រដ្ឋមន្ត្រីបារាំងម្នាក់លាលែងពីតំណែង ដោយមានរឿងអាស្រូវចាយវាយហ៊ឺហា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៨
មួយសប្តាហ៍ក្រោយការផ្ទុះរឿងអាស្រូវ ចំណាយលុយរដ្ឋខ្ជះខ្ជាយជាប្រយោជន៍បុគ្គល ឡើងហាង ញ៉ាំម្ហូបឆ្ងាញ់ ផឹកស្រាថ្លៃ ... កាលនៅជាប្រធានរដ្ឋសភា លោក ហ្វ្រង់ស័រ ដឺ រ៉ូហ្ស៊ី François de Rugy បុរសខ្លាំងទីពីររបស់រដ្ឋាភិបាល ដែលទើបឡើងកាន់តំណែងមិនទាន់បានមួយឆ្នាំផង បានសុំលាលែងចេញពីតួនាទី រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារទី ១៦កក្កដា ២០១៩ ម្សិលម្ង៉ៃ។ តើរឿងអាស្រូវដែលសារព័ត៌មានបានទម្លាយ មានទំហំប៉ុនណា និងមានអ្វីខ្លះ ទើបជំរុញលោករដ្ឋមន្ត្រីឱ្យដល់ថ្នាក់ដើរចេញពីជួររដ្ឋាភិបាល ?
មិនទាន់បានបញ្ចេញស្នាដៃអ្វីគួរសម្គាល់ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាក្រសួងដ៏ធំ និងសំខាន់របស់រដ្ឋាភិបាលលោក ម៉ាក្រុង ផង លោក ហ្វ្រង់ស័រ ដឺ រ៉ូហ្ស៊ី បានលាលែងចេញពីតំណែងបាត់ទៅហើយ។ សម្ពាធកាន់តែធ្ងន់ រឿងអាស្រូវមួយហើយមួយទៀតបានមករួមរឹតកាន់តែខ្លាំង។
រឿងហេតុបានផ្ទុះឡើងជាដំបូង នៅថ្ងៃទី ១០ កក្កដា ២០១៩។ សារព័ត៌មានអង្កេត Médiapart បានទម្លាយរឿងអាស្រូវថា នៅរវាងពីឆ្នាំ២០១៧-១៨ លោក ដឺ រ៉ូហ្ស៊ី ដែលជាប្រធានរដ្ឋសភា បាយលុយខ្ជះខ្ជាយហ៊ឺហា រៀបចំទទួលទានអាហារពេលល្ងាច ជាង១០លើក ជាលក្ខណៈឯកជន គ្មានពាក់ព័ន្ធនឹងការងារសភាសោះ តែប្រមូលអស់កម្លាំងនិងធនធានសភាមកប្រើ ក្នុងសណ្ឋាគារប្រណិតៗ ប្រើចានកែវ ធ្វើគ្រិស្តាល់ ស្លាបព្រាមាស ហើយមានមុខម្ហូបថ្លៃៗ ញ៉ាំសុទ្ធតែបង្កងយក្ស ស្រាឆ្ងាញ់ៗរបស់សភា មួយដបថ្លៃពី១០០ទៅ៥០០អឺរ៉ូ។ មួយថ្ងៃពីរក្រោយមក សារព័ត៌មានអង្កេតដដែលបានបង្ហើបរឿងអាស្រូវមួយទៀត ទាក់ទងនឹងការប្រើលុយរដ្ឋ ដល់ទៅជាង ៦៣០០០អឺរ៉ូទៅជួសជុលគេហដ្ឋានការងារ។ ក្រៅពីមានផ្ទះការងារ លោកតំណាងរាស្ត្រថែមទាំងមានផ្ទះ ស្នាក់នៅមួយទៀតសម្រាប់។ ប៉ុន្តែជាផ្ទះរដ្ឋដែលតាមធម្មតា ជាផ្ទះមានតម្លៃប្រាក់ឈ្នួលថោក សម្រាប់ជួយប្រជាពលរដ្ឋដែលមានកំរិតជីវភាពទាប។
ប៉ុន្តែសំណុំរឿងអាស្រូវបែបចាយវាយហ៊ឺហា ចំណាយស៊ីផឹកដ៏សន្ធឹកសន្ធាប់នេះ ជួលជុលផ្ទះ នៅផ្ទះរដ្ឋ ទំនងជាមិនមែនគ្រប់គ្រាន់នឹងធ្វើឱ្យលោករដ្ឋមន្ត្រីចុះចេញពីតំណែងឡើយ គឺទំនងដោយសាររឿងអាស្រូវថ្មីមួយទៀត ទាក់ទងនឹងការចំណាយកញ្ចប់ថវិការបស់សមាជិកសភាទេ ដែលជំរុញឱ្យលោក ដឺរ៉ូហ្ស៊ី សុំដើរចេញយ៉ាងទាន់ហន់នោះ។
បើតាមអង្កេតថ្មីចុះផ្សាយលើទំព័រ កាសែត Mediapart លោកហ្វ្រង់ស័រ ដឺរ៉ូហ្ស៊ី ត្រូវបំភ្លឺអំពីការប្រើប្រាស់កញ្ចប់ថវិកាសភា នៅរវាងពីឆ្នាំ២០១៣-២០១៤ ដែលមួយភាគ ត្រូវបានយកទៅចិញ្ចឹមហិបរបស់គណបក្សនយោបាយបៃតង អ្នកបរិស្ថាននិយម។ ក្នុងអំឡុងពេលពីរឆ្នាំនោះលោកដែលជាតំណាងរាស្ត្របក្សបរិស្ថាន មិនបានយកប្រាក់ខែរបស់លោក ទៅបង់វិភាគទានដល់បក្សដូចសមាជិកបក្សដទៃទេទេ តែបែរជាមកខ្វេះកញ្ចប់លុយដែលសភាឱ្យសម្រាប់ចាត់តែងការងារសភា អស់៩២០០០អឺរ៉ូទៅវិញ។ ហើយកាន់តែមិនប្រក្រតីខ្លាំងទៅទៀត ដែលសារព័ត៌មានទម្លាយលម្អិតនោះ គឺលោកតំណាងរាស្ត្រយកកញ្ចប់លុយសភាទៅឱ្យបក្សហើយ អាចកាត់ពន្ធបានប្រចាំឆ្នាំផ្ទាល់ខ្លួនរបស់លោកទៀត។ ការកាត់ពន្ធមិនមែនជាទង្វើខុសច្បាប់ឡើយ។ ពលរដ្ឋបារាំងគ្រប់រូបសុទ្ធតែអាចទាមទារកាត់ពន្ធបានពាក់កណ្តាលនៃប្រាក់ការវិភាគទានឱ្យបក្សនយោបាយ ឬឱ្យសមាគម ណាមួយបានដូចៗគ្នា។ គ្រាន់តែថាករណីលោកដឺរ៉ូហ្ស៊ី ធ្វើដោយស្របច្បាប់មែន តែប្រាក់វិភាគទាននោះមិនមែនជារបស់លោកហើយជាប្រាក់ដែលលើកលែងពន្ធរួចទៅហើយ។ ពិតជាចំណេញជាន់លើចំណេញមែន !
ប៉ុន្តែបញ្ហាមិនមែនស្ថិតនៅត្រឹមត្រង់ ការបង់ពន្ធ ឬមិនបង់ពន្ធ ខុសឬមិនខុសច្បាប់ នោះឡើយ ! បញ្ហាស្ថិតនៅត្រង់ថាលោកប្រធានាធិបតីម៉ាក្រុង បានសន្យា ចាយវាយថវិការបស់ពលរដ្ឋគ្រប់សេនឱ្យបានត្រឹមត្រូវ ហើយមន្ត្រីរដ្ឋាភិបាលត្រូវធ្វើជាគំរូល្អ !
លោក ហ្វ្រង់ស័រ ដឺរ៉ូហ្ស៊ី ផ្ទាល់ ក៏ធ្លាប់តាំងខ្លួន មានប្រវត្តិនយោបាយជារហូតមកជាអ្នកការពារយ៉ាងមោះមុត ភាពស្មោះត្រង់ និងតម្លាភាព។ កាលពីឆ្នាំ២០១១ អ្នកបរិស្ថាននិយមដឺរ៉ូហ្ស៊ី បានការពារច្បាប់រក្សាតម្លាភាពនៃកញ្ចប់ថវិកាសភា និងបានបង្ហាញស្ម័គ្រចិត្តលាតត្រដាងចំណាយលម្អិតរបស់លោក ជាសាធារណៈដើម្បីតម្លាភាព នៅឆ្នាំ២០១៣។ នៅឆ្នាំ២០១៧ លោកជាអ្នកដឹកនាំអនុម័តច្បាប់ស្តីពីសីលធម៌ជីវិតសាធារណៈ របស់រដ្ឋាភិបាលលោកម៉ាក្រុង ក្នុងនាមជាប្រធានរដ្ឋសភា។
នៅថ្ងៃនេះ លាលែងចេញពីតំណែងហើយ ប្រធានាធិបតីក៏បានយល់ព្រមនិងតែងតាំងរដ្ឋមន្ត្រីជំនួសហើយភ្លាម តែលោកដឺរ៉ូហ្ស៊ីនៅមិនទាន់អស់រឿងអាក្រក់ទេ។ សារព័ត៌មានអង្កេតដដែលនេះ បានបកអាក្រាតរឿងអាស្រូវមួយទៀតថាលោកអតីតរដ្ឋមន្ត្រីប្រើប្រាស់អ្នកបើកបររថយន្ត ក្នុងការងារ ទៅបំរើប្រយោជន៍ឯកជន ដូចជាបើកឡានជូនកូនប្រពន្ធទៅសាលារៀនជាដើម ឬឱ្យអ្នកបើករថយន្តទទេទៅចាំ បើទោះបីលោកជិះរថភ្លើងសោះ ក្នុងក្របខ័ណ្ឌនៃការងារ។ មិនដឹងថាតើកាសែត នឹងស្រាវជ្រាវឃើញរឿងអាស្រូវផ្សេងទៀត ឬចាំត្រឹមណេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ