ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា
 
លោក François de Rugy រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែល​ទើប​លាលែង​ចេញ​ពី​តំណែង GEORGES GOBET / AFP

​មួយ​សប្តាហ៍​ក្រោយ​ការ​ផ្ទុះ​​រឿង​អាស្រូវ​ ចំណាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ​ជា​ប្រយោជន៍​បុគ្គល ឡើង​ហាង ញ៉ាំ​ម្ហូបឆ្ងាញ់ ផឹក​ស្រា​ថ្លៃ ... កាល​នៅ​ជា​ប្រធាន​រដ្ឋ​សភា​ លោក ហ្វ្រង់ស័រ ដឺ រ៉ូហ្ស៊ី François de Rugy បុរស​ខ្លាំង​ទីពីរ​របស់​រដ្ឋាភិបាល ដែល​ទើប​ឡើង​​កាន់​តំណែង​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង បាន​សុំ​លាលែង​ចេញ​ពីតួនាទី​​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ថ្ងៃ​អង្គារ​ទី ១៦​កក្កដា ២០១៩ ម្សិលម្ង៉ៃ។ តើ​រឿង​អាស្រូវ​ដែល​​​សារព័ត៌មានបាន​ទម្លាយ​ មានទំហំ​ប៉ុនណា និងមាន​អ្វី​ខ្លះ ទើប​​ជំរុញ​លោក​រដ្ឋមន្ត្រី​ឱ្យ​ដល់​ថ្នាក់​ដើរ​ចេញ​ពី​ជួររដ្ឋាភិបាល ?

មិន​ទាន់​បាន​បញ្ចេញ​ស្នាដៃ​អ្វី​គួរ​សម្គាល់ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ដែល​ជា​ក្រសួង​ដ៏​ធំ ​និង​សំខាន់​របស់​រដ្ឋាភិបាល​លោក ម៉ាក្រុង ​ផង លោក ហ្វ្រង់ស័រ ដឺ រ៉ូហ្ស៊ី បាន​លាលែង​ចេញ​ពី​តំណែង​បាត់​ទៅ​ហើយ។ ​សម្ពាធ​កាន់​តែ​ធ្ងន់ រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀតបានមក​​រួម​រឹត​​កាន់​តែ​ខ្លាំង។

រឿ​ង​ហេតុ​បាន​ផ្ទុះ​ឡើង​ជា​ដំបូង នៅ​​ថ្ងៃទី ១០ កក្កដា ២០១៩។ សារព័ត៌មាន​អង្កេត Médiapart បាន​​ទម្លាយ​រឿង​អាស្រូវ​​​ថា នៅ​រវាង​ពី​ឆ្នាំ​២០១៧-១៨ ​លោក ដឺ រ៉ូហ្ស៊ី ដែល​​ជា​ប្រធាន​រដ្ឋ​សភា បាយលុយ​ខ្ជះខ្ជាយ​ហ៊ឺហា ​រៀប​ចំ​ទទួលទាន​អាហារ​ពេល​ល្ងាច ជាង​១០​លើក ជា​លក្ខណៈ​ឯកជន គ្មាន​ពាក់​ព័ន្ធ​នឹងការងារសភា​សោះ​ តែ​ប្រមូល​អស់​កម្លាំងនិង​​ធនធាន​សភា​មក​ប្រើ ក្នុង​សណ្ឋាគារ​ប្រណិតៗ ប្រើចាន​កែវ ធ្វើ​គ្រិស្តាល់ ស្លាបព្រាមាស ហើយ​មាន​​មុខ​ម្ហូប​ថ្លៃៗ ញ៉ាំ​សុទ្ធ​តែ​បង្កងយក្ស​ ស្រាឆ្ងាញ់ៗរបស់​សភា​ មួយដប​ថ្លៃ​ពី​១០០​ទៅ​៥០០​អឺរ៉ូ​។ មួយ​ថ្ងៃ​ពីរ​ក្រោយ​មក សារព័ត៌មាន​អង្កេត​ដដែល​បាន​បង្ហើប​រឿង​អាស្រូវ​មួយ​ទៀត ទាក់ទង​នឹង​ការ​ប្រើ​លុយ​រដ្ឋ​ ដល់​ទៅ​ជាង​ ៦៣០០០​អឺរ៉ូ​​ទៅ​ជួសជុល​គេហដ្ឋាន​ការងារ។ ក្រៅ​ពី​មាន​ផ្ទះ​ការងារ​ លោក​តំណាងរាស្ត្រថែម​ទាំង​មាន​ផ្ទះ ​ស្នាក់​នៅ​មួយ​ទៀត​សម្រាប់។ ប៉ុន្តែ​ជា​ផ្ទះ​​​រដ្ឋ​ដែល​តាម​ធម្មតា ជា​ផ្ទះ​មាន​តម្លៃ​ប្រាក់​ឈ្នួល​ថោក​ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​មាន​កំរិត​ជីវភាព​ទាប។

ប៉ុន្តែ​សំណុំ​រឿង​អាស្រូវ​​បែប​ចាយ​វាយ​ហ៊ឺហា ចំណាយស៊ីផឹក​​ដ៏​សន្ធឹកសន្ធាប់​នេះ​ ជួលជុល​ផ្ទះ នៅ​ផ្ទះ​រដ្ឋ ទំនង​ជា​មិន​មែន​គ្រប់​គ្រាន់​នឹ​ងធ្វើ​ឱ្យ​លោក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង​ឡើយ គឺ​ទំនង​ដោយ​សារ​រឿង​អាស្រូវ​ថ្មី​មួយ​ទៀត ទាក់ទង​នឹង​ការចំណាយ​កញ្ចប់​ថវិកា​របស់​សមាជិក​សភា​ទេ ដែល​ជំរុញ​ឱ្យ​លោក ដឺរ៉ូហ្ស៊ី សុំ​ដើរ​ចេញ​យ៉ាង​ទាន់​ហន់​នោះ។

បើ​តាម​​អង្កេត​ថ្មី​ចុះ​ផ្សាយ​លើ​ទំព័រ​ កាសែត Mediapart លោក​ហ្វ្រង់ស័រ​ ដឺរ៉ូហ្ស៊ី ត្រូវ​បំភ្លឺ​អំពី​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​សភា នៅ​រវាង​ពី​ឆ្នាំ​២០១៣-២០១៤ ដែលមួយភាគ​ ត្រូវ​បាន​​យក​ទៅ​ចិញ្ចឹម​​ហិប​របស់​គណបក្ស​នយោបាយបៃតង អ្នក​បរិស្ថាននិយម។ ក្នុង​អំឡុង​ពេល​ពី​រ​ឆ្នាំ​នោះ​លោកដែល​ជា​តំណាង​រាស្ត្របក្ស​បរិស្ថាន មិន​បាន​យក​ប្រាក់​ខែ​របស់​លោក​ ទៅ​បង់​វិភាគ​ទាន​ដល់​បក្ស​ដូច​​សមាជិក​បក្ស​ដទៃ​ទេទេ ​តែ​បែរ​ជា​មក​ខ្វេះកញ្ចប់​លុយ​ដែល​​សភាឱ្យ​សម្រាប់​ចាត់​តែង​ការងារ​សភា​ អស់​​៩២០០០​អឺរ៉ូ​ទៅ​វិញ។ ហើយកាន់​តែ​​មិន​ប្រក្រតី​​ខ្លាំង​ទៅ​​ទៀត ដែល​សារព័ត៌មាន​ទម្លាយ​លម្អិត​​នោះ គឺ​លោក​តំណាង​រាស្ត្រ​យកកញ្ចប់​លុយ​សភា​ទៅ​ឱ្យ​បក្សហើយ​ អាច​កាត់​ពន្ធ​បាន​ប្រចាំ​ឆ្នាំ​ផ្ទាល់​ខ្លួន​របស់​លោក​ទៀត។ ការ​កាត់​​ពន្ធ​មិនមែន​ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ ពលរដ្ឋ​បារាំង​គ្រប់​រូប​សុទ្ធ​តែ​អាច​ទាមទារ​កាត់​ពន្ធ​បាន​ពាក់កណ្តាល​នៃ​ប្រាក់​​ការ​វិភាគ​ទាន​ឱ្យ​បក្ស​នយោបាយ ឬឱ្យ​សមាគម ណា​មួយ​បាន​ដូចៗ​គ្នា។ គ្រាន់​តែថា​​ករណី​លោក​ដឺរ៉ូហ្ស៊ី ធ្វើ​ដោយ​ស្រប​ច្បាប់​មែន តែប្រាក់វិភាគ​ទាន​​នោះ​មិនមែន​ជា​របស់​លោក​ហើយ​ជា​ប្រាក់​ដែល​លើក​លែង​ពន្ធ​រួច​ទៅ​ហើយ។ ពិត​ជា​​ចំណេញ​ជាន់​លើ​ចំណេញមែន​ !

ប៉ុន្តែ​បញ្ហា​មិន​មែន​ស្ថិត​នៅត្រឹម​​ត្រង់​ ការ​បង់​ពន្ធ ឬ​មិនបង់​ពន្ធ​ ខុសឬ​មិន​ខុស​ច្បាប់​ នោះ​ឡើយ ! បញ្ហា​ស្ថិត​នៅ​ត្រង់​ថាលោក​ប្រធានាធិបតី​ម៉ាក្រុង បាន​សន្យា​ ចាយវាយ​ថវិកា​របស់ពលរដ្ឋ​គ្រប់សេន​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​មន្ត្រី​​​រដ្ឋាភិបាលត្រូវ​ធ្វើ​ជា​​គំរូល្អ !

លោក ហ្វ្រង់ស័រ​ ដឺរ៉ូហ្ស៊ី ផ្ទាល់​ ក៏​ធ្លាប់​តាំង​ខ្លួន​ មាន​ប្រវត្តិ​នយោបាយ​ជា​រហូត​មក​ជា​អ្នកការ​ពារ​យ៉ាង​មោះមុត ភាព​ស្មោះត្រង់ និង​តម្លាភាព​។ កាលពី​ឆ្នាំ​២០១១ អ្នកបរិស្ថាន​និយម​ដឺរ៉ូហ្ស៊ី បាន​ការពារ​ច្បាប់​រក្សា​តម្លាភាព​នៃកញ្ចប់​ថវិកា​សភា​ និង​បាន​បង្ហាញ​ស្ម័គ្រ​ចិត្ត​លាត​ត្រដាង​ចំណាយ​​លម្អិត​របស់​លោក​ ជា​សាធារណៈ​ដើម្បី​តម្លាភាព នៅ​ឆ្នាំ​២០១៣។ នៅ​ឆ្នាំ​២០១៧ លោកជា​អ្នក​ដឹក​នាំ​អនុម័ត​ច្បាប់​ស្តី​ពី​សីលធម៌​ជីវិត​សាធារណៈ​ របស់​រដ្ឋាភិបាល​លោក​ម៉ាក្រុង​ ក្នុង​នាម​ជា​ប្រធាន​រដ្ឋ​សភា។

នៅ​ថ្ងៃ​នេះ​​ លាលែង​ចេញ​ពី​តំណែង​ហើយ ប្រធានាធិបតី​ក៏​បាន​យល់​ព្រម​និង​តែង​តាំង​រដ្ឋមន្ត្រី​ជំនួស​ហើយ​ភ្លាម តែ​លោក​ដឺរ៉ូហ្ស៊ី​នៅ​មិន​ទាន់​អស់​រឿង​អាក្រក់​ទេ។ សារព័ត៌មាន​អង្កេត​ដដែល​នេះ បាន​បក​អាក្រាតរឿង​អាស្រូវ​មួយ​ទៀត​ថា​លោក​អតីត​រដ្ឋមន្ត្រី​ប្រើប្រាស់​អ្នក​បើក​បរ​រថយន្ត​ ក្នុង​ការងារ ទៅ​បំរើ​ប្រយោជន៍​ឯកជន ដូច​ជា​បើក​ឡាន​ជូន​កូន​ប្រពន្ធ​ទៅ​សាលា​រៀន​ជា​ដើម ឬ​ឱ្យ​អ្នក​បើក​រថយន្តទទេ​​ទៅ​ចាំ បើ​ទោះ​បី​​លោក​ជិះ​រថភ្លើងសោះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការងារ។ មិន​ដឹង​ថា​តើ​កាសែត​ នឹង​ស្រាវជ្រាវ​ឃើញ​រឿង​អាស្រូវ​ផ្សេង​ទៀត ឬ​ចាំ​ត្រឹម​ណេះ​ទេ៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ