ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

ដាំដើមឈើឱ្យច្រើន អាចជាដំណោះស្រាយទប់​ស្កាត់​​​ការឡើង​កម្តៅ​អាកាសធាតុ

media  
ដាំដុះ​ព្រៃ​ឈើ​បន្ថែម​ ជា​មធ្យោបាយ​ទប់​ស្កាត់​ការឡើង​កម្តៅ​អាកាសធាតុ Licence CC0

អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​សិក្សាឃើញ​ថា ដាំដើម​ឈើ​អាច​ជួយ​ដោះស្រាយ​​បញ្ហា​​អាកាសធាតុ​ដែល​កំពុង​គំរាមកំហែង​ពិភពលោក​។ បើ​តាម​ការ​​គុណ​គូរ​ ភព​ផែន​ដី​ នៅ​មាន​សល់​ដី​ទំនេរ​អាច​ដាំ​ដុះ​ដើមឈើ​ ដែល​មាន​សមត្ថភាព​ស្រូប​ឧស្ម័ន​កាបូនិក​​ក្នុង​បរិយាកាស​ បាន​ដល់​ទៅ​ពីរ​ភាគបី។ ប៉ុន្តែ​ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ តាម​រយៈ​ការ​ដាំ​ដើម​ឈើនេះ ត្រូវអ្នក​ស្រាវជ្រាវ​បរិស្ថាន​ជា​ច្រើន​ផ្សេង​ទៀត យល់​ថា​ជាការ​បំផ្លើស​ដំណោះស្រាយ​។

ដឹកនាំ​សិក្សា​ស្រាវជ្រាវ​ដោយ​ក្រុម​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ Ath Zurich និង​បោះផ្សាយ​ជា​សាធារណៈ​ នៅ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ ថ្ងៃព្រហស្បត៍​ទី ៤​កក្កដា អ្នក​ស្រាវជ្រាវ​គិត​ប្រមាណ​ថា គេ​អាច​ដាំ​ដុះ​ដើម​ឈើ​ នៅ​លើផែនដី បាន​ចំនួន ៩០០​លាន​ហិចតារ​បន្ថែម​ ពី​លើ​ព្រៃ​ ២៨០០​លាន​ហិចតារ​ ដែល​គ្រប​ដណ្តប់​ពិភពលោក​បច្ចុប្បន្ន។

ព្រៃ​បន្ថែម​នឹង​មាន​សមត្ថភាពអាច​ស្រូប​ឧស្ម័ន​កាបូនិក បាន ២០៥​gigatonnes លើ​៣០០​ហ្ស៊ីហ្កាតោនដែលពិភពលោក​បញ្ចេញ​​ក្នុង​បរិយាកាស​ តាំង​ពី​ចុង​សតវត្សរ៍​ទី ១៩ និង​ដើម​​សម័យ​ឧស្សាហកម្ម​មក។

ដើម្បី​អាច​គណនា​ចេញ និង​ឈាន​ដល់​ការ​ប៉ាន់​ស្មាន​បរិមាណ​នៃ​កា​រ​ដាំ​ដុះ​ព្រៃឈើ អ្នក​ស្រាវជ្រាវ​បាន​ យក​ព្រៃ​ឈើ​ដែល​ពិភពលោក​មាន​ក្នុង​ពេល​បច្ចុប្បន្នមក​វិភាគ​ ជាមួយ​អាកាសធាតុ និង​ដី ទើប​អាច​វាយ​តម្លៃ​ថា​តើ​ត្រូវ​ដាំដើម​ឈើ​នៅ​ទី​ណា តំបន់​ណា ដែល​មិន​មែន​ជា​​តំបន់​ដាំដុះ​កសិកម្ម និង​មាន​ប្រជាជន​រស់​នៅ​រាល់​ថ្ងៃ។

ពាក់កណ្តាល​នៃ​តំបន់​ដែល​អាច​ដាំដុះ​ព្រៃ​ឈើ​បាន​ មាន​នៅ​ក្នុង​៦​ប្រទេស ៖ រុស្ស៊ី សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី ប្រេស៊ីល​និង​ចិន។ នេះ​បើ​តាមការ​បញ្ជាក់​របស់ប្រធាន​ក្រុម​ស្រាវជ្រាវ ដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ប្រទេស​ទាំង​៦ យក​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​ទៅ​ធ្វើ​ជា​យុទ្ធសាស្ត្រ​ជាតិ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

ហេតុផល​សំអាង​មួយ​​ទៀត​ដែល​អាច​មក​ពង្រឹង​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​គេ គឺ​កាលពី​ឆ្នាំទៅ​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អង្គការ​ប្រជាជាតិ បាន​កំណត់​កម្មវត្ថុ​ ដាំ​ដើម​ឈើ​ឱ្យ​បាន​១ពាន់​លាន​ហិចតារ។ កម្មវត្ថុ​នេះ​ពិត​ជា​អាច​សម្រេច​បាន​នៅ​ពេល​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល ដោយ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ថា ការ​ស្តារ​ប្រព័ន្ធ​អេកូសាស្ត្រ​ជា​ដំណោះស្រាយ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​អាកាសធាតុ​ដែល​យើង​មាន​ស្រាប់។

ប៉ុន្តែ​ការ​សិក្សា​នេះ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ជំនាញ​វិទ្យាសាស្ត្រផែនដី​ជា​ច្រើន​ផ្សេង​ទៀត ដោយ​ខ្លះ​យល់​ថា វិធី​សាស្ត្រ​គិត​គូរ​ដាំ​ព្រៃ​ស្រូប​ឧស្ម័នពុល ជាការ​​គិត​ងាយជ្រុល​និ​ងជាការ​គិត​ខុស។ សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​Oxford បាន​បដិសេធ​យ៉ាង​ច្បាស់ៗ​ថា​ ដាំដើម​ឈើ​មាន​ប្រយោជន៍​ហើយ ​តែ គ្មានទេ ​ដំណោះស្រាយ​ធម្មជាតិ​ ប្រឆាំង​នឹងការ​ប្រើ​​ថាមពល​ធ្យូងថ្មនោះ ! ការ​ដាំដុះ​ព្រៃ​ឈើ​បន្ថែម​ថ្មី អាច​ដើរ​តួសំខាន់​ស្រូប​ឧស្ម័ន​កាបូនិក​ដែល​ពិភពលោក​បញ្ចេញ​ ប៉ុន្តែ​មធ្យោបាយ​ដ៏​មាន​ស្ថិរភាព គឺ​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ! នេះ​បើ​តាម​សាស្ត្រាចារ្យ​នៅទីក្រុង​ឡុងដ៍៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ