អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គឺ​ជា​គម្រោង​ដ៏​ប្រកប​ដោយ​មហិច្ឆតា​បំផុត​របស់​អឺរ៉ុប ក្នុង​វិស័យ​ការពារ​ជាតិ។ នៅ​ថ្ងៃចន្ទទី ១៧ មិថុនា ២០១៩ ក្នុង​ឱកាស​បើក​សម្ពោធ​ពិព័រណ៍យន្តហោះ​អន្តរជាតិ លើក​ទី​៥៣ បារាំង​និង​អាល្លឺម៉ង់ ព្រមទាំង​អេស្ប៉ាញ​​ បាន​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​គោល​ គម្រោង​ផលតិ​យន្តហោះ​ចម្បាំង​ សម្រាប់​ពេល​អនាគត។ តើ​យន្តហោះ​ចម្បាំង​ថ្មី​មាន​ទម្រង់​យ៉ាងណា ? តើ​គម្រោង​ផលិត​យន្តហោះ​នេះ​​មាន​មហិច្ឆតា និង​សារៈ​សំខាន់​​យ៉ាង​ណាខ្លះ ?

ប្រធានាធិតបតី​បារាំង បង្ហាញ​គំរូ​យន្តហោះ​ចម្បាំង​អនាគត​របស់​អឺរ៉ុប ​ថ្ងៃទី​១៧ មិថុនា ២០១៩
ប្រធានាធិតបតី​បារាំង បង្ហាញ​គំរូ​យន្តហោះ​ចម្បាំង​អនាគត​របស់​អឺរ៉ុប ​ថ្ងៃទី​១៧ មិថុនា ២០១៩ Yoan Valat/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

បណ្តោយ​១៨​ម៉ែត្រ ទទឹង​ (ប្រវែង​ស្លាប​ពី​ចុងម្ខាង​ទៅ​ចុង​ម្ខាង​ទៀត)១៤ម៉ែត្រ រាង​រៅ​ប្រហាក់ប្រហែល​​នឹង​​យន្តហោះ​ប្រដេញ​​មុនៗ តែទំនើប​ទាន់​សម័យ​ជាង​ នេះហើយ​ជា​អនាគត​យន្តហោះ​ចម្បាំង​​​ថ្មី ដែលប្រធានាធិបតី​បារាំង​​ អប​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ បាន​​​បង្ហាញ​គំរូ​ជូន​សាធារណជន កាលពី​ថ្ងៃចន្ទ ទី​១៧​មិថុនា ២០១៩ ក្នុង​ពិព័រណ៍យន្តហោះ​អន្តរជាតិ ក្បែរ​ទីក្រុង​ប៉ារីស។

ផ្តើមគំនិត​​​នៅ​ឆ្នាំ​២០១៧ ប្រព័ន្ធ​ប្រយុទ្ធ​ផ្លូវ​អាកាស​អនាគត “Système de Combat aérien du futur” (Scaf) ឈ្មោះ​បណ្តោះ​អាសន្ន​របស់​យន្តហោះ​ចម្បាំង នឹង​ផលិត​ឡើង​ក្នុង​ទម្រង់​ជាការ​ផ្គុំ​បញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​​យន្តហោះ​ចម្បាំងជំនាន់​ថ្មី​ ​ដ្រូន ​មីស៊ីល​​បណ្តែត​​​ជំនាន់​ក្រោយ​ និង​បង្គំ​ដ្រូន​​​ដូច​សំបុកឃ្មុំ ដែល​ត​ភ្ជាប់​បណ្តាញ​ ទៅ​យន្តហោះ​ផ្សេងទៀត ​ទៅ​ផ្កាយ​រណប ទៅ​ប្រព័ន្ធ​អូតង់ និង​ទៅ​ប្រព័ន្ធ​ប្រយុទ្ធ​​លើ​ដី និង​លើ​ទឹក។ ជា​យន្តហោះ​ពហុ​ទិន្នន័យ ផ្តល់​ព័ត៌មាន​​ដ៏​ច្រើន ​ច្រើន​ជ្រុល​សម្រាប់​​​​អ្នក​បើកតែ​ម្នាក់ និងច្រើន​ជ្រុល​​ដែល​មិន​អនុញ្ញាត​​​ឱ្យ​អ្នក​បើកតែ​ម្នាក់​មិន​អាច​គ្រប់គ្រង​បាន។​​​ ទើប​ត្រូវ​ការ​​​បំពាក់​​បញ្ញាសប្បនិម្មិត​ឱ្យ​​​យន្តហោះ​ចម្បាំង​ថ្មី​នេះ ដើម្បី​ជួយ​យ​​វិភាគទិន្នន័យ​ឱ្យ​​​​​​អ្នក​បើក​បរ។ ប៉ុន្តែ​មេបញ្ជាការ​ធំ​នៃ​បេសកកម្ម​ប្រយុទ្ធ​ និង​អ្នក​មាន​សេចក្តី​សម្រេច​ចុងក្រោយ ស្ថិត​ក្នុង​កណ្តាប់​ដៃ​​អ្នកបើកបរ​យន្តហោះ​ចម្បាំង​​ជា​និច្ច។

បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​​លើ​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​ថ្មី​នេះ​ហើយ គេត្រូវការ​ពេល​វេលា​ប្រមាណ​ជា​ពីរ​ឆ្នាំ​ដើម្បី​សិក្សានិង​ធ្វើ​តេស្ត​​បច្ចេកវិទ្យា។ យន្តហោះ​ចម្បាំងមួយ​គ្រឿង​​ដំបូង​គេ​នឹង​ចាប់​ផ្តើម​ធ្វើការ​ហោះហើរ​សាកល្បង​នៅ​ឆ្នាំ​២០២៦ និង​ផ្តើម​ចេញ​ធ្វើ​ប្រតិបត្តិការ​យ៉ាង​ពេញ​លេញ​នៅ​រវាង​ឆ្នាំ​២០៤០ ដើម្បី​ជំនួស​យន្តហោះចម្បាំង​Rafale​និងEuroflighter ដែល​នឹង​​បញ្ចប់​បេសកកម្ម​ហោះ​ហើរ​របស់​ខ្លួន​ត្រឹម​ឆ្នាំ​២០៥០។ ប៉ុន្តែ​បច្ចេកវិទ្យា​របស់​យន្តហោះ​ប្រដេញ​បារាំងRafale និង​យន្តហោះចម្បាំង​អឺរ៉ុប ​Euroflighters (អាល្លឺម៉ង់ អង់គ្លេស​ អ៊ីតាលីនិង​អេស្ប៉ាញ) នឹង​ត្រូវ​យក​មក​បញ្ចូល​ក្នុង​ប្រព័ន្ធ​យន្តហោះ​ចម្បាំង​SCAF​នេះ​ដែរ។

ប្រព័ន្ធ​យន្តហោះ​ចម្បាំង​ទំនើប​ថ្មី​នេះ នឹង​​អាច​មាន​អាយុ​៥០​ឆ្នាំ ឬ​វែង​ជាង​នេះ។

គម្រោង​ផលិត​យន្តហោះ​ចម្បាំង​​សម្រាប់​អនាគតនេះ​ត្រូវការ​ចំណាយ​ថវិកា​រាប់​សិប​ពាន់​លាន​អឺរ៉ូ។ ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ​គម្រោង​ត្រូវ​ថវិកា​ប្រមាណ​១៥០​លាន​អឺរ៉ូ។ ​ក្នុង​ដំណាក់កា​ដំបូង​ ​បារាំង​និងអាល្លឺម៉ង់​ត្រូវ​ចេញ​ម្នាក់​ពាក់កណ្តាល ចំណែក​ខាង​អេស្ប៉ាញ​ពុំ​ទាន់​ត្រូវ​បានកំណត់​នៅ​ឡើយ​ទេ។

សម្រាប់​ពេល​នេះ យន្តហោះ​ចម្បាំង​ មានទម្រង់​ត្រឹម​ជា​​គំរូ និងនៅ​ជា​​គំនិតនៅ​ឡើយ​​ទេ ប៉ុន្តែ​ SCAF ជា​គម្រោង​​ដ៏​សំខាន់​បំផុត​នៃ​យុទ្ធសាស្ត្រ​អឺរ៉ុប​ ​​ប្រឈមនឹង​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​របស់​អាមេរិក​ផង និង​ពិសេស​ដើម្បីបញ្ជាក់​អំពី​​អធិបតេយ្យភាព​អឺរ៉ុប​ក្នុង​វិស័យ​ការពារជាតិផង។ នេះ​បើ​តាម​ការ​ពន្យល់​​របស់​វិមាន​ប្រធានាធិបតី​បារាំង។​​ គម្រោងមួយ ​គាំទ្រផលិត​​​និង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គោល ដោយ​​បី​ប្រទេស គឺ​ជាការ​ឆ្លង​​​កាត់​ដំណាក់កាល​ដ៏​សំខាន់​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កសាង​វិស័យ​ការពារ​ជាតិអឺរ៉ុប​ដែលជា​មហិច្ឆតា​ដ៏​ចំបង​​​លោក​ប្រធានាធិបតី បារាំង​ ​ម៉ាក្រុង។

​នាំ​មុខ​ដោយ​បារាំង​និង​អាល្លឺម៉ង់ ហើយ​ទើប​បាន​កា​រចូល​រួម​ពី​អេស្ប៉ាញ​បន្ថែម​​​ម្នាក់​ទៀត​នេះ គម្រោង​SCAFអាច​នឹង​ធ្វើ​ឱ្យ​អាមេរិក​អាមេរិក​មិន​សប្បាយ​ចិត្ត​ ដោយ​មិន​អាច​ទម្លាយ​​បច្ចេកវិទ្យា​និង​សមទ្ធិផល​យោធា​របស់​ខ្លួន​មកលក់​​ឱ្យ​អឺរ៉ុប​បាន។ SCAF ក៏​មាន​គូប្រជែង​ម្នាក់ ក្នុង​តំបន់​ គឺ​Tempest របស់​អង់គ្លេស។ អឺរ៉ុប​ចង់​មាន​គម្រោង​ការពារ​ជាតិ​តែ​មួយគត់​ដែរ ប៉ុន្តែ​ដោយ​បញ្ហា​Brexit ទើប​អ្វី​ៗ​ប្រែប្រួលដូច្នេះ។ ប៉ុន្តែគេ​មិន​ច្រាន​សេណារីយោ​ខិត​រក​គ្នា​វិញ​ទេ ព្រោះ​នេះ​វា​អាស្រ័យ​ទៅ​នឹង​សេចក្តី​សម្រេច​នយោបាយ មិន​មែន​ត្រឹម​កំរិត​ឧស្សាហកម្ម​ឡើយ។ ជា​គោលការណ៍​បារាំងជា​មេ​ដឹកនាំ​គម្រោង​ ​នៅពេល​ណា​មាន​ប្រទេស​នៅ​អឺរ៉ុប​រួម​កាន់​តែ​ច្រើន នោះគម្រោងនឹង​កាន់​តែ​មាន​ន័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ