អ៊ីរ៉ង់រករឿងចង់ចាប់នាវាដឹកប្រេងអង់គ្លេស នៅច្រកសមុទ្ទ Ormuz
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៩
នាវាយោធាអ៊ីរ៉ង់ ៥ គ្រឿង បានសាកល្បងបង្អាក់ដំណើររបស់នាវាដឹកប្រេងអង់គ្លេស នៅច្រកអកមូ តំបន់ដែនទឹកប្រកបដោយយុទ្ធសាស្ត្របំផុត កាលពីថ្ងៃពុធម្សិលមិញ។ សំណាងល្អ នាវាដឹកប្រេងអង់គ្លេស មាននាវាយោធាជាអង្គរក្សតាមការពារ ទើបអាចបន្តដំណើរទៅមុខបានតាមសម្រួលវិញ។ នេះបើតាមប្រភពព័ត៌មានអាមេរិក និងអង់គ្លេស។ ប៉ុន្តែអ៊ីរ៉ង់ បានឆ្លើយបដិសេធនៅថ្ងៃព្រហស្បតិ៍នេះ ថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាវាល្បាតអ៊ីរ៉ង់គ្មានបានជួបនាវាបរទេសទេ។
បើតាមប្រសាសន៍របស់អ្នកទទួលខុសត្រូវអាមេរិក លើកមកផ្សព្វផ្សាយដោយទូរទស្សន៍CNN មាននាវាយោធា របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៥គ្រឿងបានបើកមកចូលកៀកនឹងនាវាដឹកប្រេងអង់គ្លេស ដោយបញ្ជា និងគៀងនាវាBritish Heritage ឱ្យប្តូរទិស ទៅឈប់នៅក្នុងដែនទឹកអ៊ីរ៉ង់ ជិតនោះ។ តែជាសំណាងល្អ នាវាដឹកប្រេងអង់គ្លេសមាននាវាយោធានៃកងកម្លាំង Royal Navy តាមការពារ។ បើតាមតំណាងរដ្ឋាភិបាលអង់គ្លេស និងរូបភាពវីដេអូ ថតពីលើអាកាសដោយយន្តហោះអាមេរិក នាវាចម្បាំងអង់គ្លេស HMS Montrose បានបង្ហោះសារសំឡេងសម្លុតព្រមាន និងបានលើកកាណុង ភ្ជង់តម្រង់នាវាអ៊ីរ៉ង់តែម្តង ទើបនាវាយោធាអ៊ីរ៉ង់ខ្លបខ្លាច បកក្រោយបើកចេញទៅវិញ។ ក្រសួងការពារជាតិអង់គ្លេសមិនធ្វើអត្ថាធិប្បាយអ្វី ទាំងអស់។
អ៊ីរ៉ង់សងសឹកអង់គ្លេស ?
ប៉ុន្តែអង់គ្លេសបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ង់សម្រួលឱ្យមានភាពធូរស្បើយ។ ហេតុការណ៍នេះកើតឡើងតែមួយថ្ងៃ ក្រោយសេចក្តីព្រមានរបស់ប្រធានាធិបតីអ៊ីរ៉ង់ រ៉ូហានី អំពីផលវិបាកនៃការឃាត់នាវាអ៊ីរ៉ង់ ក្នុងដែនទឹកអង់គ្លេស កាលពីសប្តាហ៍មុន។ តើនេះជាទង្វើសងសឹករបស់អ៊ីរ៉ង់លើអង់គ្លេសឬ ? សម្រាប់អ្នកទទួលខុសត្រូវអាមេរិក អ្វីដែលអ៊ីរ៉ង់កំពុងធ្វើពេលនេះ គឺជាយាយី សម្លុតបំភ័យ និងជាការប៉ុនប៉ងជ្រៀតជ្រែករំខានចរាចរណ៍ដឹកជញ្ជូនផ្លូវសមុទ្ទ ដោយសេរី។
ច្រកសមុទ្រអកមូ គ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់។ ជាច្រកសមុទ្ទដ៏តូចមួយ ដែលមានទទឹងប្រមាណតែ ៥០គីឡូម៉ែត្រ និងទឹកជ្រៅបំផុតត្រឹម៦០ម៉ែត្រ។ ជាងនេះទៅទៀត អកមូ ជាច្រកតែមួយគត់ ដែលនាំទៅកាន់ឈូងសមុទ្រពែក្ស ជាជង្រុកប្រេង។
តែ អកមូជាច្រកសមុទ្រយុទ្ធសាស្រ្តសម្រាប់ពាណិជ្ជកម្មប្រេងឆៅ និងឧស្ម័ន ពិភពលោក។ ជារៀងរាល់ថ្ងៃ មានប្រេងឆៅជិត ១៧លានបារីលបានដឹកចេញតាមច្រកសមុទ្រអកមូ ពោលជិត ៣០% នៃផលិតផលប្រេងឆៅក្នុងលោកដែលដឹកជញ្ជូនតាមផ្លូវសមុទ្រ។
ក្រុងតេហេរ៉ង់ធ្លាប់គំរាមបិទច្រកនេះជាច្រើនលើកច្រើនសាហើយ។ អ៊ីរ៉ង់ធ្លាប់គំរាមបិទច្រកនេះម្តងហើយនៅឆ្នាំ ២០១១ ក្នុងពេលមានភាពប្រឈមមុខខ្លាំងទល់នឹងបស្ចិមលោក។ ក្រោយការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងប្រកាសដាក់ទណ្ឌកម្មលើអ៊ីរ៉ង់មក ភាពតានតឹងបានឡើងប៉ោងខ្លាំង។ មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមាន បិទច្រកសមុទ្រOrmuz ជាថ្មី។ ឧប្បត្តិហេតុវាយប្រហារលើនាវាដឹកប្រេងក៏មានកើតឡើងជាញឹកញាប់ ដែលអាមេរិកចោទដោយចំៗថាជាស្នាដៃរបស់អ៊ីរ៉ង់។ ហើយអ៊ីរ៉ង់តែងបដិសេធជានិច្ច។ ហេតុការណ៍ម្សិលមិញនេះ ក៏តេអេរ៉ង់ច្រានចោលដែរ។
បង្កើតសម្ព័ន្ធអន្តរជាតិដើម្បីការពារនាវាដឹកប្រេង
ប្រឈមនឹងស្ថានការណ៍បែបនេះ កាលពីម្សិលមិញ អាមេរិកបានបង្ហើបចេតនាចង់បង្កើតសម្ព័ន្ធសមុទ្ទអន្តរជាតិ ដើម្បីធានាសេរីភាពនៃចរាចរណ៍នៅតំបន់ឈូងសមុទ្ទនេះ ពោលគឺគ្រប់នាវាដឹកប្រេង នឹងត្រូវមាននាវាយោធាការពារ។ អាមេរិកសង្ឃឹមថានឹងអាចប្រមូលប្រទេសសម្ព័ន្ធមិត្តជាច្រើនឱ្យរួបរួមកម្លាំងជាធ្លុងមួយ ប្រឈមនឹងអ៊ីរ៉ង់ បើទោះបីជាសម្ព័ន្ធមិត្តអាមេរិកដូចជាមិនសូវអឺអើយ៉ាងណាក៏ដោយ។ អាមេរិកធ្លាប់បានធ្វើប្រតិបត្តិការការពារនាវាដឹកប្រេង នៅក្នុងតំបន់ឈូងសមុទ្ទពែក្សនេះរួចមកហើយ។ កាលសម័យសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ នាវាដឹកប្រេងកូវ៉ែត បានធ្វើចរាចរណ៍ ដោយពាក់ទង់ជាតិអាមេរិកផង។
បើតាមគម្រោង អាមេរិកសង្ឃឹមថានៅរវាងពីរបីសប្តាហ៍ទៀត គេនឹងអាចបានដឹងថាប្រទេសណាខ្លះមានឆន្ទៈនយោបាយគាំទ្រគំនិតផ្តួចផ្តើមអាមេរិកនេះ។ អាមេរិកគិតការនេះដោយធ្វើការជាមួយយោធាដោយផ្ទាល់។ អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ទំនងជាព្រមសហការជាមួយអាមេរិកមុនគេ។ ឥណ្ឌាបានបញ្ជូននាវាចម្បាំងពីរគ្រឿងរួចមកហើយ មកកាន់តំបន់ឈូងសមុទ្ទនេះ ដើម្បីការពារនាវាដឹកប្រេងឥណ្ឌា។ សម្ព័ន្ធមិត្តអាមេរិកដែលមានមូលដ្ឋានទ័ពនៅក្នុងតំបន់ស្រាប់ហើយ គឺបារាំងនិងអង់គ្លេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ