ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អឺរ៉ុប

មនុស្ស​ស្រី​២​នាក់​ត្រូវ​បាន​ជ្រើស​តាំង សម្រាប់​តំណែង​ខ្ពស់​បំផុត​របស់​អឺរ៉ុប

media  
លោកស្រី​រដ្ឋមន្រ្តីការពារ​ជាតិអាល្លឺម៉ង់ Ursula von der Leyenត្រូវ​បាន​មេដឹកនាំ​អឺរ៉ុប​ជ្រើសរើស​សម្រាប់​តំណែង​ប្រធានគណៈកម្មការអឺរ៉ុប កាលពី​ថ្ងៃអង្គារ​ទី ២ កក្កដា ២០១៩ ©Reuters

បន្ទាប់ពី​ចរចា​យ៉ាងស្វិតស្វាញអស់​រយៈពេល​៣ថ្ងៃ មេដឹកនាំ​អឺរ៉ុប​នៅទីបំផុត​បាន​យល់ព្រមព្រៀង​គ្នា​លើ​​បេក្ខជន​៤នាក់ សម្រាប់​តំណែង​សំខាន់​បួន​របស់​អឺរ៉ុប។ នៅក្រោយ​ជំនួបកំពូល​អឺរ៉ុប នៅទីក្រុង​ព្រុចស៊ែល កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​Donald Tuskបាន​ចេញមុខ​ប្រកាសថា ​ មេដឹកនាំ​អឺរ៉ុប​បាននិយាយ​ចុះសម្រុងគ្នា ​សម្រេច​ជ្រើសរើស​រដ្ឋមន្រ្តី​ការពារជាតិ​អាល្លឺម៉ង់​សព្វថ្ងៃ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​ជា​តំណែង​ខ្ពស់​បំផុតរបស់​អឺរ៉ុប។ ចំណែក​តំណែង​ប្រធានធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​បាន​​ទៅលើ​លោកស្រី Christine Lagarde ដែលបច្ចុប្បន្ន​ជា​ ​ ​ប្រធាន​មូលនិធិហិរញ្ញវត្ថុ​អន្តរជាតិ IMF។

មេដឹកនាំ​អឺរ៉ុប​បានយល់​ព្រមព្រៀងគ្នា ប្រគល់តំណែង​សំខាន់ជាងគេ​របស់អឺរ៉ុប គឺ​ប្រធាន​គណៈកម្មការ​អឺរ៉ុប ទៅ​ឲ្យ​​លោកស្រី​ Ursula Von Der Leyen រដ្ឋមន្រ្តីការពារ​ជាតិ​អាល្លឺម៉ង់បច្ចុប្បន្ន។ បើសិន​សភា​អឺរ៉ុប​បោះឆ្នោត​គាំទ្រ បេក្ខជន​ដែល​ស្នើឡើង​ដោយ​មេដឹកនាំ​របស់​អឺរ៉ុបកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញមែន នោះ លោកស្រី Von Der Leyen ​ដែល​ជា​​មនុស្ស​ស្និទ្ធ​នឹង​លោកស្រី​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Angela Merkel នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដំបូងគេ ដែលចូល​កាន់តំណែង​សំខាន់ជាងគេ​បំផុត​របស់​ស្ថាប័នអឺរ៉ុប។​ លោកស្រី​នឹង​ទៅជំនួសកន្លែង​របស់​​លោក​ហ្សង់ក្លូត ហ្ស៊ុងគ័រ ដែល​ធ្វើ​​ជា​ប្រធានគណៈកម្មការ​អឺរ៉ុប តាំង​ពី​ឆ្នាំ ២០១៤។​​

​ក្នុង​នាមជា រដ្ឋមន្រ្តី​ការពារ​ជាតិ​អាល្លឺម៉ង់ លោកស្រី ​ Von Der Leyen ក្នុង​វ័យ ៦០ឆ្នាំ ធ្លាប់ត្រូវ​គេ​ទទួល​ស្គាល់​ថា ជាអ្នកចេញមុខ តស៊ូ​មតិ​ដើម្បី ជំរុញ​បង្កើន​ថវិកា​ កងទ័ព​អាល្លឺម៉ង់ ហើយនិងចេញមុខ​ការពារ​បុព្វហេតុ​របស់​អង្គការសម្ព័ន្ធ​អាត្លង់ទិក អូតង់។

នៅថ្ងៃអង្គារ​មេដឹកនាំ​អឺរ៉ុប​បាន​សម្រេច​ចិត្ត​ផងដែរ ជ្រើសរើស​លោកស្រី Christine Lagarde ឲ្យ​ធ្វើ​ជាមនុស្សស្រី​ដំបូងគេ ដែល​ដឹកនាំ​​ធនាគារ​កណ្តាល​អឺរ៉ុប។ នៅក្នុង​សារTwitter នៅថ្ងៃ​អង្គារ​ម្សិលមិញ លោកស្រី​Christine Lagarde អតីត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង និង​បច្ចុប្បន្ន​ជា​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​សរសេរ​ថា លោកស្រី​មាន​កិត្តិយស​ដែល​បានទទួល​បាន​ការជ្រើសតាំង​ពីមេដឹកនាំ​អឺរ៉ុប។ លោកស្រី​Lagarde ដែល​ត្រូវ​បញ្ចប់​ ​តំណែង​ជា​ប្រធាន​IMFអាណត្តិ​ទី​២​​នៅ​ឆ្នាំ ២០២១​បាន​អះអាងថា លោកស្រី​បាន​ផ្អាកព្យួរ​តំណែង​របស់លោកស្រីមួយរយៈ ក្នុងពេល​រង់ចាំ​ការបោះឆ្នោតអនុម័ត​យល់ព្រម​​ពី​សភា​អឺរ៉ុប។

នៅ​ថ្ងៃ​អង្គារ នៅក្រោយ កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អឺរ៉ុប លោក​Donald Tusk ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ប្រកាស​ផងឈ្មោះ​របស់​បេក្ខជន​ដែល​នឹង​ចូលកាន់តំណែង​បន្ត​ពីរូបលោក នោះ គឺ អតីត​នាយករដ្ឋមន្រ្តី​បែលហ្ស៊ិក លោក Charles Michel ដែល​ មេដឹកនាំ​អឺរ៉ុប​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ចាប់ពី​ខែ​ធ្នូ​ខាងមុខ។ ចំណែក​រដ្ឋមន្រ្តី ការបរទេស​អេស្ប៉ាញ លោក Josep Borrell ដែល​ធ្លាប់ធ្វើ​ជា​ប្រធាន​សភាអឺរ៉ុប ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០០៧ ត្រូវ​បាន​គេ​ជ្រើសរើស​​ឲ្យ​ធ្វើ​ជា​ អ្នកតំណាង​ជាន់ខ្ពស់ផ្នែក​កិច្ចការបរទេស​អឺរ៉ុប។ សម្រាប់​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ​ការសម្រេចចិត្ត​របស់​មេដឹកនាំ​អឺរ៉ុប​ឈរ​ទៅលើ​គោលការណ៍​សមភាព នៅពេល​ មនុស្ស​ស្រី​២នាក់ និង​មនុស្ស​ប្រុស​ពីរនាក់ត្រូវ​បាន​ជ្រើសរើស​​ឲ្យ​កាន់តំណែង​គន្លឹះ​សំខាន់ទាំង​៤​​របស់​អឺរ៉ុប។ សម្រាប់​​តំណែងសំខាន់​ទី​៥ គឺ​តំណែង​​ប្រធាន​សភា​អឺរ៉ុប​វិញ នឹង​អាច​ត្រូវ​គេ​ដឹង​នៅថ្ងៃ​ពុធ​នេះ នៅក្រោយ​​ការបោះឆ្នោត​សម្រេច​របស់សភា​ថ្មី​របស់អឺរ៉ុប៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ