អានតួអត្ថបទ
អូទ្រីស-អ៊ីរ៉ង់

អូទ្រីស៖កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដោយគ្មានវត្តមានអាមេរិក

នៅ​ថ្ងៃ​សុក្រ ទី២៨ មិថុនា កិច្ចប្រជុំ​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ រៀបចំ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ គឺ​ជា​កិច្ចប្រជុំ​រវាង​ក្រុម​ប្រទេស​ហត្ថលេខី​ដែល​នៅ​សេសសល់ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ ២០១៨។ ប្រទេស​ហត្ថលេខី​នៅ​សេសសល់​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​ពេល​នេះ គឺ​អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និង​ប្រទេស​រុស្ស៊ី។ គួរ​រម្លឹក​ថា​ក្រោយ​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង លោក​ត្រាំ​ក៏​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​អ៊ីរ៉ង់​ដែរ។ នៅ​ត្រង់​ចំណុច​នេះ អ៊ីរ៉ង់​បាន​ស្តីបន្ទោស​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​អឺរ៉ុប​ពី​បទ​មិន​បាន​ជួយ​ការពារ​អ៊ីរ៉ង់​នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​អាមេរិក។ លោក​អាបាស មូសាវី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ព្រមាន​ថា កិច្ចប្រជុំ​រវាង​ក្រុម​ប្រទេស​ហត្ថលេខា​នៅ​សេសសល់​ពេល​នេះ​ជា​កិច្ចប្រជុំ​ចុងក្រោយ​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង។ លោក​ហ្រ្វង់ស័រ នីកូឡូ អតីត​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ៊ីរ៉ង់​បាន​យល់​ឃើញ​ថា អ្វី​ដែល​អ៊ីរ៉ង់​ចង់​បាន​ពី​កិច្ចប្រជុំ​ពេល​នេះ គឺ​ការ​ជួយ​គាំទ្រ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ពី​សំណាក់​ប្រទេស​ហត្ថលេខី​ដែល​នៅ​សេសសល់។

នៅអូទ្រីស កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដោយគ្មានវត្តមានអាមេរិក
នៅអូទ្រីស កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដោយគ្មានវត្តមានអាមេរិក ALEX HALADA / AFP
ផ្សាយពាណិជ្ជកម្ម

« ពិត​ណាស់ អ្វី​ដែល​អ៊ីរ៉ង់​រង់ចាំ​ពី​កិច្ចប្រជុំ​មួយ​នេះ គឺ​ចង់​ឃើញ​ក្រុម​ប្រទេស​ហត្ថលេខី​នៅ​សេសសល់​ចូលរួម​ជួយ​សម្រាល​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​អាមេរិក។ តែ​អ្វី​ដែល​ច្បាស់​នៅ​ចំពោះ​មុខ​នេះ ក្រុម​ប្រទេស​អឺរ៉ុប​មិន​អាច​ធ្វើ​អ្វី​បាន​ភ្លាមៗ​ទេ។ យន្តការណ៍​មួយ​ដែល​ក្រុម​ប្រទេស​អឺរ៉ុប​បាន​គិតគូរ​ដើម្បី​អាច​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​នោះ​ក៏​នៅ​ទាន់​បាន​ដាក់​ឲ្យ​ដំណើរការ​ដែរ ហើយ​បើ​តាម​មើល​ទៅ គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន​សប្តាហ៍​បន្ថែម​ទៀត​ទើប​អាច​ប្រើប្រាស់​យន្តការណ៍​មួយ​នេះ​បាន។

ក៏​ប៉ុន្តែ ដំណោះស្រាយ​អាច​នឹង​មាន​មក​ពី​ប្រទេស​រុស្ស៊ី ឬ​ប្រទេស​ចិន។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ​គឺ​ថា ក្នុង​ពេល​ដែល​ចិន​កំពុង​មាន​សង្រ្គាមពាណិជ្ជកម្ម​ត ទល់​ខ្លាំង​នឹង​អាមេរិក​នោះ ចិន​ប្រហែល​ជា​មិន​ចង់​យក​ហានិភ័យ​បន្ថែម​ទៅ​ដាក់​ខ្លួន​ឡើយ។ អ៊ីចឹង​នៅ​សល់​ប្រទេស​រុស្ស៊ី​ដែល​នៅ​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ខ្លួន​អាច​ជួយ​អ៊ីរ៉ង់​ក្នុង​ការ​នាំ​ប្រេង​ចេញ។ អ៊ីចឹង​បើ​មាន​ច្រក​ចេញ គឺ​មាន​ពី​ខាង​ប្រទេស​រុស្ស៊ី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ