អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់​ពង្រឹង​ប្រព័ន្ធ​ខែលការពារ​ដើម្បី​ទប់ទល់​នឹង​មីស៊ីល​ថ្មី​របស់​រុស្ស៊ី

បក្សសម្ព័ន្ធ​អូតង់ កាលពី​ថ្ងៃ​ពុធទី ២៦​មិថុនា ២០១៩ បាន​ឯកភាពគ្នា លើ​វិធានការ​ជាច្រើន ដើម្បីប្រឆាំង​ទប់ទល់​មីស៊ីល​ទំនើប​ចេញថ្មី​របស់​រុស្ស៊ី។ នៅ​ថ្ងៃ​អង្គារ អគ្គលេខាធិការ​របស់​បក្សសម្ព័ន្ធ​អាត្លង់ទិក បាន​ទាមទារ​រួចហើយ ឲ្យ​រុស្ស៊ី​បំផ្លាញ មីស៊ីល រយៈចម្ងាយមធ្យម ដែល​អាមេរិក និង​អូតង់​ចាត់ទុក ជា​គ្រោះថ្នាក់​បំផុត សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប។ 

អគ្គលេខាធិការ​អង្គការ​អូតង់ លោកJens Stoltenbergនៅក្នុង​សន្និសីទ​កាសែត​នៅទីស្នាក់ការ​កណ្តាល​របស់​អូតង់ នៅ​ព្រុចស៊ែល ថ្ងៃពុធ ទី ២៦ មិថុនា ២០១៩
អគ្គលេខាធិការ​អង្គការ​អូតង់ លោកJens Stoltenbergនៅក្នុង​សន្និសីទ​កាសែត​នៅទីស្នាក់ការ​កណ្តាល​របស់​អូតង់ នៅ​ព្រុចស៊ែល ថ្ងៃពុធ ទី ២៦ មិថុនា ២០១៩ ©REUTERS/Francois Walschaerts
ផ្សាយពាណិជ្ជកម្ម

ប្រឈម​តទល់​នឹង​ការគំរាមកំហែង​ពីសំណាក់​មីស៊ីល​ទំនើប​ថ្មី​របស់​រុស្ស៊ី ប្រទេស​សមាជិក​អូតង់​បាន​ឯកភាព​គ្នា​ថា នឹង​ចាត់​វិធានការ​នយោបាយ ហើយ​និង​យោធា។ នេះជា​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​អូតង់ Jens Stoltenberg នៅ​ក្រោយ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​សមាជិកទាំង​២៨​របស់​អូតង់ កាល​ពី​ថ្ងៃ​ពុធ នៅទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

អូតង់​នឹង​ចាត់វិធានការ​នយោបាយ និង​យោធា ប៉ុន្តែ អគ្គលេខាធិការ​របស់​អូតង់​មិន​បាន​និយាយ​លម្អិត​ពីផែនការ​របស់​អូតង់​នោះទេ ក្នុង​គោលដៅ មិនចង់​បំផ្លាញ កិច្ចប្រឹងប្រែង​ចរចា​តាមផ្លូវ​ការទូត។

សម្រាប់​ប្រមុខ​អូតង់ វិធានការ​នេះ​នឹង​ចាប់អនុវត្ត តែ​ក្នុង​ករណី​ណា ដែល​រុស្ស៊ី មិនព្រម​ធ្វើតាម​ការទាមទារ​របស់​អូតង់​តែប៉ុណ្ណោះ។ កាលពី​ថ្ងៃ​អង្គារ អូតង់​បាន​បន្លឺ​សំឡេង​ដូច​អាមេរិក ដោយ​បាន​ទាមទារ​ឲ្យ​រុស្ស៊ី រុះរើ បំផ្លាញ​ចោល មីស៊ីល​ទំនើបថ្មី SSC-8 ឲ្យ​បាន​មុន​ថ្ងៃ​ទី ២​សីហា ថ្ងៃ​កំណត់​ចុងក្រោយ ដែល​អាមេរិក​ប្រកាស​ដកខ្លួន​ជាផ្លូវការ ចេញ​ពី​សន្ធិសញ្ញា​ស្តីពី​មីស៊ីល​ចម្ងាយមធ្យម​ដែល​អាមេរិក​បាន​ចុះហត្ថលេខា ជាមួយ រុស្ស៊ី កាលពី​ឆ្នាំ ១៩៨៧។ “យើង​បាន​បង្ហាញ​ភាពអត់ធ្មត់ ប៉ុន្តែ រុស្ស៊ី​ឯណោះវិញ នៅតែ​បន្ត​ដាក់​ពង្រាយ​មីស៊ីល​ នៅតាម​កន្លែង​សំខាន់ៗ ដែល​អាច​វាយប្រហារ​ដល់​ប្រទេស​អឺរ៉ុប។ វា​ជារឿង​ធ្ងន់ធ្ងរ ព្រោះថា មីស៊ីល​របស់​រុស្ស៊ី ទំនើប ពិបាក​នឹង​ឲ្យ​គេ​ចាប់បាន​សញ្ញា​ខ្លាំងណាស់។ នេះជា​ពាក្យ​ព្រមាន​របស់​អគ្គលេខាធិការ​របស់​បក្សសម្ព័ន្ធ​អាត្លង់ទិក អូតង់។

កាលពី​ខែ​តុលា​ឆ្នាំ​២០១៨ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ប្រកាស​គំរាម​ដកអាមេរិក ចេញពី​សន្ធិសញ្ញា​ស្តីពីមីស៊ីល​ចម្ងាយ​មធ្យម ក្នុង​ហេតុផល​ថា រុស្ស៊ី បាន​រំលោភ​សន្ធិសញ្ញា អន្តរជាតិ ដោយ​បាន​លួច​ផលិត​មីស៊ីល​ចម្ងាយ​មធ្យម ដែល​មាន​សមត្ថភាព ពាំនាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ទៅ​បំផ្លិចបំផ្លាញ យ៉ាងលឿនបំផុត ទីក្រុង​របស់​ប្រទេស​អឺរ៉ុប សម្ព័ន្ធមិត្ត​របស់​អាមេរិក។

កាលពី​ថ្ងៃ​ចន្ទ ទីក្រុង​ម៉ូស្គូ​បាន​ព្រមាន​ពី​វិបត្តិ​មីស៊ីល​ធ្ងន់ធ្ងរ ដូច​កាលសម័យ គុយបា នៅ​ឆ្នាំ ១៩៦២ បើ​សិន​អាមេរិក​មាន​គម្រោង ចង់​ត្រលប់​មក​ដាក់​ពង្រាយ​មីស៊ីល រយៈចម្ងាយ​មធ្យម ក្នុង​ទឹកដី​អឺរ៉ុប សម្រាប់​ទុក​ប្រឆាំង​រុស្ស៊ី។ សម្រាប់​អគ្គលេខាធិការ​អូតង់ ប្រទេស​លោក​ខាងលិច​មិនទាន់​បាន​គិតគូរ​ពី​បញ្ហា​នោះទេ។ អូតង់​នឹង​ពង្រឹង​ប្រព័ន្ធ​ខែលមីស៊ីល ដែល​មានស្រាប់ ប៉ុន្តែ នឹង​មិន​ពង្រាយ​មីស៊ីល​ថ្មី នៅ​ទឹកដី​អឺរ៉ុប​នោះទេ។

ប្រទេស​សមាជិក​អូតង់​ជាច្រើន ដែល​ចង់​ជៀសវាង ការប្រឈមមុខ តានតឹង​ផ្នែក​សព្វាវុធ​ជាមួយ​រុស្ស៊ី មិនសូវ​ជា​គាំទ្រ​គំនិត​ឲ្យ​មាន​ការពង្រាយ មីស៊ីល​អាមេរិក ក្នុង​ទឹកដីអឺរ៉ុប​នោះទេ។ តាម​អគ្គលេខាធិការ​អូតង់ ក្រុមប្រឹក្សា​អូតង់ រុស្ស៊ី ដែល​ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស រវាង​ភាគី​រុស្ស៊ី ហើយ​និង​ប្រទេស​សមាជិក​អូតង់ នឹង​បើកធ្វើ​នៅ​សប្តាហ៍​ក្រោយនេះ ដើម្បី ផ្តោត​លើ​ចំណុច​ខ្វែងគំនិត​គ្នា ស្តីពី​ការពង្រាយ មីស៊ីល​ចម្ងាយមធ្យម​របស់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ