អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ ​(FMI) តាម​រយៈ​លោក​ស្រី​ គ្រីស្ទីន ឡាហ្កាដ​ (Christine Lagarde) ​បាន​​ធ្វើការ​​ព្រមាន​​អំពី​​ការ​កើនឡើង​បំណុលជាតិ​របស់​រដ្ឋាភិបាល​បារាំង​ និង​​អំពាវនាវ​ឱ្​យលោក​ប្រធានាធិបតី ​អេម៉ានុយអែល​ ម៉ាក្រុង ​(Emmanuel Macron) ដាក់​ចេញ​នូវវិធានការ​​កាត់​​បន្ថយ​​ចំណាយ​​សាធារណៈ ​ដើម្បី​ចីរភាព​នៃ​សេដ្ឋកិច្​ច​បារាំង​​ ក្នុង​​រយៈ​ពេល​មធ្យម​ និង​ក្នុង​​រយៈពេល​​​វែង។​ តើ​​ហេតុអ្វី?​

លោកស្រី ​គ្រីស្ទីន ​ឡាហ្កាដ​(Christine Lagarde) ប្រធាន​​អង្គការ​​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​(FMI)​
លោកស្រី ​គ្រីស្ទីន ​ឡាហ្កាដ​(Christine Lagarde) ប្រធាន​​អង្គការ​​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​(FMI)​ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ក្នុង ​របាយការណ៍ ចេញផ្សាយ​កាល​ពីពេល​ថ្មី​ៗ ​មូលនិធិរូបិយវត្ថុអន្តរជាតិ​បាន​សម្ដែង​ក្តីព្រួយ​បារម្ភ អំពី​កម្រិត​បំណុលជាតិ​របស់​រដ្ឋាភិបាល​បារាំង ដែល​បាន​កើន​ឡើង​លើស​ពី ​៩៨,៤ភាគរយ​ធៀប​នឹង​ចំណូល​ជាតិសរុប និងបាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បារាំង ដែលកំពុងដឹកនាំដោយ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ ​ចំណាយ​សាធារណៈ​របស់​ខ្លួន។ មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏​បាន​ក្រើន​រំលឹក​ផងដែរ​អំពី ការ​ដាក់ចេញនូវ​វិធានការ​ដើម្បីធ្វើ​ឱ្យ​មាន​ការគាំទ្រពីសាធារណៈជន​ ជាពិសេស​ពាក់ព័ន្ធទៅនឹង​បញ្ហា​ដែល​ប្រទេស​នៅបន្តជាប់ផុងជាមួយ​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ ពោលគឺក្រុម​អាវ​កាក់​ពណ៌​លឿង។

បើ​ទោះបី​ជា​បំណុល​ជាតិរបស់​បារាំង​បាន​ធ្លាក់​ចុះ​ប្រមាណ -០,៣ភាគរយ​ នៅត្រឹម​ត្រីមាសទីបួន​ ក្នុង​ឆ្នាំ​២០១៨ ក៏ទំហំបំណុលជារួម​​បាន​កើន​ឡើង​រហូត​ដល់ ២,៣២ ទ្រីលាន​អឺរ៉ូ។ ជាពិសេស ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​ បំណុល​នេះ​បាន​កើន​ឡើង​ ២,៥​ភាគរយ។ គួរបញ្ជាក់​ផងដែរថា បំណុលជាតិរបស់បារាំងមានត្រឹមតែ ២០ភាគ​រយ​ប៉ុណ្ណោះ​​ធៀប​នឹង​ចំណូលជាតិសរុប កាលពីឆ្នាំ​១៩២០ តែវា​បាន​កើន​ឡើង​ជិត​១០០​ភាគរយ​ នាពេល​បច្ចុប្បន្ន។

ជាក់ស្ដែង ទោះគ្មានការព្រមានអំពី​ហានិភ័យ​អ្វី​ជា​ដុំកំភួន​ក្នុង​ពេល​ភ្លាមៗក៏​ដោយ ក៏ប៉ុន្តែ​ការអនុវត្ត​នយោបាយ​អត្រាការប្រាក់ទាបក្នុង​ពេល​បច្ចុប្បន្ន អាច​រុញច្រាន​ឱ្យ​បំណុលជាតិ​ចេះតែបន្តកើន​ឡើង រហូត​ដល់​កម្រិត​មួយ​ដែលអាច​ផ្តល់​លទ្ធផល​មិន​ល្អ សម្រាប់​សេដ្ឋកិច្ច​បារាំង​នៅ​រយៈពេល​មធ្យម និង​រយៈពេល​វែង។​

មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជាស្ថាប័នអន្តរជាតិដឹកនាំដោយ លោកស្រី​នាយិកា ​គ្រីស្ទីន ឡាហ្កាដ បាន​ធ្វើការ​កត់សម្គាល់​ថា កំណើនសេដ្ឋកិច្ច​បារាំង បើ​ទោះ​ជា​មាន​ល្បឿន​យឺត​បន្តិច ក៏ប៉ុន្តែ វា​នៅ​តែ​បង្កើតបាន​ការងារ​យ៉ាងច្រើន។ នោះក៏ព្រោះ​ដោយសារ​កំណែទម្រង់​ដែលបាន​អនុវត្ត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ លើ​នយោបាយ​ទីផ្សារ​ការងារ និង​នយោបាយពន្ធដារ។

ស្ថាប័នអន្តរជាតិមួយ​នេះ បាន​ធ្វើការព្យាករណ៍កាលពី​ខែ​មេសា​នេះថា កំណើន​សេដ្ឋកិច្ច​បារាំង​នឹង​មាន​ប្រមាណ ១,៣ភាគរយ​នៅ​ឆ្នាំនេះ ហើយ​កំណើន​សេដ្ឋកិច្ច​អាចបន្ត​ក្នុង​អត្រាថេរប្រមាណ ១,៥ភាគរយ​ នៅក្នុង​រយៈពេល​មធ្យម។ បារាំងបច្ចុប្បន្ន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​លំដាប់​ទីពីរ​នៅតំបន់​ចាយ​ប្រាក់​​អឺរ៉ូ និង​ទីប្រាំពីរ​លើ​ពិភពលោក​ វាស់វែង​ដោយ​ចំណូលជាតិសរុប ឬ​ផលិតផល​​ក្នុង​ស្រុក​សរុប។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល​បារាំង កាល​ពីខែមេសា​នេះ បាន​ប្រកាស​គម្រោង​នយោបាយថ្មីៗ ដោយ​គ្រោង​នឹង​កាត់បន្ថយការយកពន្ធ ការកាត់​បន្ថយ​លើ​ចំណាយ​​សាធារណៈ និង​ការបង្កើន​ម៉ោង​ធ្វើការ​ឱ្យបាន​វែងជាងមុន។

ជាចុងក្រោយ មូលនិធិរូបិយវត្ថុអន្តរជាតិ ​ក៏​បាន​បង្ហាញផងដែរអំពី ហានិភ័យ​សាកល​ដែល​បាន​និងកំពុងបន្តកើនឡើង ដូចជា ភាពតានតឹង​នៃ​ជម្លោះ​ពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ឬភាពមិន​ច្បាស់លាស់នៃ​ការ​ចាក​ចេញ​របស់​​ចក្រភពអង់គ្លេស​ពីសហភាពអឺរ៉ុប ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ