អានតួអត្ថបទ
បារាំង-អាមេរិក-អ៊ីរ៉ង់

បារាំងព្រមានថា ការរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីសំណាក់អ៊ីរ៉ង់ជាកំហុសឆ្គងមួយធ្ងន់ធ្ងរ

នៅ​ថ្ងៃ​អង្គារ ទី២៥ មិថុនា ប្រទេស​បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ការបរទេស​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ទាក់ទង​នឹង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក។ ថ្លែង​នៅ​ក្នុង​សភា​បារាំង លោក​ឡឺឌ្រីយ៉ង់​បាន​ព្រមាន​ថា ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ពី​សំណាក់​អ៊ីរ៉ង់​ជា​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ និង​ជា​ចម្លើយ​មួយ​ដ៏​អាក្រក់​តប​នឹង​គំនាប​របស់​អាមេរិក។ ការ​ព្រមាន​របស់​បារាំង​ពេល​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​អ៊ីរ៉ង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃទី៧ កក្កដា​ខាង​មុខ​ទៅ ខ្លួន​នឹង​ឈប់​អនុវត្ត​លើ​កិច្ចសន្យាមួយ​ចំនួន​​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ តាម​លោក​ឡឺឌ្រីយ៉ង់ ការទូតបារាំង អាល្លឺម៉ង់ និង​អង់គ្លេស​កំពុង​ខ្នះខ្នែង​ដើម្បី​ពន្យល់​ប្រាប់​ក្រុង​តេហេរ៉ង់​ថា ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​នឹង​មិន​ហុច​ប្រយោជន៍​ឲ្យ​អ៊ីរ៉ង់​ទេ។

រដ្ឋមន្រ្តីការបរទេសបារាំង​លោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់
រដ្ឋមន្រ្តីការបរទេសបារាំង​លោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ Michel Euler/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

« មាន​កំណើន​តានតឹង​តាម​ផ្លូវ​យោធា​ជាមួយ​នឹង​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង ជាមួយ​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះដ្រូន​របស់​អាមេរិកាំង និង​ជាមួយ​ការ​គំរាម​សងសឹក​វាយប្រហារ​លើ​អ៊ីរ៉ង់​វិញ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​ទីបំផុត គាត់​ក៏​បាន​ឈប់​វិញ​ទៅ។ ទន្ទឹម​គ្នា​នេះ កំណើន​ភាព​តានតឹង​ក៏​មាន​ផង​ដែរ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ ព្រោះ​អ៊ីរ៉ង់​បាន​ប្រកាស​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ឈប់​អនុវត្ត​លើ​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​កាល​ពី​ឆ្នាំ ២០១៥។

កិច្ចសន្យា​ដែល​ទីក្រុង​តេហេរ៉ង់​គ្រោង​ឈប់​គោរព​នោះ​ផ្តោត​សំខាន់​លើ​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​អត្រា​ចម្រើនធាតុ​មាន​កម្រិត​ទាប។ អ៊ីរ៉ង់​បាន​ប្រកាស​ថា វិធានការ​មួយ​នេះ​របស់​ខ្លួន​នឹង​ផ្តើម​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ខាង​មុខ។ ខ្ញុំ​ចង់​និយាយ​នៅ​ទី​នេះ​ថា ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ពី​សំណាក់​អ៊ីរ៉ង់​ជា​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ និង​ជា​ចម្លើយ​មួយ​ដ៏​អាក្រក់​ដែល​អ៊ីរ៉ង់​តប​នឹង​ការ​ដាក់​គំនាប​ពី​សហរដ្ឋអាមេរិក។ ដូច្នេះ ការទូត​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​បាន​សហការណ៍​គ្នា​ដើម្បី​ពន្យល់​ប្រាប់​អ៊ីរ៉ង់​ថា ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​នឹង​មិន​ហុច​ប្រយោជន៍​ឲ្យ​អ៊ីរ៉ង់​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ