊ីរ៉ង់ ពិសេស​ក្នុង​វិស័យ​ប្រេងឥន្ធនៈ និង​ធនាគារ។ បើ​គ្មាន​វិធានការ​ជាក់ស្តែង​ណា​មួយ​ពី​អឺរ៉ុប រុស្ស៊ី និង​ចិន​ទេ នោះ​អ៊ីរ៉ង់​នឹង​បង្កើន​បរិមាណ​ផលិកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​នៅ​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន និង​ផ្តើម​គម្រោង​សាងសង់​ម៉ាស៊ីប្រតិកម្ម​ទឹកធ្ងន់​ឡើង​វិញ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អារ៉ាក់។ យ៉ាង​ណា​ក៏​ដោយ កំណើន​នៃ​ភាព​តានតឹង​ក្នុង​សំណុំរឿង​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឲ្យ​នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​លោក​យូគីយ៉ា អាម៉ាណូ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ លោក​អាម៉ាណូ​សង្ឃឹម​ថា គេ​នឹង​អាច​កាត់​បន្ថយ​ភាព​តានតឹង​មួយ​នេះ​តាម​ផ្លូវ​ចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ