ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អឺរ៉ុប

ជំនួបត្រីភាគីមិនធ្លាប់មានរវាងអាមេរិក រុស្ស៊ី និងអ៊ីស្រាអែលស្តីពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា

media  
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន បុលតុន (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម ប្រទេស​អ៊ីស្រាអែល ថ្ងៃទី២៣ មិថុនា ២០១៩ Tsafrir Abayov/Pool via REUTERS

នៅ​ថ្ងៃ​ចន្ទ ទី២៤ មិថុនា​នេះ ជំនួបត្រីភាគី​រវាង​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក រុស្ស៊ី និង​ប្រទេស​អ៊ីស្រាអែល​បាន​រៀបចំ​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម។ កម្មវត្ថុ​នៃ​ជំនួបត្រីភាគី​មិន​ធ្លាប់​មាន​មួយ​នេះ គឺ​ដើម្បី​ជជែក​ពី​ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ជំនួប​មួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​ស្ថានការណ៍​ក្នុង​តំបន់​កំពុង​ឡើង​តានតឹង​ដល់​កំពូល ពិសេស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់។

កិច្ចប្រជុំ​ត្រីភាគី​រវាង​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក រុស្ស៊ី និង​អ៊ីស្រាអែល​មិន​ធ្លាប់​មាន​មួយ​នេះ​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​សាទរ និង​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត។ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត ព្រោះ​វា​ជា​ការ​បោះមួយ​ជំហាន​យ៉ាង​សំខាន់​ដើម្បី​ធានា​ស្ថិរភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​កំពុង​ស្គាល់​ភាព​តានតឹង និង​ពុះកញ្ជ្រោល​ខ្លាំង។ ប្រធានបទ​ពី​ដំបូង ភាគី​អាមេរិក រុស្ស៊ី និង​អ៊ីស្រាអែល​គ្រោង​លើក​យក​បញ្ហា​អ៊ីរ៉ង់​ទៅ​ជជែក ពិសេស​ការ​ប្រឹងប្រែង​ផ្លូវ​យោធា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី។ តែ​ដោយ​បញ្ហា​រវាង​អ៊ីរ៉ង់ និង​អាមេរិក​កំពុង​ក្តៅ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស កិច្ចប្រជុំ​ហាក់​ផ្តោត​សំខាន់​លើ​ប្រធានរឿង​មួយ​នេះ​វិញ។

សម្រាប់​លោក​នេតាន់យ៉ាហ៊ូ កិច្ចប្រជុំ​ត្រីភាគី​មិន​ធ្លាប់​មាន​ពេល​នេះ​ជា​សញ្ញា​នៃ​ការ​ពង្រឹង​ជំហរ​អ៊ីស្រាអែល​នៅ​ឆាក​អន្តរជាតិ។ សម្រាប់​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន​បាន​បញ្ជាក់​ថា ស្ថានការណ៍​នៅ​ក្នុង​តំបន់​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ៊ីស្រាអែល​រឹត​តែ​សំខាន់។ « អ៊ីរ៉ង់​ក្តី និង​រដ្ឋអារិភាព​ផ្សេង​ក្តី​មិន​ត្រូវ​ចាត់​ទុក​ភាព​ប្រយ័ត្នប្រយែង និង​ភាព​មិន​សូវ​សម្ញែង​របស់​អាមេរិក​ថា​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ឡើយ។ គ្មាន​នរណា​ម្នាក់​ផ្តល់​ឲ្យ​អ៊ីរ៉ង់​នូវ​សិទ្ធិអំណាច​ក្តោបក្តាប់​តំបន់ ហើយ​អ៊ីរ៉ង់​នឹង​មិន​អាច​បំពាក់​គ្រាប់បែក​បរមាណូ​ដើម្បី​ប្រឆាំង​អាមេរិក និង​ពិភពលោក​បាន​ទេ » នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​ចន បុលតុន​នៅ​ក្រោយ​មាន​កិច្ចសន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ។

ចំណែក​ទីប្រឹក្សាសន្តិសុខ​រុស្ស៊ី​លោក​នីកូឡៃ ប៉ាទ្រូស្ហែវ​មិន​បាន​ប្រើ​សម្តី​ខ្លាំងៗ​តប​នឹង​លោក​ចន បុលតុន​ទេ តែ​បាន​បញ្ជាក់​ថា វត្តមាន​អ៊ីរ៉ង់​នៅ​ក្នុង​ទឹកដី​ស៊ីរី​ដោយសារ​តែ​មាន​ការ​អញ្ជើញ​ពី​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស់។ តែ​លោក​នីកូឡៃ ប៉ាទ្រូស្ហែវ​ក៏​បាន​បន្ថែម​ថា គេ​ត្រូវ​គិតគូ​ដល់​ផលប្រយោជន៍​របស់​ប្រទេស​អ៊ីរ៉ង់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ