ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

បារាំង​គ្រោង​សាកល្បង ប្រើ ​តាក់ស៊ី​លើអាកាស ​សម្រាប់​អូឡាំពិក ឆ្នាំ ២០២៤

media  
យន្តហោះVahana​ដែល​ក្រុមហ៊ុន​Airbusប្រើប្រាស់​ជា​តាក់ស៊ី​លើ​អាកាស ត្រូវ​បាន​តាំង​បង្ហាញ​ក្នុងពិព័រណ៌​យន្តហោះ​អន្តរជាតិ salon du Bourget នៅថ្ងៃទី ១៨​មិថុនា ២០១៩ ©REUTERS/Pascal Rossignol

បង្កើត​តាក់ស៊ី​លើ​អាកាស ដើម្បី ជួយ​សម្រួល ចរាចរណ៍​ធ្វើដំណើរ​លើ​ដី? នេះ​មិនមែន​ជា​គំនិត​រវើរវាយ​នោះទេ ប៉ុន្តែ ជា​គម្រោង​ពិតប្រាកដ​មួយ ដែល ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ជាមួយ ក្រុមហ៊ុន​ព្រលានយន្តហោះ​ទីក្រុង​ប៉ារីស បាន​ប្រកាស នៅ​សប្តាហ៍នេះ នៅក្នុង​ពិព័រណ៌​យន្តហោះ​អន្តរជាតិ នៅ​ប្រទេស​បារាំង។ គម្រោង​បង្កើត​តាក់ស៊ី​លើ​អាកាស​នឹង​​ដាក់​ឲ្យ​សាកល្បង នៅ​ក្នុង​ឱកាស​ប្រកួតកីឡា​អូឡាំពិក នៅឆ្នាំ ២០២៤ នៅ​ទីក្រុង​ប៉ារីស។

 

នៅ​ក្នុង​ពិព័ណ៌​យន្តហោះ​អន្តរជាតិ (Salon du Bourget) នៅ​ជាយក្រុង​ប៉ារីស ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ក្រុមហ៊ុន​ព្រលាន​យន្តហោះ ប៉ារីស ហើយ​និង​ក្រុមហ៊ុន​ដឹកជញ្ជូន​បារាំង RATP​បាន​ប្រកាស​ពី​ការសិក្សា​រួមគ្នា មួយ ដើម្បី ដាក់​ឲ្យ​សាកល្បង​ជាលើក​ទី១ គម្រោង តាក់ស៊ី​លើ​អាកាស នៅក្នុង​អំឡុង​ការប្រកួតកីឡា​អូឡាំពិក ដែល​ត្រូវ​រៀបចំ​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ ២០២៤។

នៅក្នុង​ពិព័រណ៌​យន្តហោះ​អន្តរជាតិ លើក​ទី ៥៣ (ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣​មិថុនា ២០១៩) ក្រុមហ៊ុន​ផលិត យន្តហោះ Airbus បាន​ដាក់​តាំង​បង្ហាញ​រួចហើយ យន្តហោះ តាក់ស៊ី​លើ​អាកាស ឈ្មោះ Vahana ដែល​គ្មាន​មនុស្ស​បើក និង​មាន​កៅអី​សម្រាប់​អ្នកដំណើរ​តែម្នាក់។ តាម​ប្រធាន​ក្រុមហ៊ុន Airbus លោក Guillaume Faury យន្តហោះ​តាក់ស៊ី​លើ​អាកាស​ដែល​អាច​ចុះចត ដូច​ឧទ្ធម្ភាគចក្រ​នឹង​ត្រូវ​កែច្នៃ​បន្ថែមទៀត ដើម្បី​សម្រប​តាម​ចំនួន តម្រូវការ​របស់​អ្នកប្រើប្រាស់។

គេ​បាន​វាយតម្លៃថា នៅ​ឆ្នាំ ២០១០ ជាលើកទី​១​នៅលើ​ផែនដី មនុស្ស​ពាក់កណ្តាល​របស់​ភពផែនដី បាន​ផ្លាស់ទី​ទៅរស់នៅ​តាម​ទីក្រុង។ ចំនួននេះ​នឹង​កើនឡើង ដល់​៦០ភាគរយ នៅ​ឆ្នាំ ២០៣០។

សម្រាប់ លោក Edward Arkwright អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ព្រលាន​យន្តហោះ ប៉ារីស ADP តាក់ស៊ី​លើ​អាកាស​នឹង​អាច​ជា​មធ្យោបាយ​ធ្វើដំណើរ​ទៅ​ថ្ងៃ​អនាគត ដើម្បី ជួយ​សម្រួល​ចរាចរណ៍​ធ្វើដំណើរ​លើ​ដី ដែល​កាន់តែ​មមាញឹក កកស្ទះ។ លើសពីនោះ តាក់ស៊ី​លើ​អាកាស​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី នឹង​ជួយ​បន្ធូរបន្ធយ​ការបំពុល​បរិស្ថាន ដែល​បង្កឡើង​ដោយ​ឧស្ម័ន​កាបូនិក​របស់​រថយន្ត និង​យន្តហោះ​ធម្មតា។

នៅក្នុង​ក្របខ័ណ្ឌ​គម្រោង​តាក់ស៊ី លើ​អាកាស ក្រុមហ៊ុន ព្រលាន​យន្តហោះ ប៉ារីស គ្រោង នឹង​សាងសង់​ព្រលាន​យន្តហោះ​បៃតង​ថ្មី​មួយ ដើម្បី ទទួល​ចុះចត តាក់ស៊ី Vahana របស់​ក្រុមហ៊ុន​Airbus ដើរ​ដោយ​ថាមពល​អគ្គិសនី។ តាម​គម្រោង តាក់ស៊ី​លើ​អាកាស​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ភ្ជាប់ពី​ព្រលាន​យន្តហោះ ទៅ​កន្លែង​កំសាន្ត Disney land ហើយ​និង​ព្រលាន​យន្តហោះ ទៅ​កាន់កន្លែង​ប្រកួត​កីឡាអូឡាំពិក ឆ្នាំ ២០២៤ នៅជាយក្រុង​ប៉ារីស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ