ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT

អាមេរិកនឹងបញ្ជូនទ័ពបន្ថែមនៅកាន់ប៉ូឡូញ តែបន្តពិចារណារឿងបង្កើតមូលដ្ឋានទ័ព

អាមេរិកនឹងបញ្ជូនទ័ពបន្ថែមនៅកាន់ប៉ូឡូញ តែបន្តពិចារណារឿងបង្កើតមូលដ្ឋានទ័ព
 
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ (រូបស្តាំ) បានទទួលជួបសមភាគីប៉ូឡូញលោកអាន់ហ្សី ឌូដានៅក្នុងសេតវិមាននាថ្ងៃពុធ ទី១២ មិថុនា ២០១៩ Reuters

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ទទួល​ជួប​សមភាគី​ប៉ូឡូញ​លោក​អាន់ហ្សី ឌូដា​នៅ​ក្នុង​សេតវិមាន​នា​ថ្ងៃ​ពុធ ទី១២ មិថុនា។ នេះ​ជា​លើកទី២ ក្នុង​រយៈពេល​មិន​ដល់ ១ឆ្នាំ​ផង​ដែល​ប្រធានាធិបតី​ប៉ូឡូញ​លោក​ឌូដា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក។

លោក​ត្រាំ​បាន​ប្រកាស​ថា អាមេរិក​នឹង​បញ្ជូន​ទ័ព​បន្ថែម​ចំនួន ១ ០០០នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ និង​បាន​ឆ្លៀត​ថ្លែង​រិះគន់​អាល្លឺម៉ង់​ដែល​បាន​ងាក​ទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​រុស្ស៊ី​ក្នុង​វិស័យ​ថាមពល។ ចំណែក​លោក​ឌូដា​វិញ​បាន​សន្យា​ទិញ​យន្តហោះចម្បាំង​អាមេរិក​ប្រភេទ F-៣៥ ចំនួន ៣០គ្រឿង និង​ឧស្ម័នអាមេរិក។ គួរ​រម្លឹក​ថា​បច្ចុប្បន្ន អាមេរិក​មាន​ទ័ព​ជិត ៥ ០០០នាក់​កំពុង​ឈរ​ជើង​លើ​ទឹកដី​ប៉ូឡូញ តែ​នៅ​មិន​ទាន់​មាន​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ទីនោះ​ទេ។

គេ​អាច​និយាយ​បាន​ថា ការ​ប្រកាស​របស់​លោក​ត្រាំ​ចំពោះ​លោក​ឌូដា​អាច​ជា​ការ​សន្យា​របស់​លោក​ត្រាំ​ចំពោះ​លោក​អាន់ហ្សី ឌូដា​នា​ដំណើរ​ទស្សនកិច្ច​លើកទី១ របស់​លោក​ឌូដា​ក្នុង​ទឹកដី​អាមេរិក​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ត្រាំ​កាលណោះ លោក​ឌូដា​បាន​សុំ​ឲ្យ​លោក​ត្រាំ​បញ្ជូន​ទ័ព​អាមេរិក​បន្ថែម​ទៅ​កាន់​ប៉ូឡូញ និង​ស្នើ​ឲ្យ​លោក​ត្រាំ​បង្កើត​មូលដ្ឋាន​ទ័ពអាមេរិក​ជា​អចិន្រ្តៃយ៍​លើ​ទឹកដី​ប៉ូឡូញ​ដោយ​លោក​ឌូដា​ត្រៀម​ចំណាយ​លុយ​យ៉ាង​តិច​បំផុត ២ ០០០លានដុល្លារ។ តែ​នៅ​ក្នុង​ជំនួប​លើកទី២ នា​ថ្ងៃ​ពុធ ទី១២ មិថុនា លោក​ត្រាំ​បាន​សន្យា​បញ្ជូន​បន្ថែម​ចំនួន ១ ០០០នាក់​ដោយ​មិន​បាន​និយាយ​ដល់​រឿង​បង្កើត​មូលដ្ឋាន​ទ័ពអាមេរិក​ជា​អចិន្រ្តៃយ៍​លើ​ទឹកដី​ប៉ូឡូញ។ នៅ​ពេល​មាន​សំណួរ​ចោទ​ឡើង​ថា តើ​លោក​ឌូដា​ចង់​បាន​ទ័ពអាមេរិក​ប៉ុន្មាន​នាក់​នៅ​ប៉ូឡូញ លោក​ត្រាំ​បាន​ឆ្លើយ​ជាមួយ​នឹង​ការ​សើច​លេង​ថា លោក​ឌូដា​ចង់​បាន ២៥០ ០០០នាក់។

គួរ​រម្លឹក​ថា​មក​ទល់​ពេល​បច្ចុប្បន្ន រឿង​បង្កើត​មូលដ្ឋានទ័ព​អាមេរិក​ជា​អចិន្ត្រៃយ៍​លើ​ទឹកដី​ប៉ូឡូញ​ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន​បន្ត​រារែក អល់អែល​ដោយ​លើក​ហេតុផល​ទៅ​ពន្យល់​ថា ទីតាំង​ដែល​ក្រុង​វ៉ារសូវី​បាន​ប្រគល់​ឲ្យ​អាមេរិក​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​មាន​ផ្ទៃដី​តូច​ពេក​ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​ទ័ព​អាមេរិក​ធ្វើ​ការ​ហ្វឹកហ្វឺន​ជាមួយ​នឹង​សព្វាវុធ​ធំៗ​បាន​ឡើយ។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ មាន​ទ័ព​អាមេរិក​ជិត ៥ ០០០នាក់​កំពុង​ឈរ​ជើង​លើ​ទឹកដី​ប៉ូឡូញ​នៅ​តាម​មូលដ្ឋានទ័ព​ប៉ូឡូញ ហើយ​ការ​បញ្ជូន ១ ០០០នាក់​បន្ថែម​នឹង​ត្រូវ​អាមេរិក​ដក​ចេញ​ពី​កម្លាំង​ដែល​កំពុង​ឈរ​ជើង​លើ​ទឹកដី​អាល្លឺម៉ង់​មាន​គ្នា​ចំនួន ៥២ ០០០នាក់។

អ្វី​ជា​ការ​កត់សម្គាល់ លោក​ត្រាំ​មិន​បាន​សន្យា​បញ្ជូន​ទ័ពអាមេរិក​បន្ថែម​ទៅ​កាន់​ប៉ូឡូញ​ដោយ​គ្មាន​ទទួល​បាន​អ្វី​ពី​លោក​ឌូដា​ទេ។ ជា​ថ្នូរ​ត្រឡប់​វិញ លោក​ឌូដា​បាន​សន្យា​ទិញ​ឧស្ម័នអាមេរិក ពិសេស​ទិញ​យន្តហោះចម្បាំង​អាមេរិក​ប្រភេទ F-៣៥ ដល់​ទៅ ៣០គ្រឿង ហើយ​ដើម្បី​ជា​ការ​សម្ញែង និង​បង្អួត​ពី​ប្រសិទ្ធិភាព​របស់​យន្តហោះ F-៣៥ ប្រាប់​លោក​ឌូដា លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​មាន​ការ​ហោះហើរ​យន្តហោះ​មួយ​នេះ​នៅ​ពី​លើ​សេតវិមាន។

សន្តិសុខ​របស់​ប៉ូឡូញ​តែង​រំពឹង​លើ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក

ប៉ូឡូញ​បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់​តាំង​ពី​ឆ្នាំ ១៩៩៩ មាន​ន័យ​ថា ប្រទេស​អឺរ៉ុប​ខាងកើត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​រុស្ស៊ី​មួយ​នេះ​ទទួល​បាន​ការ​ការពារ​ពី​អូតង់​នៅ​ក្នុង​ករណី​ដែល​មាន​ការ​គំរាម​ពី​ខាង​ក្រៅ។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ការ​បង្កើន​វត្តមាន​ទ័ពអាមេរិកាំង​ជា​អាទិភាព​របស់​រដ្ឋាភិបាល​ប៉ូឡូញ​គ្រប់​ជំនាន់​ទាំង​អស់ គ្រាន់​តែ​ថា មាន​រដ្ឋាភិបាល​ខ្លះ​ហាក់​ប្រកាន់​យក​សមភាព​រវាង​សម្ព័ន្ធមិត្ត​អាមេរិក សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​ផ្សេង ហើយ​រដ្ឋាភិបាល​ខ្លះ​ទៀត​ហាក់​មាន​ការ​ផ្អៀង​ខ្លាំង​លើ​សម្ព័ន្ធមិត្ត​អាមេរិក​ជាង​សម្ព័ន្ធមិត្ត​ផ្សេង​តែ​ប៉ុណ្ណោះ។ នេះ​ក៏​មក​ពី​ប៉ូឡូញ​បាន​ប្រកាន់​យក​នូវ​យុទ្ធសាស្រ្ត​មួយ​ដែល​សន្តិសុខ​បាន​រំពឹង​លើ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ជាជាង​ជាមួយ​អ្នក​ផ្សេង។

អតីត​រដ្ឋាភិបាល​ប៉ូឡូញ​ដែល​ស្ថិត​ក្នុង​ដៃ​គណបក្ស​កណ្តាលស្តាំនិយម​បាន​ព្យាយាម​រក្សា​សមភាព​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ពិសេស​ក្នុង​រឿង​ទិញ​គ្រឿង​សព្វាវុធ។ តែ​រដ្ឋាភិបាល​អភិរក្សនិយម​នៅ​ប៉ូឡូញ​សព្វថ្ងៃ​ដែល​កំពុង​ប្រឈម​មុខ​ខ្លាំង​ទល់​នឹង​ដៃគូ​អឺរ៉ុប​ហាក់​បាន​បែរ​មុខ​ខ្លាំង​រក​អាមេរិក​តែ​ម្តង។ លើស​ពី​នេះ​ទៅ​ទៀត ប្រធានាធិបតី​ប៉ូឡូញ​លោក​ឌូដា​មាន​មនោគមន៍វិជ្ជា​ស្រដៀង​គ្នា​នឹង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ។ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ប៉ូឡូញ​កំពុង​ទទួល​រង​ការ​ស្តីបន្ទោស​ពី​សហភាព​អឺរ៉ុប​ក្នុង​រឿង​រំលោភ​នីតិរដ្ឋ លោក​ត្រាំ​បាន​ធានា​ថា លោក​គ្មាន​ក្តីបារម្ភ​អ្វី​ចំពោះ​បញ្ហា​នេះ​ទេ។ លោក​ឌូដា​យល់​មិន​ច្រឡំ​ទេ​ថា នៅ​ចំពោះ​មុខ​ឥរិយាបទ​កោងកាច គំរាមកំហែង​ពី​ប្រទេស​រុស្ស៊ី​ដែល​ជា​អតីត​ចៅហ្វាយ​ខ្លួន គឺ​មាន​តែ​ការ​ឱប​លោក​ត្រាំ​ទេ​ទើប​ទទួល​បាន​ភាព​កក់ក្តៅ​ជាង​ឱប​អ្នកផ្សេង។

ចំណែក​លោក​ត្រាំ​ក៏​បាន​យល់ច្បាស់​ចំពោះ​បញ្ហា​នេះ រួច​បាន​ថ្លែង​ថា រុស្ស៊ី​ប្រហែល​មិន​ខឹង​សម្បារ​នឹង​ទំនាក់ទំនង​កាន់​តែ​ល្អូតល្អឺន​រវាង​អាមេរិក និង​ប៉ូឡូញ​ពេល​នេះ​ទេ និង​សង្ឃឹម​ថា រុស្ស៊ី​នឹង​ប្រកាន់​ឥរិយាបទ​ល្អ និង​គោរព​ប៉ូឡូញ​ដូច​ដែល​រុស្ស៊ី​មាន​ជាមួយ​ប្រទេស​ផ្សេង​ដែរ។ នៅ​ទីបញ្ចប់ និង​ជា​ការ​អរគុណ​លោក​ឌូដា​ដែល​បាន​ទិញ​ឧស្ម័ន និង​យន្តហោះ​ចម្បាំងអាមេរិក លោក​ត្រាំ​បញ្ជាក់​ថា ជានិច្ចកាល​លោក​ស្រឡាញ់​ប្រជាជន​ប៉ូឡូញ ពួក​គេ​ខិតខំ​ធ្វើ​ការងារ ពួក​គេ​ឆ្លាត ពួក​គេ​ស្រឡាញ់​ទឹកដី​របស់​ពួក​គេ ហើយ​ពួក​គេ​ក៏​ស្រឡាញ់​អាមេរិក​ដែរ។

អូតង់​ចាត់​ការ​បញ្ជូន​ទ័ពអាមេរិក​ទៅ​ប៉ូឡូញ​ជា​ការ​ពង្រឹង​កម្លាំង​អូតង់​នៅ​ប៉ែកខាងកើត

ជាទូទៅ ប្រទេស​សមាជិក​ដទៃ​ទៀត​របស់​អង្គការ​អូតង់​បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​តាំង​ពី​លោក​ដូណាល់ ត្រាំ​ប្រកាស​ពី​ការ​បញ្ជូន​ទ័ព​អាមេរិក​បន្ថែម​ទៅ​កាន់​ប៉ូឡូញ​ទៅ​ទៀត។ ពួក​គេ​យល់​ថា គំនិត​ផ្តួចផ្តើម​ជា​លក្ខណៈ​ទ្វេភាគី​រវាង​ប៉ូឡូញ និង​អាមេរិក​ជា​ការ​រំលោភបំពាន​លើ​គោលការណ៍​សាមគ្គីភាព​របស់​អង្គការ​អូតង់​ដែល​ប៉ូឡូញ និង​អាមេរិក​ក៏​ជា​សមាជិក​ពេញសិទ្ធិ​ដែរ។ តែ​ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ព្យាយាម​រំងាប់​ភាព​ពុះ​កញ្រ្ជោល​មួយ​នេះ។ នៅ​ក្នុង​សន្និសីទរួម​គ្នា​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក​ឌូដា​កាល​ពី​មួយ​សប្តាហ៍​មុន លោក​ Stoltenberg បាន​ថ្លែង​ស្វាគមន៍​ចំពោះ​កិច្ចសន្យា​របស់​អាមេរិក​ដើម្បី​សន្តិសុខ​អឺរ៉ុប។

ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​យល់​ឃើញ ពិតមែន​តែ​ការ​បញ្ជូន​ទ័ពអាមេរិក​បន្ថែម​ទៅ​កាន់​ប៉ូឡូញ​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប៉ូឡូញ និង​អាមេរិក​ក៏​ដោយ ក៏​វា​ជា​ការ​បញ្ជូន​កម្លាំង​បន្ថែម​ទៅ​ពង្រឹង​កម្លាំង​អូតង់​នៅ​ប៉ែក​ខាង​កើត​ដែរ។ បន្ទាប់​មក លោក Stoltenberg បាន​លើក​យក​ហេតុផល​បន្ថែម​មួយ​ចំនួន​ទៅ​ពន្យល់​ថា ប៉ូឡូញ​ធ្លាប់​បាន​ទទួល​ការ​ការពារ​ពី​ដៃគូ​របស់​ខ្លួន​តាម​រយៈ​ការ​បញ្ជូន​កម្លាំងប្រយុទ្ធ​ក្រោម​បញ្ជាការ​អាមេរិក ការ​ដាក់​​ប្រព័ន្ធ​មីស៊ីលប្រឆាំង​មីស៊ីល​នា​ពេល​ខាង​មុខ ឬ​មួយ​ក៏​ការ​ទទួល​រៀបចំ​សមយុទ្ធ​រវាង​ទាហាន​អាមេរិក និង​ទាហាន​អូតង់​ជា​ដើម។

ចំណែក​ប្រទេស​ដៃគូ​អឺរ៉ុប​នៅ​ក្នុង​សមាជិក​អូតង់​ផ្សេង​ទៀត​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រយ័ត្នប្រយែង។ អ្នក​ខ្លះ​បាន​យល់​ពី​ការ​ព្រួយបារម្ភ​របស់​ប៉ូឡូញ​នៅ​ចំពោះ​មុខ​ឥរិយាបទ​គំរាម​របស់​រុស្ស៊ី​ក្បែរ​ខាង តែ​មិន​ចង់​ឃើញ​គំនិត​ផ្តួចផ្តើម​ជា​លក្ខណៈ​ទ្វេភាគី​ក្រៅ​រង្វង់​អង្គការ​អូតង់​មួយ​នេះ​ជា​គំរូ​សម្រាប់​ប្រទេស​សមាជិក​ផ្សេង​ទៀត។ ចំណែក​អ្នក​ខ្លះ​ទៀត​យល់​ថា កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ប៉ូឡូញ​ពេល​នេះ​នឹង​ត្រូវ​លោក​ត្រាំ​ប្រើ​ជា​ឈ្នាន់​ដើម្បី​ជំនះ​ប្រទេស​សមាជិក​ផ្សេង​ឲ្យ​បង់វិភាគ​ច្រើន​ជាង​សព្វថ្ងៃ​ដល់​ដល់​អង្គការ​អូតង់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ហេតុ​អ្វី​លោក​ត្រាំ ជ្រើសរើស​​​​ចូល​ប៉ូឡូញ មុនទៅ​​ជំនួប​កំពូល​ហ្សេ​២០ ?

    ស្វែងយល់បន្ថែម

  • ប៉ូឡូញ-ស.រ.អា-រុស្ស៊ី

    ប៉ូឡូញ ជ្រើស​យក​មីស៊ីល​អាមេរិក សម្រាប់​ប្រឈម​នឹង​មីស៊ីល​រុស្ស៊ី

    ស្វែងយល់បន្ថែម

  • អូតង់

    កងទ័ព​អូតង់ ដឹកនាំ​ដោយ​អាមេរិក ផ្តើម​សមយុទ្ធ​យោធា​នៅក្បែរ​ព្រំដែន​រុស្ស៊ី​ភាគ​ខាងលិច

    ស្វែងយល់បន្ថែម

  • អូតង់-អឺរ៉ុប

    អូតង់​កំពុង​រៀបចំ​ជើងព្រួល ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ