អានតួអត្ថបទ
ស្វ៊ីស-ILO

ប្រធានាធិបតីបារាំងរម្លឹកពីសមិទ្ធិផលដែលអង្គការពលកម្មអន្តរជាតិសម្រេចបានក្នុងរយៈពេល ១០០ឆ្នាំ

សន្និសីទ​នៃ​អង្គការពលកម្មអន្តរជាតិ ILO កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ សន្និសីទ​ប្រចាំ​ឆ្នាំ ២០១៩ បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​មាន​អាយុ​គម្រប់ ១០០ឆ្នាំ។ លក្ខណៈ​ពិសេស​របស់​អង្គការ​ពលកម្ម​អន្តរជាតិ គឺ​ការ​ចូល​រួម​ដោយ​អ្នកតំណាង​មក​ពី​ភាគី​រដ្ឋាភិបាល សហជីព និង​ក្រុមហ៊ុនឯកជន រួម​ជាមួយ​ពលករ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​នា​ថ្ងៃ​អង្គារ ទី១១ មិថុនា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​រម្លឹក​ពី​សមិទ្ធិផល​ដែល​អង្គការពលកម្មអន្តរជាតិ​សម្រេច​បាន​ក្នុង​រយៈពេល ១០០ឆ្នាំ​កន្លង​ទៅ។

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង Reuters
ផ្សាយពាណិជ្ជកម្ម

« ១០០ឆ្នាំ​នៃ​ការ​តស៊ូ ១០០ឆ្នាំ​នៃ​យុត្តិធម៌សង្គម ១០០ឆ្នាំ​នៃ​កិច្ចសន្ទនា និង​ការ​ឲ្យ​សច្ចាប័ន​លើ ១៨៩ អនុសញ្ញា​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​ស្រី ប្រុស​ក្នុង​លោក​រាប់សិប​លាននាក់។ មាន​អនុសាសន៍​ចំនួន ២០២ អនុសាសន៍​ត្រូវ​បាន​អនុម័ត។ ប្រវត្តិសាស្រ្ត​របស់​អង្គការពលកម្មអន្តរជាតិ គឺ​ជា​ប្រវត្តិសាស្រ្ត​នៃ​ការ​តស៊ូ​ទាំង​អស់​នេះ​ឯង។ គឺ​ជា​ប្រវត្តិសាស្រ្ត​របស់​និយោជិក និយោជក​ដែល​តាម​រយៈ​អនុសញ្ញា ពួក​គេ​ទទួល​បាន​ការ​កំណត់​ពេលវេលា​ធ្វើ​ការងារ​ក្នុង​មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍។

គឺ​ជា​ប្រវត្តិសាស្រ្ត​របស់​កុមារ​ដែល​ពួក​គេ​អាច​ទៅ​សាលារៀន ព្រោះ​ទីកន្លែង​របស់​ពួក​គេ​មិនមែន​នៅ​ក្នុង​រោងចក្រ​ទេ តែ​នៅ​ក្នុង​ថ្នាក់រៀន​ជាមួយ​គ្រូបង្រៀន និង​ក្តារខៀន។ ខ្ញុំ​ចង់​គូសបញ្ជាក់​នៅ​ទីនេះ​ថា នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប្រទេស​បារាំង​នឹង​ធ្វើ​ជា​ប្រធាន​សម្ព័ន្ធ ៨.៧ ដែល​ជា​ដៃគូអន្តរជាតិ​ប្រឆាំង​នឹង​ពលកម្ម​កុមារ និង​ពលកម្ម​ដោយ​បង្ខំ។

ជាមួយ​នឹង​ការ​គាំទ្រ​របស់​យើង រួម​ទាំង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ផង អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឧត្តមស្នងការដ្ឋាន​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន អង្គការ Unicef អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក ក្រុម​ដៃគូសង្គម និង​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​នឹង​ចងសម្ព័ន្ធ​ជាមួយ​អង្គការពលកម្មអន្តរជាតិ​ដើម្បី​បិទបញ្ចប់​ពលកម្ម​កុមារ និង​ពលកម្ម​ដោយ​បង្ខំ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ