អានតួអត្ថបទ

អ៊ីរ៉ង់​ចាប់​ខ្លួន​អ្នក​ស្រាវជ្រាវ​នយោបាយ​បារាំង ក្នុង​បរិបទ​នៃភាព​តានតឹង​នុយក្លេអ៊ែរ

អ្នក​ស្រាវជ្រាវ​បារាំង​ដើម​កំណើត​អ៊ីរ៉ង់ អ្នកស្រី ហ្វារីបា អាឌែលខា Fariba Adelkhah នាយកស្រាវជ្រាវ​​នៅ​វិទ្យាសា្ថន​សិក្សា​នយោបាយ​ នៅ​ទីក្រុង​ប៉ារីស ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់​ខ្លួន នៅក្នុង​ទឹក​ដី​អ៊ីរ៉ង់។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងការបរទេស​បារាំង ដោយ​មិន​បញ្ជាក់​អំពី​ថ្ងៃ​ខែ​នៃ​ការ​ចាប់​ខ្លួន​នោះ​ឡើយ។

អ្នកស្រី​ ហ្វារីបា អាឌែលខា ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ​នាទីក្រុង​ប៉ារីស
អ្នកស្រី​ ហ្វារីបា អាឌែលខា ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ​នាទីក្រុង​ប៉ារីស RFI/Persan-EM
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អ៊ីរ៉ង់​នៅ​បរទេស អ្នកស្រាវជ្រាវ​នយោបាយ​ជាតិ​បារាំង​ដើម​កំណើត​អ៊ីរ៉ង់​ត្រូវ​បាន​ក្រុង​តេអេរ៉ង់ ចាប់​ខ្លួន​តាំង​ពី​ប្រមាណ​បី​សប្តាហ៍​មក​ហើយ។

ប៉ារីស​ បាន​​ទាមទារ​ និង​ដាក់​សំណើ​សុំ​ជួប​អ្នក​ស្រី​នរវិទ្យូ​ ដោយ​គ្មាន​បង្អង់ តាំង​ពី​ថ្ងៃ​បាត់​ដំណឹង​អ្នក​ស្រី​ភ្លាម តាម​ដំណើរ​បែប​បទ​រដ្ឋបាល​ និង​ការទូត ទៅ​កាន់​អាជ្ញាធរ​ក្រុង​តេអេរ៉ង់ ដើម្បី​បាន​ដឹង​អំពី​ស្ថានការណ៍​និង​លក្ខខណ្ឌ​នៃ​ការ​ចាប់ខ្លួន ​ប៉ុន្តែ​គ្មាន​ចម្លើយ​តប​ទេ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ចន្ទទី ១៥​ កក្កដា​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​បារាំង។ ក្រសួងការ​បរទេស​ដែល​បាន​អំពាវនាវ ឱ្យ​អាជ្ញាធរ​បំភ្លឺ​អំពី​ស្ថានភាព​របស់​អ្នកស្រី ហ្វារីបា អាឌែលខា បាន​បញ្ជាក់​​ទទូច​ជា​ថ្មី​ឱ្យ​អ៊ីរ៉ង់​ផ្តល់ព័ត៌មាន​តាម​ផ្លូវ​ទូត។

អាយុ​៦០​ឆ្នាំ ជា​អ្នក​ស្រាវជ្រាវ នៅមជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​នៃ​​វិទ្យាស្ថានវិទ្យាសាស្ត្រ​នយោបាយ​ Sciences Po-Paris ឯកទេស​អ៊ីរ៉ង់ ជាបណ្ឌិត​ផ្នែក​នរវិទ្យា នៅ​សាលា​សិក្សាវិទ្យាសាស្ត្រ​សង្គម​ជាន់​ខ្ពស់​ ក្រុង​ប៉ារីស អ្នកស្រី ហ្វារីបា អាឌែល​ខា សហការ​ការងារ​ជាមួយ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ជា​ច្រើន ដូច​ជា Iranien Studies Tevue des mondes musulmans et de la Méditerranée។ អ្នក​ស្រី​មានសរសេរ​​សៀវភៅ​ជា​ច្រើន​ស្តីពី​អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន។

ការ​បាត់​ខ្លួន​អ្នកស្រី​ អាឌែល​ខា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​អ៊ីរ៉ង់ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស្រាវជ្រាវ ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​អ៊ីរ៉ង់​កំពុង​មាន​ទំនាក់ទំនង​តាន​តឹង​ជាមួយ​បស្ចឹមលោក ដោយ​ហេតុ​តែ​អាមេរិកដក​ខ្លួន​ជា​ឯកតោ​ភាគី​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​​បាន​ត្រឡប់​មក​ដាក់ទណ្ឌកម្ម​លើ​តេអេរ៉ង់ជា​ថ្មី។ ​

អ៊ីរ៉ង​បាន​ដាក់​ឱសានវាទ​គំរាម​ដើរ​ចេញ​ពីកិច្ចព្រ​មព្រៀង​ដែរ និង​បាន​ទាមទារ​ជា​ថ្មី​នៅ​ថ្ងៃចន្ទ​នេះ ឱ្យ​សហភាពអឺរ៉ុប​ចាត់​គ្រប់​វិធានការ​ងាយៗ មាន​ប្រសិទ្ធភាព​និង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ដើម្បី​ស្តារ​កិច្ចព្រមព្រៀង បើ​ពុំ​នោះ​ទេ​អ៊ីរ៉ង់​នឹង​ត្រលប់​ទៅ​ប្រកាន់​ជំហរ​ដូច​កាលពី​ឆ្នាំ​​២០១៥។ ​ នាំ​មុខ​​បារាំងអាល្លឺម៉ង់​អង់គ្លេស អឺរ៉ុបបាន​ខ្នះខ្នែង​បញ្ជូន​អន្តរការី​ទៅ​អ៊ីរ៉ង់ និង​បានរក​​វិធី​​​បន្ធូរបន្ថយ​ស្ថានការណ៍ ប៉ុន្តែ​មិន​បាន​ផល។​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ​អឺរ៉ុប​កំពុង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ដើម្បី​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាពស្តារ​កិច្ចព្រមព្រៀង ប៉ុន្តែ​អឺរ៉ុប​គ្មាន​លទ្ធភាព​ពង្រាង​ទណ្ឌកម្ម​អាមេរិក ឱ្យ​សម​ចិត្ត​អ៊ីរ៉ង់​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ