ការសម្លាប់រង្គាលនៅអតីតយូហ្គោស្លាវី៖ តុលាការកំពូលហូឡង់កាត់បន្ថយការទទួលខុសត្រូវរបស់រដ្ឋាភិបាល
តុលាការកំពូលហូឡង់ នៅថ្ងៃសុក្រម្សិលមិញបានសម្រេចថា រដ្ឋាភិបាលហូឡង់រួមចំណែកខុសត្រូវមួយផ្នែកក្នុងរឿងសម្លាប់រង្គាលរបស់ទាហានស៊ែប ទៅលើប្រជាជនអ៊ីស្លាម នៅ បូស្នី កាលពីឆ្នាំ ១៩៩៥។ ជារួម តុលាការកំពូលហូឡង់ បានសម្រេចកាត់បន្ថយ ការទទួលខុសត្រូវរបស់រដ្ឋាភិបាល ពី៣០ភាគរយ មកនៅត្រឹម ១០ភាគរយ ប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
នៅឆ្នាំ២០១៧ ទៅតាមបណ្តឹងតវ៉ារបស់សមាគមម្តាយជនរងគ្រោះ នៅក្នុងការសម្លាប់រង្គាល នៅអតីត យូហ្គោស្លាវី តុលាការឧទ្ធរណ៍ហូឡង់ បានរក្សាការសម្រេចរបស់តុលាការដំបូង ដែលបានកាត់ទោសរដ្ឋាភិបាលហូឡង់ ឲ្យមានការរួមចំណែកទទួលខុសត្រូវ ៣០ភាគរយ ក្នុងរឿងសម្លាប់រង្គាលរបស់ទាហានស៊ែប ទៅលើប្រជាជនបូស្នី កាន់សាសនាអ៊ីស្លាម កាលពី ២២ឆ្នាំមុន។
សូមរំលឹកថា នៅក្នុងបេសកកម្មរក្សាសន្តិភាព នៅក្នុងអំឡុងសង្រ្គាមស៊ីវិលនៅអតីតយូហ្គោស្លាវី ក្រុមទាហានមួកខៀវ មកពីប្រទេសហូឡង់ បានអនុញ្ញាតឲ្យទាហានស៊ែបចូលទៅជម្លៀសយកជនភៀសខ្លួន ពីជំរំគ្រប់គ្រងរបស់ខ្លួន។ គេវាយតម្លៃថា នៅក្នុងការសម្លាប់រង្គាល នៅឆ្នាំ ១៩៩៥ ទាហានស៊ែបបានសម្លាប់យ៉ាងព្រៃផ្សៃ មនុស្សប្រុស និងក្មេងប្រុស កាន់សាសនាអ៊ីស្លាម ៨ពាន់នាក់ ដែលនៅក្នុងនោះ មាន៣៥០នាក់ ជាជនភៀសខ្លួន ចេញពីជំរំគ្រប់គ្រងដោយទាហានមួកខៀវហូឡង់។
នៅក្រោយការសម្លាប់រង្គាល សមាគមម្តាយរបស់ជនរងគ្រោះ នៅខេត្ត Srebrenicaបានដាក់ពាក្យបណ្តឹងប្តឹងរដ្ឋាភិបាលហូឡង់ ក្នុងបទចាប់បញ្ជូនជនរងគ្រោះ ឲ្យទៅស្លាប់ក្នុងដៃរបស់ទាហានស៊ែប នៅឆ្នាំ ១៩៩៥។ ព្រឹត្តិការណ៍នេះនៅដិត ជាប់ជានិច្ចក្នុងប្រវត្តិសាស្រ្តហូឡង់ ជាទីដែលរដ្ឋាភិបាលហូឡង់ នៅសម័យនោះ បានធ្លាក់ចេញពីអំណាច នៅឆ្នាំ ២០០២។
នៅថ្ងៃសុក្រ តុលាការកំពូល ហូឡង់វាយតម្លៃ ជនរងគ្រោះទាំងនោះ គួរតែអាចបន្តស្នាក់នៅក្នុងជំរំ គ្រប់គ្រងដោយទាហានមួកខៀវ ជាពិសេសនៅពេលគេដឹងថា ជនភៀសខ្លួនទាំងនោះអាចប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត នៅក្រៅជំរំរបស់អង្គការសហប្រជាជាតិ។ សម្រាប់ តុលាការកំពូលហូឡង់ រដ្ឋាភិបាលហូឡង់ នៅសម័យនោះ ត្រូវទទួលខុសត្រូវលើការបាត់បង់ជីវិតមនុស្ស នៅក្នុងការសម្លាប់រង្គាលនៅ Srebrenica ប៉ុន្តែ ការទទួលខុសត្រូវ របស់រដ្ឋាភិបាលហូឡង់ គឺមានតែ១០ភាគរយប៉ុណ្ណោះ គឺមិនមែន ៣០ភាគរយ ដូចការសម្រេចរបស់តុលាការឧទ្ធរណ៍នោះទេ។
តុលាការកំពូលហូឡង់បានកាត់បន្ថយការទទួលខុសត្រូវ របស់រដ្ឋាភិបាលហូឡង់ ពី ៣០មកនៅត្រឹម ១០ភាគរយវិញ ក្នុងហេតុផលថា សំណាងរបស់ជនភៀសខ្លួន ដើម្បីគេចខ្លួនផុតពីការតាមប្រមាញ់របស់ទាហានស៊ែប នៅបូស្នី គឺមានតិចមែនទែន នៅជំនាន់នោះ។
ក្រសួងការពារជាតិហូឡង់នៅថ្ងៃសុក្របានអះអាងថា គេទទួលយកការសម្រេចចិត្តរបស់តុលាការ កំពូល ក្នុងរឿងសងជម្ងឺចិត្តដល់ជនរងគ្រោះ។ ប៉ុន្តែ សម្រាប់សមាគមតំណាងម្តាយរបស់ជនរងគ្រោះ នៅ Srebrenica ការសម្រេចរបស់តុលាការហូឡង់ ដែលបន្ថយការទទួលខុសត្រូវ សងជម្ងឺចិត្តដល់ជនរងគ្រោះ មកនៅត្រឹម១០ភាគរយ ការសម្រេចចិត្តរបស់តុលាការជាប្រមាថមើលងាយ ព្រោះថា នៅពេលជីវិតជនរងគ្រោះបានបាត់បង់ ១០០ភាគរយ នៅពេលត្រូវចាប់បញ្ជូនចេញពីជំរំរបស់ទាហានមួកខៀវ ហូឡង់ គឺមិនមែន ១០ភាគរយ ដូចការសម្រេចរបស់តុលាការហូឡង់ នៅពេលនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ