អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​យ៉ាង​ប្រទាញប្រទង់​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​អឺរ៉ុប​ទាំង ២៨ប្រទេស​សមាជិក​បាន​ឯកភាព​គ្នា​ជា​ផ្លូវការ​នា​ថ្ងៃ​អង្គារ ទី២ កក្កដា​នៅ​ក្នុង​ជម្រើស​បេក្ខជន​សម្រាប់​តំណែង​សំខាន់​ចំនួន៤ គឺ​ប្រធាន​គណៈកម្មការអឺរ៉ុប ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​តំណែង​អ្នកតំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស។ នៅ​ថ្ងៃ​ពុធ ទី៣ កក្កដា សភា​អឺរ៉ុប​ត្រូវ​អនុម័ត​លើ​ជម្រើស​តែងតាំង​សម្រាប់​តំណែង​ទាំង ៤ នេះ ហើយ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ម្នាក់​ទៀត​សម្រាប់​តំណែង​សំខាន់ទី៥ នៅ​ក្នុង​ស្ថាប័ន​អឺរ៉ុប គឺ​ប្រធាន​សភា​អឺរ៉ុប។

សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង
សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​មាន​មតិ​លើកឡើង​ថា បារាំង និង​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​ស្ថាបនិក​អឺរ៉ុប​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ជម្រើស​ប្រធាន​តំណែង​សំខាន់ៗ​របស់​អឺរ៉ុប​ពេល​នេះ​ក៏​ដោយសារ​ថា ជនជាតិ​បារាំង និង​ជនជាតិ​អាល្លឺម៉ង់​ទទួល​បាន​តំណែង​សំខាន់​ពីរ​របស់​សហភាព​អឺរ៉ុប គឺ​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​តំណែង​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប។ តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ធ្លាក់​ទៅ​លើ​រដ្ឋមន្រ្តី​ការពារជាតិ​អាល្លឺម៉ង់​លោកស្រី Ursula Von Der Leyen វ័យ ៦០ឆ្នាំ ហើយ​តំណែង​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​បាន​ធ្លាក់​ទៅ​លើ​ជនជាតិ​បារាំង​លោកស្រី Christine Lagarde វ័យ ៦៣ឆ្នាំ​ដែល​បច្ចុប្បន្ន​ជា​អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។ ក្រៅ​ពី​តំណែង​ប្រធាន​គណៈកម្មការអឺរ៉ុប និង​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប ថ្នាក់ដឹកនាំ​អឺរ៉ុប​ក៏​បាន​ឯកភាព​គ្នា​លើ​បេក្ខជន​សម្រាប់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​តំណែង​អ្នកតំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស។

គួរ​រម្លឹក​ថា ទំរាំ​តែ​បាន​ឯកភាព​គ្នា​លើ​ឈ្មោះ​បេក្ខជន​សម្រាប់​តំណែង​សំខាន់​ទាំង ៤ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​ទាំង ២៨ប្រទេស​សមាជិក​បាន​ជួប​ប្រជុំ​គ្នា​ដល់​ទៅ ៤ដង​ក្នុង​រយៈពេល ១ខែ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ នេះ​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិ​សហភាព​អឺរ៉ុប​ដែល​មាន​ស្រ្តី​ចំនួន ២នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កាន់​តំណែង​ដ៏​សំខាន់ និង​យុទ្ធសាស្រ្ត​នៅ​ក្នុង​ស្ថាប័ន​អឺរ៉ុប។ មែនទែន​ទៅ ជម្រើស​លោកស្រី Ursula Von Der Leyen ឲ្យ​កាន់​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ជា​សំណើ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​មែរកិល។ ចំណែក​ជម្រើស​លោកស្រី Christine Lagarde របស់​លោក​ម៉ាក្រុង​ឲ្យ​កាន់​តំណែង​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​ក៏​ទទួល​បាន​ការ​គាំទ្រ និង​កោតសរសើរ​ពី​លោកស្រី​មែរកិល​ដែរ។

ជម្រើស​លោកស្រី Christine Lagarde ជា​ជម្រើស​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស់?

ខុស​ពី​ការ​តែងតាំង​ជនជាតិ​អាល្លឺម៉ង់​លោកស្រី​ Ursula Von Der Leyen ឲ្យ​កាន់​តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ការ​តែងតាំង​លោកស្រី Christine Lagarde ឲ្យ​ធ្វើ​ជា​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​ហាក់​កំពុង​បំផុស​ឲ្យ​មាន​មតិ​រិះគន់​មួយ​ចំនួន។ មាន​អាយុ ៦៣ឆ្នាំ លោកស្រី Christine Lagarde ជា​អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF តាំង​ពី ៨ឆ្នាំ ហើយ​តាម​ធម្មតា អាណត្តិ​របស់​លោកស្រី​នៅ IMF នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​កក្កដា ឆ្នាំ ២០២១។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មុន​នឹង​ទទួល​តំណែង​ជា​អគ្គនាយិកា IMF លោកស្រី​ធ្លាប់​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១១ ក្នុង​ជំនាន់​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី។

មាន​ហេតុផល​ចំនួន​ពីរ​ដែល​អាច​បញ្ជាក់​ពី​ភាព​ចម្រូងចម្រាស់​នៅ​ក្នុង​ជម្រើស​លោកស្រី Christine Lagarde ឲ្យ​កាន់​តំណែង​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ពេល​នេះ ទី១ លោកស្រី​មិនមែន​ជា​សេដ្ឋវិទូ និង​ចំណេះដឹង​ផ្នែក​ធនាគារ​នៅ​មាន​កម្រិត និង​ទី២ លោកស្រី​ធ្លាប់​បាន​បដិសេធ​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​កាសែត​អាមេរិកាំង Financial Times ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ ថា លោកស្រី​មិន​ចាប់​អារម្មណ៍​នឹង​ការងារ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទេ ទោះ​ជា​តំណែង​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប ឬ​មួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ តែ​ទីបំផុត លោកស្រី​បែរ​ជា​បាន​ទទួល​យក​តំណែង​ធនាគារកណ្តាល​អឺរ៉ុប។

ក្រុម​អ្នកវិភាគ​បរទេស​ភាគច្រើន​បាន​យល់​ឃើញ​ដូច​គ្នា​ថា ជម្រើស​លោកស្រី Christine Lagarde ឲ្យ​កាន់​តំណែង​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​មិនមែន​ជា​ជម្រើស​ល្អ​ទេ ព្រោះ​លោកស្រី​គ្មាន​ជំនាញ​ផ្នែក​ធនាគារ។ ក្រុម​អ្នកវិភាគ​បាន​ចោទ​សួរ​ថា បើ​តំបន់​អឺរ៉ូ​ផ្ទុះ​វិបត្តិ​ជា​ថ្មី​នៅ​ថ្ងៃ​ណា​មួយ តើ​លោកស្រី Christine Lagarde មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ដែរ ឬ​ទេ។ តាម​ក្រុម​អ្នកវិភាគ ជម្រើស​លោកស្រី Christine Lagarde ជា​ជម្រើស​នយោបាយ​ជាជាង​ជម្រើស​ដោយ​ផ្អែក​លើ​ជំនាញ ព្រោះ​លោកស្រី​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ណាស់​នៅ​លើ​ឆាកអន្តរជាតិ​ក្នុង​នាម​ជា​ប្រមុខ IMF។ ពី​ជំនួបកំពូល G២០ ដល់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ទីក្រុង​ដាវ៉ូស លោកស្រី Christine Lagarde មាន​វត្តមាន​ជានិច្ច​ជាមួយ​មេដឹកនាំ​គ្រាក់ៗ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ