ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អឺរ៉ុប

បារាំង​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​​មិន​ធ្លាប់​​មាន

media  
សីតុណ្ហភាព​នឹង​អាច​ឡើង​ដល់​៤០អង្សា នៅ​ស្ទើរ​ទូទាំង​ប្រទេស​បារាំង​ PASCAL PAVANI / AFP

បារាំង​​ពុំ​​ធ្លាប់ជួប​​ប្រទះទាល់សោះ​ បាតុភូត​​​ក្តៅ​ខ្លាំងហួសហេតុ​ តាំង​ពី​នៅ​ក្នុង​ខែ​មិថុនា​ យ៉ាងដូច្នេះពី​មុន​មក ! គ្រាន់​តែប្រក្រតិទិន​ចង្អុល​ថា​​ដល់​រដូវ​ក្តៅ​ភ្លាម សីតុណ្ហភាពស្ទុះ​ឡើង​ដល់​ជាង​សាម​សិប​​អង្សា​ភ្លែត និង​ដល់​ជាង​សែសិប​អង្សាផង​ នៅ​ថ្ងៃស្អែក​និង​ខាន​ស្អែក។ ពេញ​មួយ​សប្តាហ៍​នេះ​ ប្រទេស​បារាំង ក៏​ដូច​ជា​បណ្តា​ប្រទេស​ជិត​ខាង​អឺរ៉ុបមួយ​ចំនួន ត្រូវ​រងសម្ពាធ​អាកាសធាតុ​បាន​ក្តៅ​ខ្លាំងហួសហេតុ មិន​ធ្លាប់​មាន តាំង​ពី​ដើម​រដូវ ​ ក្នុង​រយៈ​ពេល​យ៉ាង​ហោច​៦​ថ្ងៃ​ជាប់​គ្នា។​​

៣៣​អង្សា នៅ​ថ្ងៃ​ចន្ទ នៅក្រុង​ប៉ារីស ! ស្អែក​សីតុណ្ហភាព​នឹង​ឡើង​ដល់​៣៥អង្សា និងកាន់​តែ​ក្តៅ​ខ្លាំង​មែនទែន​ដល់ជាង​ ​៤០​អង្សា នៅ​ថ្ងៃពុធ ថ្ងៃ​ព្រហស្បតិ៍ …

ខ្យល់​ក្តៅបក់​មក​ពី​វាល​ខ្សាច់​សាហារ៉ា មក​ពី​អេស្ប៉ាញ កំពុង​គ្រប​ដណ្តប់​លើ​ផ្ទៃ​ប្រទេស​បារាំង ព្រម​ទាំង​បណ្តាប្រទេស​ជិត​ខាង​ក្នុង​អឺរ៉ុប​ជា​ច្រើន​ទៀត ក្នុង​រយៈ​ពេល​មួយ​ដែល​គ្មាន​នរណា​អាច​កំណត់​បាន​ឡើយ។ អ្នក​ជំនាញ​ឧតុនិយម​ ព្យាករ​ថា​រយៈ​ពេល​ក្តៅ​ខ្លាំង​អាច​អូស​បន្លាយ​យ៉ាង​តិច​បំផុត​ក៏​៦​ថ្ងៃ​ ជាប់​គ្នាដែរ។

មាន​តែ​តំបន់​ភាគ​ខាង​លិច​ តាម​បណ្តោយ​មហាសមុទ្ទ​អាត្លង់ទិក​ប៉ុណ្ណោះ ដែល​សីតុណ្ហភាព​ចង្អុល​ត្រឹម​កំរិត​ប្រមាណ​ជាង​៣៥​អង្សារ។ ហើយ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ គឺ​ទីប្រជុំ​ជន​ និង​ក្រុង​ធំៗ​ដែល​សីតុណ្ហភាព​ឡើង​ក្តៅ​ និង​ស្អុះស្អាប់​ខ្លាំង​ជាងគេ (១០​អង្សាលើស​ស្រុកស្រែ​និង​ជនបទ)។ ជាក់​ស្តែង ​ក្រុង​ប៉ារីស បាន​ប្រកាស​អាសន្ន​កំរិត​ប្រុង​ប្រយ័ត្ន ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ។

​ឆាប់​ក្តៅ​ និង​ឡើង​ក្តៅភ្លាម​ជា​ការ​ក្តៅ​ខ្លាំងហួសហេតុ តាំង​ពី​ដើម​រដូវ​ ​ ​ ជា​បាតុភូត ​ដែលមិន​ធ្លាប់​កើត​មាន​ទេ​នៅ​ប្រទេស​បារាំង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​មក​។ កាលពី​ឆ្នាំ​២០០៣ បាតុភូត​ក្តៅ​ស្អុះ​ស្អាប់​ខ្លាំង​ហួសហេតុ​បានកើត​មាន​ម្តង ក្នុង​រយៈ​ពេលជិត​បី​សប្តាហ៍ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជាង​១៥០០០​នាក់។

នៅ​លើក​នេះ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ អាជ្ញាធរ​បារាំង​បាន​ត្រៀម​លក្ខណៈ​​គ្រប់បែប​យ៉ាង ទាំង​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ធម្មតា នៅ​តាម​មន្ទីរ​ពេទ្យ​ មជ្ឈមណ្ឌល​មនុស្ស​ចាស់ សាលារៀន និង​កន្លែង​ធ្វើការ​ ព្រមទាំង​ទីសាធារណៈ។ ​ឈរ​លើ​ស្ថានភាព​ជាក់ស្តែង សាលារៀន​អាច​នឹង​ត្រូវប្រកាស​​បិទ​ទ្វារ ដោយ​មាន​សេចក្តី​ត្រឹម​ថ្នាក់​​មូលដ្ឋាន​ក៏​បាន។ ការ​ផ្គត់ផ្គង់​អគ្គីសនី​ក៏​ត្រូវ​បាន​ធានា​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

ការ​ប្រែប្រួល​អាកាសធាតុ ការ​ឡើងកម្តៅ​នៃ​ភព​ផែនដី​ បណ្តាល​មក​ពី​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ នឹង​ជំរុញ​ឱ្យ​បាតុភូត​ក្តៅ​ខ្លាំង​កើត​ឡើង​​កាន់​តែ​ញឹកញយ​ កាន់​តែ​ឆាប់ និង​អូសបន្លាយ​រដូវ​ក្តៅ​ឱ្យ​កាន់​តែ​វែង​ រដូវ​ក្តៅ​នឹងក្តៅ​កាន់​តែ​ខ្លាំង​។ នេះ​ជា​ការព្រមាន​របស់​អ្នក​វិទ្យាសាស្ត្រ ដោយ​រំលឹក​ថាប៉ារីស​ធា្លប់​មាន​​រដូវ​ក្តៅដែល​ត្រជាក់ខ្លាំង​​​៥​ដង តែ​​កាលពី​មុន​ឆ្នាំ​១៩៨០ប៉ុណ្នោះ។ បើ​តាម​ការ​ព្យាករ​របស់​ឧតុនិយម​បារាំង​ ​កំដៅ​សីតុណ្ហភាព​នឹង​អាច​ឡើង​២អង្សា​ទៅ​៤លើស​សម័យ​មុន​ឧស្សាហកម្ម​នៅ​រវាង​ឆ្នាំ​២០៧១-២១០០ នៅ​ប្រទេស​បារាំង។ ហើយពី​ពេល​នេះ​ដល់​ឆ្នាំ​២០៥០ ​បាតុភូត​ជួប​រលក​កម្តៅខ្លាំង​​នឹង​អាច​មាន​ច្រើនទ្វេ ពីរ​ទៅ​បី​ដង​ លើស​សព្វថ្ងៃ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ