អានតួអត្ថបទ
ហូឡង់-បូស្នី-អ៊ែរហ្សេហ្គោវីន

ការសម្លាប់រង្គាល​នៅ​អតីត​យូហ្គោស្លាវី៖ តុលាការ​កំពូល​ហូឡង់​កាត់បន្ថយ​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល

តុលាការ​កំពូល​ហូឡង់ នៅ​ថ្ងៃ​សុក្រម្សិលមិញ​បាន​សម្រេច​ថា រដ្ឋាភិបាល​ហូឡង់​រួម​ចំណែក​ខុសត្រូវ​មួយផ្នែក​ក្នុង​រឿងសម្លាប់​រង្គាល​របស់​ទាហាន​ស៊ែប ទៅលើ​ប្រជាជន​អ៊ីស្លាម នៅ បូស្នី កាលពី​ឆ្នាំ ១៩៩៥។ ជារួម តុលាការ​កំពូល​ហូឡង់ បាន​សម្រេច​កាត់បន្ថយ ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ពី​៣០ភាគរយ មក​នៅ​ត្រឹម ១០ភាគរយ ប៉ុណ្ណោះ។ 

ប្រជាជន​បូស្នី​ធ្វើបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ការសម្លាប់​រង្គាល​ប្រព្រឹត្ត​ដោយ​ទាហាន​ស៊ែប នៅ ខេត្ត​Srebrenica នៅថ្ងៃទី ១១​កក្កដា​២០១៩
ប្រជាជន​បូស្នី​ធ្វើបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ការសម្លាប់​រង្គាល​ប្រព្រឹត្ត​ដោយ​ទាហាន​ស៊ែប នៅ ខេត្ត​Srebrenica នៅថ្ងៃទី ១១​កក្កដា​២០១៩ ©REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​២០១៧ ទៅតាម​បណ្តឹង​តវ៉ា​របស់​សមាគម​ម្តាយ​ជនរងគ្រោះ នៅក្នុង​ការសម្លាប់រង្គាល នៅ​អតីត យូហ្គោស្លាវី តុលាការ​ឧទ្ធរណ៍​ហូឡង់ បាន​រក្សា​ការសម្រេច​របស់​តុលាការ​ដំបូង ដែល​បាន​កាត់ទោស​រដ្ឋាភិបាល​ហូឡង់ ឲ្យ​មាន​ការរួមចំណែក​ទទួល​ខុសត្រូវ ៣០ភាគរយ ក្នុងរឿង​សម្លាប់រង្គាល​របស់​ទាហាន​ស៊ែប ទៅលើ​ប្រជាជនបូស្នី កាន់សាសនា​អ៊ីស្លាម កាលពី ២២​ឆ្នាំមុន។

សូមរំលឹកថា នៅក្នុង​បេសកកម្ម​រក្សា​សន្តិភាព នៅ​ក្នុង​អំឡុង​សង្រ្គាមស៊ីវិល​នៅ​អតីត​យូហ្គោស្លាវី ក្រុម​ទាហាន​មួកខៀវ មកពី​ប្រទេស​ហូឡង់ បាន​អនុញ្ញាត​ឲ្យ​ទាហាន​ស៊ែប​ចូល​ទៅ​ជម្លៀសយក​ជនភៀសខ្លួន ពី​ជំរំ​គ្រប់គ្រង​របស់ខ្លួន។ គេ​វាយតម្លៃ​ថា នៅក្នុង​ការសម្លាប់រង្គាល នៅ​ឆ្នាំ ១៩៩៥ ទាហាន​ស៊ែប​បាន​សម្លាប់​យ៉ាងព្រៃផ្សៃ មនុស្សប្រុស និង​ក្មេងប្រុស កាន់សាសនា​អ៊ីស្លាម ៨ពាន់នាក់ ដែលនៅក្នុង​នោះ មាន​៣៥០​នាក់ ជា​ជនភៀសខ្លួន ចេញពី​ជំរំ​គ្រប់គ្រង​ដោយ​ទាហានមួកខៀវ​ហូឡង់។

នៅក្រោយ​ការសម្លាប់រង្គាល សមាគម​ម្តាយ​របស់​ជនរងគ្រោះ នៅខេត្ត Srebrenica​បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​រដ្ឋាភិបាល​ហូឡង់ ក្នុង​បទ​ចាប់បញ្ជូន​ជនរងគ្រោះ ឲ្យ​ទៅ​ស្លាប់​ក្នុង​ដៃ​របស់​ទាហាន​ស៊ែប នៅ​ឆ្នាំ ១៩៩៥។ ព្រឹត្តិការណ៍​នេះ​នៅ​ដិត ជាប់​ជានិច្ច​ក្នុង​ប្រវត្តិសាស្រ្ត​ហូឡង់ ជាទី​ដែល​រដ្ឋាភិបាល​ហូឡង់ នៅ​សម័យ​នោះ បាន​ធ្លាក់​ចេញ​ពី​អំណាច នៅ​ឆ្នាំ ២០០២។

នៅថ្ងៃ​សុក្រ តុលាការ​កំពូល ហូឡង់​វាយតម្លៃ ជនរងគ្រោះ​ទាំងនោះ គួរ​តែ​អាច​បន្ត​ស្នាក់នៅ​ក្នុង​ជំរំ គ្រប់គ្រង​ដោយ​ទាហាន​មួកខៀវ ជាពិសេស​នៅពេល​គេ​ដឹងថា ជនភៀសខ្លួន​ទាំងនោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បាត់បង់ជីវិត នៅក្រៅ​ជំរំ​របស់​អង្គការ​សហប្រជាជាតិ។ សម្រាប់ តុលាការ​កំពូល​ហូឡង់ រដ្ឋាភិបាល​ហូឡង់ នៅ​សម័យនោះ ត្រូវ​ទទួល​ខុសត្រូវ​លើ​ការបាត់បង់ជីវិត​មនុស្ស នៅ​ក្នុង​ការសម្លាប់រង្គាល​នៅ​ Srebrenica ប៉ុន្តែ ការទទួលខុសត្រូវ របស់​រដ្ឋាភិបាល​ហូឡង់ គឺ​មានតែ​១០ភាគរយ​ប៉ុណ្ណោះ គឺ​មិនមែន ៣០ភាគរយ ដូចការសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​នោះទេ។

តុលាការ​កំពូល​ហូឡង់​បាន​កាត់បន្ថយ​ការទទួល​ខុសត្រូវ របស់​រដ្ឋាភិបាល​ហូឡង់ ពី ៣០មក​នៅ​ត្រឹម ១០​ភាគរយ​វិញ ក្នុង​ហេតុផលថា សំណាងរបស់​ជនភៀសខ្លួន ដើម្បី​គេចខ្លួន​ផុត​ពី​ការតាមប្រមាញ់​របស់​ទាហាន​ស៊ែប នៅ​បូស្នី គឺ​មាន​តិច​មែនទែន នៅ​ជំនាន់នោះ។

ក្រសួងការពារ​ជាតិ​ហូឡង់​នៅថ្ងៃ​សុក្រ​បាន​អះអាងថា គេ​ទទួល​យក​ការសម្រេចចិត្ត​របស់​តុលាការ កំពូល ក្នុង​រឿង​សងជម្ងឺចិត្ត​ដល់​ជនរងគ្រោះ។ ប៉ុន្តែ សម្រាប់​សមាគម​តំណាង​ម្តាយ​របស់ជនរងគ្រោះ នៅ​ Srebrenica ការសម្រេច​របស់​តុលាការ​ហូឡង់ ដែល​បន្ថយ​ការទទួល​ខុសត្រូវ សងជម្ងឺចិត្ត​ដល់​ជនរងគ្រោះ មកនៅ​ត្រឹម​១០ភាគរយ ការសម្រេចចិត្ត​របស់តុលាការ​ជា​ប្រមាថ​មើលងាយ ព្រោះថា នៅពេល​ជីវិត​ជនរងគ្រោះ​បាន​បាត់បង់ ១០០ភាគរយ នៅពេល​ត្រូវ​ចាប់បញ្ជូន​ចេញពី​ជំរំ​របស់​ទាហានមួកខៀវ ហូឡង់ គឺ​មិនមែន ១០ភាគរយ ដូចការសម្រេច​របស់តុលាការ​ហូឡង់ នៅពេលនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ