អានតួអត្ថបទ
សហភាពអឺរ៉ុប

ជនជាតិអ៊ីតាលីលោកដាវីដ សាសូលីជាប់ឆ្នោតជាប្រធានសភាអឺរ៉ុប

សភា​អឺរ៉ុប​មាន​ប្រធាន​ថ្មី​ឈ្មោះ​ដាវីដ សាសូលី​ជា​ជនជាតិ​អ៊ីតាលី។ មាន​អាយុ ៦៣ឆ្នាំ និង​ជា​សមាជិកសភា​អឺរ៉ុប​នៃ​គណបក្សកណ្តាលឆ្វេងនិយម លោក​ដាវីដ សាសូលី​ត្រូវ​បាន​ក្រុមអ្នកតំណាងរាស្រ្ត​អឺរ៉ុប​បោះឆ្នោត​គាំទ្រ​នា​ថ្ងៃ​ពុធ ទី៣ កក្កដា។ លោក​សាសូលី​ចូល​ជំនួស​កន្លែង​លោក​អង់តូនីញ៉ូ តាយ៉ានី​ដែល​ជា​ជនជាតិ​អ៊ីតាលី​ដូច​គ្នា។ ការ​ជាប់ឆ្នោត​ជា​ប្រធាន​សភា​របស់​លោក​ដាវីដ សាសូលី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​អឺរ៉ុប​ទាំង ២៨ប្រទេស​សមាជិក​បាន​ឯកភាព​គ្នា​ជា​ផ្លូវការ​នា​ថ្ងៃ​អង្គារ ទី២ កក្កដា​នៅ​ក្នុង​ជម្រើស​បេក្ខជន​សម្រាប់​តំណែង​សំខាន់​ចំនួន៤ គឺ​ប្រធាន​គណៈកម្មការអឺរ៉ុប ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​តំណែង​អ្នកតំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស។ តើ​លោក​ដាវីដ សាសូលី​មាន​ប្រវត្តិរូប​សង្ខេប​អ្វី​ខ្លះ?

លោក David Sassoli បាន​ជាប់ឆ្នោត​ជា​ប្រធានសភា​អឺរ៉ុប​ក្នុង​ថ្ងៃទី៣ កក្កដា ២០១៩
លោក David Sassoli បាន​ជាប់ឆ្នោត​ជា​ប្រធានសភា​អឺរ៉ុប​ក្នុង​ថ្ងៃទី៣ កក្កដា ២០១៩ REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រងចាំ​ការ​បោះឆ្នោត​លើកទី២ ទើប​លោក​ដាវីដ សាសូលី​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ដាច់ខាត​ដល់​ទៅ ៣៤៥សំឡេង​ពី​ក្រុមអ្នកតំណាងរាស្រ្ត​អឺរ៉ុប​រួមប្រជុំ​គ្នា​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង​នា​ថ្ងៃ​ពុធ ទី៣ កក្កដា។ ការ​ជាប់ឆ្នោត​របស់​លោក​ដាវីដ សាសូលី​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ីតាលី​បន្ត​រក្សា​បាន​តំណែង​មួយ​ក្នុង​ចំណោម​តំណែង​សំខាន់​ទាំង៣ របស់​អឺរ៉ុប បន្ទាប់​ពី​អ៊ីតាលី​បាន​បាត់បង់​ប្រធាន​គណៈកម្មការអឺរ៉ុប និង​តំណែង​ប្រមុខ​ការទូត​អឺរ៉ុប។ ចាប់​កំណើត​នៅ​ថ្ងៃទី៣០ ឧសភា ឆ្នាំ ១៩៥៦ ក្នុង​ទីក្រុង Florence និង​បន្ទាប់​ពី​ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ លោក​ដាវីដ សាសូលី​បាន​ផ្តើម​អាជីព​ជា​អ្នកកាសែត​ដោយ​សហការ​ជាមួយ​កាសែត​តូចៗ និង​ទីភ្នាក់ងារ​សារព័ត៌មាន​មួយ​ចំនួន។

ក្នុង​ឆ្នាំ ១៩៩២ លោក​ដាវីដ សាសូលី​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​កាណាល់វិទ្យុ ទូរទស្សន៍​រដ្ឋ​ឈ្មោះ RAI និង​បាន​ក្លាយ​ជា​អ្នក​និយាយ​ព័ត៌មាន​ពេល​យប់​លើ​កញ្ចក់​ទូរទស្សន៍។ គឺ​ពេល​នោះ​ហើយ​ដែល​លោក​ដាវីដ​ផ្តើម​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​អ៊ីតាលី​រាប់លាននាក់ និង​ត្រូវ​បាន​តែងតាំង​ជា​នាយករង។ នៅ​ឆ្នាំ ២០០៩ លោក​ដាវីដ​បាន​ផ្តើម​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ខណៈ​ពេល​ដែល​អតីត​ចៅហ្វាយ​ក្រុង​រ៉ូម​លោក Walter Veltroni បាន​រៀបចំ​ច្របាច់​គណបក្ស​ធំ​ពីរ​បញ្ចូល​គ្នា គឺ​គណបក្ស​ឆ្វេងនិយម និង​គណបក្ស​កណ្តាលឆ្វេង​និយម​ដោយ​ប្រសូត្រ​ចេញ​គណបក្ស​តែ​មួយ​មាន​ឈ្មោះ​គណបក្សប្រជាធិបតេយ្យ។

ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អឺរ៉ុប​ក្នុង​ឆ្នាំ ២០០៩ លោក​ដាវីដ សាសូលី​បាន​ជាប់ឆ្នោត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​គណបក្សប្រជាធិបតេយ្យ​ជាមួយ​នឹង​សំឡេង​គាំទ្រ​ជាង ៤០០ ០០០សំឡេង។ តាម​រយៈ​ជោគជ័យ​មួយ​នេះ លោក​ដាវីដ សាសូលី​បាន​បោះបង់​ចោល​ទាំង​ស្រុង​នូវ​អាជីព​ជា​អ្នកកាសែត និង​ចាប់​យក​អាជីព​ជា​អ្នក​នយោបាយ​តែ​មួយ​នៅ​ក្នុង​សភា​អឺរ៉ុប។ ក្នុង​ឆ្នាំ ២០១៣ លោក​ដាវីដ សាសូលី​បាន​ព្យាយាម​ធ្វើ​នយោបាយ​ក្នុង​ស្រុក​ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ចៅហ្វាយ​ក្រុង​រ៉ូម តែ​បាន​ទទួល​បរាជ័យ។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៤ លោក​ដាវីដ​បាន​ជាប់ឆ្នោត​ម្តង​ទៀត​ជា​តំណាងរាស្រ្ត​អឺរ៉ុប រួច​បាន​ក្លាយ​ជា​អនុប្រធាន​សភា​អឺរ៉ុប​ទទួល​បន្ទុក​ថវិកា និង​នយោបាយ​អឺរ៉ុប មេឌីទែររ៉ាណេ។ ថ្ងៃទី៣ កក្កដា ឆ្នាំ ២០១៩ ក៏​បាន​ឡើង​តំណែង​មួយ​កម្រិត​ទៀត​ជា​ប្រធាន​សភា​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ