ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អឺរ៉ុប

AIEA នឹងបើកកិច្ចប្រជុំវិសាមញ្ញានៅថ្ងៃទី១០ កក្កដាតាមសំណើរបស់សហរដ្ឋអាមេរិក

media  
អគ្គនាយក AIEA លោក Yukiya Amano REUTERS/Leonhard Foeger

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ជា​ភាសា​បារាំង AIEA បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី៥ កក្កដា​ថា ខ្លួន​នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃ​ទី១០ កក្កដា​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​តាម​សំណើ​របស់​សហរដ្ឋអាមេរិក។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ គឺ​ដើម្បី​ពិនិត្យ និង​ជជែក​លើ​របាយការណ៍​ចុង​ក្រោយ​របស់​នាយក AIEA ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​បាន​ស្តុក​បរិមាណ​អ៊ុយរ៉ាញ៉ូម​លើស​ការ​កំណត់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ អ្នកតំណាង​ការទូត​អ៊ីរ៉ង់​ក្នុង​ទីក្រុង​វីយែន​បាន​ថ្លែង​រិះគន់​លើ​សំណើ​មួយ​នេះ​របស់​អាមេរិក ហើយ​រុស្ស៊ី​បាន​យល់​ឃើញ​ថា កិច្ចប្រជុំ​នៅ​ថ្ងៃទី១១ កក្កដា​មិនមែន​ជា​កន្លែង​ដើម្បី​សិក្សា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ទេ។

របាយការណ៍​របស់​នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា អ៊ីរ៉ង់​បាន​ស្តុក​បរមាណូ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​លើស​ការ​កណត់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀង​ដែល​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​ស្តុក​បរិមាណ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​ច្រើន​បំផុត​ត្រឹម ៣០០គីឡូក្រាម​ប៉ុណ្ណោះ។ បេសកកម្ម​ការទូត​អាមេរិក​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​បាន​ប្រាប់​ថា ខ្លួន​ជា​អ្នក​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​សមាជិក​ទាំង ៣៥ប្រទេស​នៃ​ក្រុមប្រឹក្សា​របស់ AIEA ដើម្បី​ជជែក​លើ​របាយការណ៍​មួយ​នេះ។ « សហគមន៍​អន្តរជាតិ​ត្រូវ​តែ​សុំ​ការ​បំភ្លឺ​ពី​របប​ក្រុង​តេហេរ៉ង់ » នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន។

AIEA មាន​តួនាទី​ផ្ទៀងផ្ទាត់ និង​ពិនិត្យមើល​ថា រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់កំពុង​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥ ព្រម​ទាំង​ធានា​ពី​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អ៊ីរ៉ង់។ គួរ​រម្លឹក​ថា រឿងអាស្រូវ​ជុំវិញ​កិច្ចព្រមព្រៀង​មួយ​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ជា​ការ​សងសឹក​វិញ អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​មិន​គោរព​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ជំហាន​ដំបូង​ថ្មី​នេះ ក្រុង​តេហេរ៉ង់​បាន​ប្រកាស​បង្កើន​បរិមាណ​ស្តុក​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា ៣,៦៧%។

បន្ទាប់​មក​ចាប់​ពី​ថ្ងៃទី៧ កក្កដា​ទៅ អ៊ីរ៉ង់​នឹង​ធ្វើ​ការ​ចម្រើន​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ដល់​ទៅ ៥% ពោល​លើស ៣,៦៧% ដែល​ជា​អត្រា​កំណត់​ដោយ​កិច្ចព្រមព្រៀង។ យ៉ាង​ណា​ក៏​ដោយ អ្នកតំណាង​ការទូត​អ៊ីរ៉ង់​ក្នុង​ប្រទេស​អូទ្រីស​បាន​ថ្លែង​រិះគន់​លើ​សំណើ​របស់​អាមេរិក​ឲ្យ AIEA បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី១១ កក្កដា។ ចំណែក​រុស្ស៊ី​បាន​យល់​ឃើញ​ថា កិច្ចប្រជុំ​នៅ​ថ្ងៃទី១១ កក្កដា​មិនមែន​ជា​កន្លែង​ត្រឹមត្រូវ​ដើម្បី​ពិនិត្យ សិក្សា​លើ​ដំណើរ​វៀចវេរ​របស់​អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀង​នោះ​ទេ។ រីឯ​ប្រភព​ការទូត​បាន​បញ្ជាក់​ថា អ៊ីរ៉ង់ និង​ក្រុម​ប្រទេស​ហត្ថលេខី​សេសសល់​មាន​យន្តការ​មួយ​របស់​ខ្លួន​ដើម្បី​តាម​ដាន​ការ​គោរព​កិច្ចព្រមព្រៀង​របស់​ភាគី​ហត្ថលេខី​ម្នាក់ៗ។ យន្តការ​ដែល​មាន​ឈ្មោះ « គណៈកម្មការ​រួម » ចូលរួម​ប្រជុំ​ដោយ​ថ្នាក់​ប្រមុខ​ការទូត​នឹង​ត្រូវ​កោះប្រជុំ​ជា​ថ្មី​ក្នុង​ខែ​កក្កដា​នេះ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ